យុវជនមកពីសាកលវិទ្យាល័យមួយចំនួន យុវជនជនជាតិដើមភាគតិច និងយុវជនពីបណ្ដាញស្ត្រីវ័យក្មេង ប្រមាណ ៥០នាក់ បានជួបជុំគ្នាប្រមូលមតិលើកឡើងអំពីកំណែទម្រង់ការបោះឆ្នោត។ ការជួបជុំនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលារៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ក្នុងភោជនីយដ្ឋានខ្មែរសុរិន្ទ រាជធានីភ្នំពេញ។
គម្រោងកៀរគរយុវជនកំណែទម្រង់ការបោះឆ្នោតរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រមូលយកមតិយុវជនជុំវិញកំណែទម្រង់ការបោះឆ្នោត ដាក់ចូលក្នុងរបាយការណ៍មួយ ដើម្បីបញ្ជូនទៅ គ.ជ.ប និងគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅដើមខែកក្កដា ខាងមុខ។
អ្នកសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ជរ ច័ន្ទធីតា មានប្រសាសន៍ថា គណបក្សនយោបាយធំៗទាំងពីរមានឆន្ទៈនៅក្នុងការចរចារកដំណោះស្រាយ ចំពោះការជាប់គាំងនយោបាយ ជាពិសេស គឺបញ្ហាកំណែទម្រង់ការបោះឆ្នោត ដែលគណបក្សសង្គ្រោះជាតិ យល់ថា លទ្ធផលឆ្នោតមិនមានភាពត្រឹមត្រូវយុត្តិធម៌នោះ។
អ្នកស្រីបន្តថា អ្វីដែលជាក្ដីកង្វល់ និងសេចក្ដីត្រូវការរបស់យុវជន ជុំវិញកំណែទម្រង់ការបោះឆ្នោតនាពេលនេះ នឹងចងក្រងទៅជារបាយការណ៍សង្ខេបខ្លីមួយ ហើយបញ្ជូនទៅកាន់ស្ថាប័នពាក់ព័ន្ធ ជាពិសេស គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងគណបក្សនយោបាយ ដែលអាចយកសំណូមពរ ឬមតិជាសំឡេងរបស់យុវជន ទៅដាក់បញ្ចូលនៅក្នុងរបៀបវារៈនៃការធ្វើកំណែទម្រង់នោះ៖ «យុវជនយើងឃើញថាធនធានមួយច្រើនក្នុងពេលបច្ចុប្បន្ននេះ ហើយគំនិតរបស់គាត់មានការជឿនលឿន ឬក៏ទាន់សម័យខុសពីគំនិតមនុស្សវ័យចំណាស់។ តម្រូវការរបស់គាត់វាទាក់ទងទៅនឹងមានការរីកចម្រើនទៅតាមបែបលទ្ធិប្រជាធិបតេយ្យយ៉ាងណាខ្លះ»។
ការថ្លែងនេះនៅក្នុងសិក្ខាសាលារយៈពេល២ថ្ងៃរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្ងៃទី២០ និង២១ ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ សិក្ខាសាលានោះស្ដីអំពី យុវជន និងកំណែទម្រង់ការបោះឆ្នោត ដែលមានបំណងលើកកម្ពស់ការយល់ដឹង និងជំរុញឲ្យមានការចូលរួមពីប្រជាជន ជាពិសេសយុវជនដែលមានសំឡេងច្រើនក្នុងការទាមទារឲ្យមានការផ្លាស់ប្ដូរ នៅក្នុងការជជែកពិភាក្សាអំពីកំណែទម្រង់ការបោះឆ្នោត ដើម្បីចូលរួមចំណែកបង្កើតអនុសាសន៍ដែលឆ្លុះបញ្ចាំងពីគ្រប់ស្ថាប័ន។
និស្សិតនៃសាកលវិទ្យាល័យខេមរៈ ផ្នែកទំនាក់ទំនងការទូត យុវតី ជាតិ ចាន់សុលីនដា ដែលបានចូលរួមក្នុងពិធីនេះដែរ មានទស្សនៈថា ប្រសិនជាមិនមានការកែទម្រង់នីតិវិធីនៃការបោះឆ្នោត និងសមាសភាព គ.ជ.ប ពីពេលនេះទៅទេ វិបត្តិនៃការជាប់គាំងនយោបាយនៅតែបន្តកើតមានពីមួយអាណត្តិទៅមួយអាណត្តិ៖ «មតិរបស់ខ្ញុំ គឺផ្លាស់ប្ដូរនូវសមាសភាព គ.ជ.ប ពីព្រោះអីយើងឃើញថា គ.ជ.ប សព្វថ្ងៃយើងមានសមាសភាពចេញពីចេញបក្សណាខ្លះ ឬក៏សមាជិករបស់ គ.ជ.ប ជាសមាជិករបស់គណបក្សមួយណា។ អ្វីដែលខ្ញុំចង់បាន គឺផ្លាស់ប្ដូរសមាសភាព គ.ជ.ប ឲ្យមានការចូលរួមរបស់បក្សទាំងសងខាង ឬក៏បក្សជាប់ឆ្នោតនៅក្នុងសភា ហើយនឹងអង្គការសង្គមស៊ីវិលផងដែរ។ រាល់ការបោះឆ្នោតម្ដងៗ សូមឲ្យមានការអង្កេតការណ៍ពីប្រជាជន ទោះបីជាសព្វថ្ងៃហ្នឹង យើងឃើញថាមានការសង្កេតការណ៍ពីសង្គមស៊ីវិល និងប្រជាជនក្ដី ប៉ុន្តែនៅពេលរាប់សន្លឹកឆ្នោត សួរថាហេតុអីបានជាចាំបាច់បិទទ្វារ?»។
ចំណែកនិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច យុវជន សួន វីរៈ ចង់ឲ្យប្រទេសកម្ពុជា ធ្វើការកែប្រែការបោះឆ្នោតពីប្រព័ន្ធសមាមាត្រ មកតាមបែបឯកត្តនាមវិញ៖ «ការបោះឆ្នោតតាមប្រព័ន្ធសមាមាត្រនេះ វាហាក់មិនឆ្លុះបញ្ចាំងអំពីអ្វីដែលជាការចង់បានរបស់ប្រជាជនខ្មែរនៅឡើយទេ។ ខ្ញុំចង់ឲ្យមានការអនុវត្តការបោះឆ្នោតតាមបែបឯកត្តនាម ចំពោះការជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត។ នៅពេលមានការបោះឆ្នោតតាមប្រព័ន្ធបែបនេះ គឺអនុញ្ញាតឲ្យក្រុមប្រឹក្សារាជធានីខេត្ត មិនមែនជាសមាជិកដែលត្រូវតែឈ្នះឆ្នោតក្នុងការជ្រើសរើសតំណាងរាស្ត្រសភានោះទេ។ ការបោះឆ្នោតចំបុគ្គលចំៗតែម្ដង។ បញ្ហានេះខ្ញុំធ្លាប់តែពិភាក្សាជាមួយមិត្តភ័ក្ដិជាច្រើន ដែលរៀននៅសាកលវិទ្យាល័យដែលមើលឃើញពីបញ្ហានេះ»។
យ៉ាងណាក៏ដោយ ក្រុមអង្គការសង្គមស៊ីវិលបានកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ យុវជនមានចំនួនកាន់តែច្រើន បានចូលរួមក្នុងសកម្មភាពចាប់ផ្ដើមឃោសនាតាមគណបក្សនយោបាយ ចូលរួមបោះឆ្នោត និងសង្កេតការណ៍បោះឆ្នោត។ យុវជនក្នុងប្រទេសកម្ពុជា ដែលមានអាយុពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ មានចំនួនប្រមាណ ៤លាន ៤សែននាក់។ ហើយយុវជនដែលបានចុះឈ្មោះបោះឆ្នោតមាន ៣៦% ឬស្នើនឹងជាង ៣លាននាក់ នៃចំនួនអ្នកចុះឈ្មោះបោះឆ្នោត ៩លាន ៦សែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
