ក្រុមយុវជន និងពលរដ្ឋចាត់ទុកថា ការបណ្ដោយឲ្យពលរដ្ឋវៀតណាមចូលមករស់នៅលើកដីខ្មែរ តាមបណ្ដោយព្រំដែនច្រើនស្អេកស្កះ នឹងធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីបន្តទៀតនៅថ្ងៃអនាគត។ តំបន់ដែលប្រជាជនវៀតណាមរស់នៅច្រើនរួមមាន តំបន់ថ្មបីដុំ ក្នុងខេត្តតាកែវ តំបន់ក្អមសំណ តំបន់ជ្រៃធំ ភូមិប៉ាកណាម ក្នុងខេត្តកណ្ដាល និងក្រុងបាវិត នៅខេត្តស្វាយរៀង។
ក្រុមយុវជន និងពលរដ្ឋ បារម្ភពីហានិភ័យជាច្រើន ដែលធ្វើឱ្យកម្ពុជាងាយនឹងរបូតដីទៅវៀតណាមគ្រប់គ្រងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម ជាពិសេស នៅខេត្តមួយចំនួន រួមមានខេត្តតាកែវ ខេត្តកណ្ដាល ព្រៃវែង និងខេត្តស្វាយរៀងជាដើម។ ក្រុមយុវជនអះអាងថា ពួកគេបានចុះទៅស្រាវជ្រាវផ្ទាល់នៅតំបន់នោះ ហើយរកឃើញថា មានជនអន្តោប្រវេសន៍វៀតណាម ចូលមករស់នៅលើដីខ្មែរ និងតាំងទីលំនៅដោយខុសច្បាប់ លើកទឹកដីខ្មែរជាច្រើនឆ្នាំមកហើយ មកទល់ពេលនេះនៅតែគ្មានដំណោះស្រាយជាវិជ្ជមាននៅឡើយទេ ពីសំណាក់អាជ្ញាធរកម្ពុជា។
សមាជិកក្រុមការងារ ១០០រាត្រី លោក ស៊ឺន ពិសិទ្ធិ ឱ្យដឹងនៅថ្ងៃទី១៩ ខែតុលា ថា រដ្ឋាភិបាលគ្មានឆន្ទៈដោះស្រាយរឿងនេះទាល់តែសោះ បើទោះបីពួកគេ បានចុះប្រមូលព័ត៌មាន និងផ្សាយវីដេអូ បង្ហាញតឹកតាងមួយចំនួន ដែលបញ្ជាក់ថា មានពលរដ្ឋវៀតណាមជាង ៩០ភាគរយរស់នៅខុសច្បាប់ នៅតំបន់ថ្មបីដុំ ក្នុងស្រុកបុរីជលសា ខេត្តតាកែវ។ លោកគិតថា ការធ្វេសប្រហែលរបស់រដ្ឋាភិបាល នឹងបង្កឱ្យកម្ពុជារបូតដី តាមបណ្ដោយព្រំដែននៅថ្ងៃអនាគត៖ «នៅតំបន់ហ្នឹងខ្ញុំធ្លាប់ចុះទៅ និងមានឯកសារធ្លាប់ធ្វើមាន គឺពលរដ្ឋវៀតណាមស្ទើរទាំងអស់ មករកស៊ីចេញចូល ដោយខុសច្បាប់ ហើយអាជ្ញាធរខ្មែររបស់យើង គ្មានសមត្ថភាពគ្រប់គ្រងតំបន់នោះបាន។ ការគ្រប់គ្រងកម្សោយរបៀបហ្នឹង មានហានិភ័យខ្ពស់មែនទែន»។
លោក ស៊ឺន ពិសិទ្ធិ បង្ហាញក្ដីបារម្ភយ៉ាងខ្លាំងថា ប្រសិនបើរដ្ឋាភិបាលនៅតែអូសបន្លាយពេល មិនដោះស្រាយបញ្ហានេះ កម្ពុជានឹងលំបាកទាមទារដីនៅតំបន់នោះពីភាគីវៀតណាម។ លោកថា ល្បិចឈ្លានពានទឹកដី គឺសំណាក់រដ្ឋាភិបាលវៀតណាមមានគ្រប់រូបភាព រួមមាន ការបំពានដោយបញ្ជូនប្រជាជនវៀតណាម ឱ្យមករស់នៅតាមព្រំដែន ដើម្បីរំកិលព្រំដែន សកម្មភាពទិញដី និងជួលដីស្រែពីពលរដ្ឋខ្មែរ និងការសង់ផ្នូរខ្មោចច្រើនស្អេកស្កះនៅតាមបណ្ដោយព្រំដែនជាដើម៖ «ចាញ់ប្រៀបវៀតណាមច្រើន វាជាវិធីសាស្ត្រ ក្នុងការទន្ទ្រានយកដីខ្មែរដោយសារតែ ការដឹកនាំឆ្លុះបញ្ចាំងពីភាពខ្សោយរបស់មេដឹកនាំរបស់យើង រឿងបូរណភាពទឹកដី យើងចាញ់ប្រៀបច្រើនណាស់។ ផ្លូវគមនាគម ហេដ្ឋារចនាសម្ព័ន្ធ និងបទដ្ឋានរដ្ឋបាលយើងខ្សោយណាស់»។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកថា កំពុងជាប់រវល់ប្រជុំ៖ «កំពុងជាប់ប្រជុំបាទ សុំអធ្យាស្រ័យ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន និងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីសុំការអធិប្បាយរឿងនេះដែរ តែទូរស័ព្ទហៅចូលគ្មានអ្នកទទួលនៅថ្ងៃទី១៩ តុលា។
កន្លងទៅ ក្រុមការងារ ១០០រាត្រី បានផ្សាយរបាយការណ៍ស្រាវជ្រាវ រកឃើញថា តំបន់ថ្មបីដុំ ឋិតនៅភូមិថ្មបីដុំ ឃុំកំពង់ក្រសាំង ស្រុកបុរីជលសាខេត្តតាកែវ មានជនជាតិវៀតណាម រស់នៅខ្ពស់បំផុតជាង ៩០ភាគរយ ប្រើភាសាវៀតណាមស្ទើរទាំងអស់។ ពួកគេបានបង្ហាញភស្តុតាងមួយចំនួន ឆ្លុះបញ្ចាំងថា តំបន់នោះគ្រប់គ្រងដោយអាជ្ញាធរវៀតណាមរួមមាន រចនាបថសាងសង់អគារ ផ្ទះសម្បែង ស្លាកយីហោរកស៊ី មានលក្ខណៈវៀតណាម និងមានពលរដ្ឋវៀតណាមចេញចូលដោយសេរី។ ក្រុមយុវជនថា ពុំឃើញមានប៉ុស្តិ៍ត្រួតពិនិត្យទេនៅខាងទឹកដីខ្មែរ នៅចន្លោះបង្គោលព្រំដែនពីលេខ ២៦៥ ដល់ ២៧៥ និងគ្មានផ្លូវធ្វើដំណើរទៅកាន់ភូមិនោះឡើយ ដែលផ្ទុយពីខាងទឹកដីវៀតណាម មានហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់តភ្ជាប់ភូមិថ្មបីដុំ ចូលទៅខាងក្នុងប្រទេសរបស់វៀតណាម។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ និងជាសមាជិកក្រុមការងារ ១០០រាត្រី លោក មួង សូនី ដែលធ្លាប់ចុះដល់តំបន់នោះ ផ្ដល់ទស្សនៈថា រដ្ឋាភិបាលត្រូវបង្កើតប៉ុស្តិ៍យាមព្រំដែននៅទីនោះ និងមានប្រព័ន្ធរដ្ឋបាលគ្រប់គ្រងតំបន់នោះឱ្យច្បាស់លាស់ ជាពិសេសត្រូវស្រង់ស្ថិតិជនជាតិវៀតណាមដែលកំពុងរស់ តាមបណ្ដោយព្រំដែន នៅចំណុចក្អមសំណ តំបន់ជ្រៃធំ និងភូមិប៉ាក់ណាម នៅខេត្តកណ្តាល។ លោកបន្ថែមថា មន្ត្រីជំនាញ ដែលទៅឈរជើងនៅតំបន់នោះ ត្រូវមានជំនាញច្បាស់លាស់ និងមានឆន្ទៈរឹងមាំ ការពារអធិបតេយ្យជាតិរបស់ខ្លួន។ លើសពីនេះ អាជ្ញាធរខ្មែរត្រូវមានវិធានការអនុវត្តច្បាប់ លើជនអន្តោប្រវេសន៍វៀតណាម ដែលរស់នៅខុសច្បាប់ ឱ្យបានម៉ឺងម៉ាត់៖ «រឿងវៀតណាមចូលមករស់នៅតាមបណ្ដោយព្រំដែន ពុំមែនជារឿងមួយ ដែកកើតឡើងដោយ វៀតណាមចូលមកបែបរកស៊ី ធ្វើអាជីវកម្ម និងជនភាសន៍ខ្លួនទេ។ ខ្ញុំមើលទៅ ទំនងជារឿងនយោបាយច្រើនជាង ព្រោះតំបន់នោះជាភូមិដែលវៀតណាមទាមទារ»។
ប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ធ្លាប់ប្រាប់អាស៊ីសេរីថា តំបន់ថ្មបីដុំ ឋិតក្រោមការគ្រប់គ្រងរបស់កម្ពុជា។ លោកថា មានហេតុផលមួយវចំនួន ដែលតំបន់នោះ មិនឋិតក្នុងទឹកដីវៀតណាម រួមមាន កម្ពុជាមានច្រកថ្មបីដុំ មានកាស៊ីណូថ្មបីដុំ មានអ្នកតាថ្មបីដុំ មានព្រំដែនច្រកថ្មបីដុំ និងមានរដ្ឋបាលឃុំច្បាស់លាស់។ ទាកទិនការលើកឡើងរបស់លោក សុខ ទូច ក្រុមយុវជនទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ផ្តល់សេរីភាពពេញលេញ ឱ្យសាធារណជន ចូលទៅសិក្សា ស្រាវជ្រាវតំបន់នោះ ដោយគ្មានការរារាំង និងគំរាមកំហែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
