ក្រុមអ្នករិះគន់និងសកម្មជនគណបក្សប្រឆាំង គឺជាគោលដៅបង្ក្រាបរបស់រដ្ឋាភិបាល។ អ្នកទាំងនេះ ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់។ ក៏ប៉ុន្តែក្រុមឈ្មួញ ដែលជាប់សង្ស័យក្នុងអំពើទុច្ចរិតមួយចំនួន បែរជារដ្ឋាភិបាលការពារទៅវិញ។
តើហេតុអ្វីបានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនចាប់ខ្លួនពួកគេ?
មេដឹកនាំគណបក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមសង្ស័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាអ្នកនៅពីក្រោយក្រុមឈ្មួញទុច្ចរិត ដើម្បីឲ្យពួកគេជួយពង្រឹងអំណាចសេដ្ឋកិច្ចក្រុមគ្រួសាររបស់ត្រកូល ហ៊ុន។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចោទ លោក ហ៊ុន ម៉ាណែត ថា កំពុងនៅពីក្រោយក្រុមឈ្មួញទុច្ចរិត ដែលបង្កើតប្រព័ន្ធឆបោកនៅកម្ពុជា។ ក្នុងបទសម្ភាសន៍ជាមួយលោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៦ មេសា លោក សម រង្ស៊ី បានលើកឧទាហរណ៍ជាក់ស្ដែង គឺក្រុមហ៊ុនស៊ីអាយស៊ី (CIC) ដែលដឹកនាំដោយលោក គុយ វ៉ាត ជាក្រុមហ៊ុនបោកលុយអ្នកចូលហ៊ុនវិនិយោគរាប់សិបលានដុល្លារ។
លោក សម រង្ស៊ី៖ «ក្រុមហ៊ុនCICនៅប្រទេសកម្ពុជា ដែលឆបោកប្រជាពលរដ្ឋហ្នឹង គឺយកទៅឲ្យ ឬយកសូកអ្នកមានអំណាចនៅស្រុកខ្មែរ។ តាមខ្ញុំដឹងគ្មានអ្នកណាក្រៅពីត្រកូល ហ៊ុន មានលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ហ្នឹងទេ ដែលទទួលលុយពីក្រុមហ៊ុនCIC។ អ៊ីចឹងហើយបានជាលោក ហ៊ុន ម៉ាណែត គាត់ការពារ។ រដ្ឋអំណាចនៅស្រុកខ្មែរគឺជា រដ្ឋអាណាចក្រចោរ»។
ការចោទប្រកាន់របស់លោក សម រង្ស៊ី នេះធ្វើឡើង នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងការពារក្រុមឈ្មួញមួយចំនួន រួមទាំងម្ចាស់បុរីសង់ផ្ទះលក់ផង។ លោក ហ៊ុន ម៉ាណែត ថ្លែងនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរថា រដ្ឋាភិបាលរបស់លោកមិនចេះតែចាប់ក្រុមឈ្មួញនោះទេ។
លោក ហ៊ុន ម៉ាណែត៖ «រដ្ឋាភិបាលពិតណាស់ មិនងាកចាប់ៗ នោះទេ ត្រូវធ្វើយ៉ាងណា គោលដៅធំបំផុតដោះស្រាយជូនអតិថិជន ហើយយ៉ាងម៉េចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នឹងមានលំនឹងដោះស្រាយជូនទៀត»។
បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត បានប្រៀបធៀបរឿងថា លោកមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ គឺត្រូវធ្វើយ៉ាងណាឲ្យមេមាន់រស់ ដើម្បីយកពងមាន់។ លោក ហ៊ុន ម៉ាណែត មិនបានចាត់ទុកម្ចាស់ក្រុមហ៊ុនមួយចំនួន ដែលជាប់សង្ស័យថា បានបោកប្រាស់ប្រជាពលរដ្ឋនេះ គឺហាក់មានស្តង់ដារពី។
លោក ហ៊ុន ម៉ាណែត៖«យើងមិនអាចយករូបមន្តសម្លាប់មេមាន់នោះទេ ហើយត្រូវធ្វើយ៉ាងម៉េចឲ្យមេមាន់នៅរស់ យកពងមាន់មកចែកជូនប្រជាពលរដ្ឋ។ នេះជាគោលដៅធំ»។
សម្រាប់សកម្មជនសង្គម ដែលធ្វើសកម្មភាព ដើម្បីលើកស្ទួយសិទ្ធិមនុស្ស និងសកម្មជនគណបក្សប្រឆាំង ដែលគេមើលឃើញថា មិនបានប្រព្រឹត្តខុសច្បាប់ បែរជាអាជ្ញាធររបស់លោក ហ៊ុន ម៉ាណែត ចាប់ខ្លួនដាក់ពន្ធនាគារឥតស្រាកស្រាន្ត និងគ្មានត្រាប្រណីឡើយ ដូចជា លោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវ័ន្តខ្មែរជាដើម។
អ្នកអធិប្បាយពីបញ្ហានយោបាយ លោក គឹម សុខ មានប្រសាសន៍ថា ការប្រកាសរបស់លោក ហ៊ុន ម៉ាណែត នេះ គឺបង្ហាញឲ្យឃើញកាន់តែច្បាស់ថា ជាយុទ្ធសាស្ត្រការពារឧក្រិដ្ឋជន មិនមែនការពារប្រជាពលរដ្ឋរងគ្រោះឡើយ។
លោក គឹម សុខ៖ «ទីមួយ ទុកឲ្យពួកមេមាន់ដើររកស៊ី ដែលជាប់ឈ្មោះជាអ្នកឆបោក ឬប្រព្រឹត្តិឧក្រិដ្ឋកម្ម ស្មើនឹង ទុកឲ្យពួកគេដើរឆបោកទៀត នេះគឺប៉ះពាល់ដល់ប្រសិទ្ធភាពដល់ការអនុវត្ត ច្បាប់។ ទីពីរ ការពារពួកមេមាន់ឧក្រិដ្ឋឲ្យមានសេរីភាពផុតពីការទទួលខុសត្រូវ ធ្វើឲ្យប៉ះពាល់ដល់អ្នកវិនិយោគល្អៗ និងទីបី ធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធ ហិរញ្ញវត្ថុ ទាំងមូលតែម្ដង»។
ទាក់ទងនឹងបញ្ហានេះវិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសួរអំពីបញ្ហានេះបាននៅឡើយទេ នៅថ្ងៃទី១៧ មេសា។
រីឯអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា រដ្ឋាភិបាលមិនចាប់ម្ចាស់ក្រុមហ៊ុនវិនិយោគទាំងនោះ មិនមែនមានន័យថា រដ្ឋាភិបាលការពារក្រុមឈ្មួញទាំងនោះទេ ផ្ទុយទៅវិញជាការបើកឱកាសឲ្យម្ចាស់ក្រុមហ៊ុនទាំងនោះ បន្តសកម្មភាពរបស់ខ្លួន ដើម្បីរកលុយមកសងប្រជាពលរដ្ឋ។ លោក សុខ ឥសាន អះអាងបន្តថា ដូចជា បុរី ឡេង ណាវ៉ាត្រា កំពុងសាងសង់ផ្ទះជូនប្រជាពលរដ្ឋជាបណ្ដើរៗ ហើយ។
លោក សុខ ឥសាន៖ «សួរថា បើចាប់ទៅបានផលប្រយោជន៍អ្វីខ្លះ?បើមិនចាប់ វាមានផលប្រយោជន៍អ្វីខ្លះ?អ៊ីចឹងយើងត្រូវប្រៀបធៀបគ្នា។ បើចាប់ទៅវាចប់ត្រឹងហ្នឹងតែម្ដង។ អីចឹងទេ លុយដែលបាត់បង់សម្រាប់អ្នករងគ្រោះ ហ្នឹងអត់បានទទួលវិញទេ។ អ៊ីចឹងទេ គេទុកមេហ្នឹងសម្រាប់ស្រាវជ្រាវរកទ្រព្យសម្បត្តិមកសងពលរដ្ឋ»។
ទោះបីជាបែបនេះក្ដី លោក សម រង្ស៊ី បន្ថែមថា លោក ហ៊ុន ម៉ាណែត ថ្លែងការពារមេមាន់ ដើម្បីបើកឱកាសឲ្យមេមាន់ ដែលខូចនោះ ធ្វើសកម្មភាពបោកប្រាស់បន្តទៀត។ លោកអះអាងថា អ្នកបោកប្រាស់គេអាចផ្លាស់ប្ដូររូបភាពផ្សេងៗ ដូចជា ការផ្លាស់ប្ដូរឈ្មោះក្រុមហ៊ុនជាដើម។
លោក សម រង្ស៊ី៖ «ខ្ញុំស្ដាយណាស់ ដែលនិយាយបែបនេះ មិនងាយរកឃើញទេ មិនងាយប្រមូលលុយ ដែលគេលួចពីយើង សងយើងវិញទេ។ អ្វីដែល ហ៊ុន ម៉ាណែត និយាយនេះ គាត់ចង់ចំណេញពេល ចង់ការពារកូនចោរ ដែលបានលួចលុយមកឲ្យគាត់ជាមេចោរជាមួយ ហ៊ុន សែន។ អ៊ីចឹងហើយបានជាគាត់បន្លំថា ទុកមេមាន់ទៅរកពងមកឲ្យ។ និយាយដូច្នេះឆ្កួតសុទ្ធ»។
លោក ហ៊ុន ម៉ាណែត ការប្រកាសការពារក្រុមឈ្មួញជាប់សង្ស័យ ក្នុងអំពើឆបោកមួយចំនួននេះ គឺធ្វើឡើងស្របពេលរឿងអាស្រូវរបស់គណៈគ្រប់គ្រងក្រុមហ៊ុនស៊ីអាយស៊ី (CIC) កំពុងផ្ទុះឡើង ជាប់សង្ស័យក្នុងការបោកប្រាស់លុយរបស់ម្ចាស់ភាគហ៊ុនវិនិយោគ និងម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមួយចំនួន។
ក្រុមហ៊ុនអចលនទ្រព្យធំៗ ទាំងនោះ រួមមាន បុរីពិភពថ្មីរបស់ឧកញ៉ា ហុង ពីវ ដែលរឹបអូសផ្ទះពីប្រជាពលរដ្ឋវិញ ក្រោយពីពួកគេមិនមានលទ្ធភាពបង់ប្រាក់រំលស់បន្ត ដោយក្រុមហ៊ុនមិនប្រគល់ប្រាក់មួយចំនួនជូនពលរដ្ឋវិញ តាមកិច្ចសន្យា។
ចំណែក បុរី ឡេង ណាវ៉ាត្រា ដែលបានប្រមូលលុយពីអ្នកទិញ មុនពេលសាងសង់ ហើយក្រោយ ពីបានប្រមូលលុយគ្រប់ចំនួនហើយ មកទល់ពេលនេះ អតិថិជនមួយចំនួនមិនទទួលបានផ្ទះតាមការចុះកិច្ចសន្យាឡើយ។ តែទន្ទឹមគ្នានោះ លោក ឡេង ណាវ៉ាត្រា ប្រគល់លុយសុទ្ធរាប់សែនដុល្លារឲ្យទៅអតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងភរិយារបស់លោក។ ទោះបីជាពលរដ្ឋធ្លាប់ចេញតវ៉ាទាមទារផ្ទះ ទារសងលុយវិញយ៉ាងណាក៏ដោយ ក៏គ្មានអាជ្ញាធរ ឬតុលាការចេញដីកាកោះហៅសួរនាំអ្វីដែរ។ ខុសពីសកម្មជនសង្គម និងសកម្មជនគណបក្សប្រឆាំង ដែលធ្វើសកម្មភាពទាមទារសិទ្ធិ សេរីភាព ស្របតាមច្បាប់ក្ដី ក៏តុលាការអាចចេញដីកាចាប់ខ្លួន និងចោទប្រកាន់ពីបទបង្កអសន្តិសុខសង្គមបានងាយដូចបកចេក។
រីឯម្ចាស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) អ្នកស្រី ឡេង ចាន់ណា បានប្រមូលលុយ ពីប្រជាពលរដ្ឋប្រមាណ ៨០០នាក់ ដែលមានទឹកប្រាក់សរុបជាង ៣០០លានដុល្លារ។ ករណីនេះ តុលាការបានចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា ដាក់ពន្ធនាគារ ក្រោយពីប្រជាពលរដ្ឋចេញតវ៉ាជាទ្រង់ទ្រាយធំ។ ករណីនេះ បានត្រឹមតែចាប់ខ្លួនអ្នកស្រី ឡេង ចាន់ណា ដាក់ពន្ធនាគារទេ មកទល់ពេលនេះ គ្មានអ្នកទទួលខុសត្រូវ ឬរឹបអូសយកទ្រព្យសម្បត្តិ ម្ចាស់ក្រុមហ៊ុននេះ យកមកសងពលរដ្ឋវិញឡើយ។
នៅមុនពេលចាប់ខ្លួន អ្នកស្រី ឡេង ចាន់ណា បានថ្លែងនៅក្នុងវីឌីអូខ្លីមួយ ដែលបែកធ្លាយនៅលើបណ្ដាញសង្គម ដោយអះអាងប្រាប់បុគ្គលិករបស់ខ្លួនថា កុំព្រួយបារម្ភ ក្រុមហ៊ុនរបស់អ្នកស្រីមានលោក ហ៊ុន ម៉ាណែត ជាបង្អែក។
អ្នកស្រី ឡេង ចាន់ណា៖ «អ្នកណាធ្វើអី ក៏គាត់ការពារបាន ហើយអ្នកណាធ្វើអី ក៏គាត់ការពារបានដែរ។ អត់មានអ្នកណាគាត់ការពារអត់បានទេ ហើយសម្ដេច ហ៊ុន ម៉ាណែត គាត់បានផ្ដាំរួច ជាស្រេចជាមួយនឹងបងបូរ៉ាត់...ដាច់ខាតការពារក្រុមហ៊ុននេះឲ្យស្របច្បាប់»។
ក្រៅពីនេះទៀត គេឃើញរូបថតរបស់អ្នកស្រី ឡេង ចាន់ណា ជាច្រើន ពាក់អាវគណបក្សប្រជាជនកម្ពុជាឈរថតជាមួយលោក ហ៊ុន ម៉ាណែត ជាដើម។
មេបក្សប្រឆាំង និងអ្នកឃ្លាំមើលពីបញ្ហាសង្គមអះអាងថា របបដឹកនាំដោយត្រកូល ហ៊ុន ពឹងអាស្រ័យលើក្រុមឈ្មួញទុច្ចរិតជាប្រភពចំណូលសេដ្ឋកិច្ចដ៏សំខាន់ ដើម្បីពង្រឹងអំណាចសេដ្ឋកិច្ចក្រុមគ្រួសាររបស់ពួកគេ។ បញ្ហានេះហើយ ទើបលោក ហ៊ុន ម៉ាណែត ចេញមុខការពារក្រុមឈ្មួញទាំងនោះ។ ក្រៅពីការពារហើយនោះ មានឧកញ៉ាមួយចំនួន ត្រកូល ហ៊ុន ថែមទាំងផ្ដល់តួនាទីថែមទៀតផង។ ជាក់ស្ដែង អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកមេឈ្មួញកាប់ព្រៃឈើ លោក ទ្រី ភាព មកបំពាក់តួនាទីជាទីប្រឹក្សាប្រធានព្រឹទ្ធសមាជិកថែមទៀតផង។
ឧកញ៉ាមួយចំនួនទៀត ដែលធ្លាប់មានរឿងអាស្រូវបណ្ដេញពលរដ្ឋចេញពីលំនៅឋាន ដូចជាឧកញ៉ា ឡៅ ម៉េងឃិន និងឧកញ៉ា ម៉ុង ឫទ្ធី ដែលធ្លាប់មានឈ្មោះ ជួញដូរគ្រឿងញៀន កាលពីទស្សវត្សឆ្នាំ១៩៩០ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
