ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកាន់តែកៀក ពលរដ្ឋខ្មែរតែងនាំគ្នាទៅលេងស្រុកកំណើតជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូនសប្បាយរីករាយ។ ប៉ុន្តែក្រុមស្ត្រីថ្ងៃសុក្រវិញ បែរជាពោរពេញដោយសេចក្ដីទុក្ខសោកក្នុងចិត្ត ដោយសារតែស្វាមីរបស់ពួកគាត់ ដែលជាសកម្មជនគណបក្សប្រឆាំងបន្តជាប់ពន្ធនាគារក្នុងរឿងនយោបាយ។ ក្រុមស្ត្រីទាំងនេះប្រមាណ ១០នាក់ បន្តតវ៉ានៅមុខស្ថានទូតម៉ាឡេស៊ីក្នុងរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋាភិបាលម៉ាឡេស៊ីជួយអន្តរាគមន៍ដោះលែងសមាជិកគ្រួសាររបស់ពួកគាត់វិញ។
ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកថ្ងៃទី១១ មេសា បាននាំគ្នាតវ៉ា នៅមុខស្ថានទូតម៉ាឡេស៊ីជាថ្មីទៀត ដើម្បីតាមដានញត្តិរបស់ពួកគាត់ ដែលស្នើឱ្យឯកអគ្គរាជទូតម៉ាឡេស៊ី លោក អេលឌីន ហូសៃនី មូហាហ្ស៊ីម (Eldeen Husaini Mohd Hashim) អន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឱ្យដោះលែងសមាជិកគ្រួសាររបស់ពួកគាត់ ដែលកំពុងជាប់ពន្ធនាគារ ដោយអយុត្តិធម៌ជាច្រើនខែមកហើយ។ ក្រុមស្ត្រីទាំងនេះ ខកចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីស្ថានទូតម៉ាឡេស៊ីនៅតែមិនចេញមក សួរនាំពួកគាត់ ខណៈពួកគាត់បានតវ៉ា និងដាក់ញត្តិជាលើកទី៤ ហើយ។
ប្រពន្ធសកម្មជនបក្សប្រឆាំងលោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន ប្រាប់វិទ្យុអាស៊ីសេរីថា បំណងសំខាន់នៃការតវ៉ានេះ ដើម្បីតាមដានញត្តិរបស់ពួកគាត់ថា តើបានដល់ដៃឯកអគ្គរាជទូតម៉ាឡេស៊ីហើយ ឬនៅ? ប៉ុន្តែពុំឃើញមាន មន្ត្រីស្ថានទូតណាមកជួបពួកគាត់នោះទេ។ លោកស្រីប្រកាសជំហរថា នឹងបន្តតវ៉ារហូតទាល់តែមានដំណឹង ពីញត្តិរបស់ពួកគាត់ ដែលទាមទារឱ្យប្រទេសសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង ២៣ តុលា ឆ្នាំ១៩៩១ មួយនេះ អន្តរាគមន៍ទៅរដ្ឋាភិបាល ឱ្យដោះលែងប្ដីលោកស្រី និងអ្នកនយោបាយដទៃទៀត ដែលកំពុងជាប់គុក ដោយអយុត្តិធម៌៖ «ស្ថានទូតម៉ាឡេស៊ី ធ្វើមិនដឹងមិនឮ មិនអើពើតើមានបញ្ហាអ្វី ? ខ្ញុំឆ្ងល់ និងព្រួយបារម្ភ តើអ្នកទោសនយោបាយ មានបញ្ហាអ្វី បើគេកាត់ជាង ៣ឆ្នាំ។ គាត់នៅក្នុងហ្នឹង សុខភាពគាត់មិនល្អទេ ហើយឈឺជាប្រចាំ»។
ក្រុមស្រ្តីទាំងនោះពាក់អាវយឺតពណ៌ស តាំងរូបសកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ ដោយពួកគាត់បានលើកបដាតវ៉ាសរសេរជាភាសាខ្មែរ និងភាសាអង់គ្លេសភ្ជាប់ពាក្យស្លោកថា យុត្តិធម៌ត្រូវតែមានដល់អ្នកស្នេហាជាតិដាច់ខាត។ រីឯសមត្ថកិច្ចរាជធានីភ្នំពេញជាច្រើននាក់ បានពង្រាយឃ្លាំមើលពួកគាត់ ប៉ុន្តែពុំមានការប៉ះទង្គិចដោយហិង្សានោះទេ ហើយពួកគាត់បានត្រឡប់ផ្ទះវិញនៅម៉ោង ១១ ព្រឹកថ្ងៃដដែល៖ «ដោះលែង ...! ម៉ាឡេស៊ីហត្ថលេខី ២៣ តុលា ... ។
នៅរសៀលថ្ងៃដដែលនេះមានក្រុមស្ត្រីមួយចំនួន បាននាំគ្នាទៅសួរសុខទុក្ខប្ដីនៅពន្ធនាគារព្រៃសបន្តទៀត។ ក្រុមស្រ្តីទាំងនេះទ្រហោយំអាណិតអាសូរដល់អ្នកជាប់ឃុំ ជាសកម្មជនគណបក្សប្រឆាំង ដែលជាប់ពន្ធនាគារទាំងគ្មានកំហុស ថ្ងៃកៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរ ពុំបានចួបជុំក្រុមគ្រួសារនៅស្រុកកំណើត។ ពួកគាត់ឱ្យដឹងថា មានសកម្មជនគណបក្សប្រឆាំងខ្លះ ដែលកំពុងជាប់ឃុំធ្លាក់ខ្លួនឈឺ និងស្គមស្លេកស្គាំង ដោយសារការរស់នៅក្នុងពន្ធនាគារចង្អៀនណែន និងខ្វះទឹកស្អាតប្រើប្រាស់។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានសាលាដំបូងរាជធានីភ្នំពេញលោក តាំង ស៊ុនឡាយ បានទេ នៅថ្ងៃទី១១ មេសា ដោយទូរស័ព្ទចូលជាច្រើនដងពុំមានអ្នកទទួល។ រីឯអ្នកនាំពាក្យស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចសុំអត្ថាធិប្បាយបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា ស្ថានទូតម៉ាឡេស៊ីជាសមាជិកអាស៊ាន គួរតែរួមចំណែកឈឺឆ្អាលពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ ដោយអន្តរាគមន៍ទៅរដ្ឋាភិបាលតាមដែលអាចធ្វើទៅបាន ដើម្បីឱ្យពលរដ្ឋដាក់ញត្តិនេះ មានទំនុកចិត្ត និងកក់ក្តៅ ចំពោះប្រទេសសេរីប្រកាន់លទ្ធិប្រជាធិបតេយ្យ និងជាសមាជិកហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១៖ «ណាមួយទូតម៉ាឡេស៊ី ជាប្រទេសជាសមាជិកម្ចាស់ហត្ថលេខីសន្តិភាពក្រុងប៉ារីសដែរ រាល់ការរំលោភបំពានសិទ្ធិមនុស្ស និងសិទ្ធិនយោបាយ គួរតែរួមចំណែក សុខទុក្ខពលរដ្ឋកម្ពុជាថា ខ្លួននឹងធ្វើអ្វីបង្ហាញឆន្ទៈរបស់ខ្លួន ករណី និង សំណុំរឿង សកម្មជននយោបាយទាំងអស់ហ្នឹង»។
បច្ចុប្បន្នមានសកម្មជនបក្សប្រឆាំង និងអ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប្រមាណ ៥០នាក់កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស ក្នុងនោះសកម្មជនមួយចំនួនត្រូវបានតុលាការក្រុងភ្នំពេញកាត់ក្ដីដាក់ពន្ធនាគារ ៥ឆ្នាំ ប៉ុន្តែឱ្យអនុវត្តទោស ៣ឆ្នាំ ៨ខែ ហើយទោសនៅសល់ព្យួរ។ សកម្មជនចំនួនទៀតកំពុងដំណើរការក្ដីក្ដាំ ពីបទញុះញង់ រួមគំនិតក្បត់ និងញុះញង់មិនឱ្យយោធិនស្តាប់បង្គាប់ ពាក់ព័ន្ធនឹងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្សី កាលពីចុងឆ្នាំ២០១៩ និងយុទ្ធនាការបង្កើតចលនាសង្គ្រោះជាតិនៅក្រៅប្រទេសកាលពីឆ្នាំ២០១៨។
អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើនស្ថាប័នបានចាត់ទុករឿងក្ដីក្ដាំនេះថា ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងស្នើសុំតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់និងដោះលែងជនជាប់ឃុំទាំងនោះឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។