ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានផ្ដល់ដំបូន្មានទៅដល់មន្ត្រីក្រោមឱវាទ ឬមន្ត្រីដឹកនាំនៅតាមមន្ទីរស្ថាប័នរដ្ឋនានា ឲ្យដាក់ខ្លួនបម្រើរាស្ត្រ មិនមែនតាំងខ្លួនជាចៅហ្វាយយ ឬដើរធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ពេលទទួលបានតួនាទីដឹកនាំនោះទេ។
មន្ត្រីសង្គមស៊ីវិលបានថ្លែងសាទរចំពោះការផ្ដល់ដំបូន្មាននេះ ប៉ុន្តែស្នើឲ្យការអនុវត្តមានប្រសិទ្ធភាព និងផ្ដល់យុត្តិធម៌សង្គមជូនពលរដ្ឋឲ្យបានស្មើភាពគ្នា។
ប្រជាពលរដ្ឋ និងអង្គការមិនមែនរដ្ឋាភិបាល រង់ចាំមើលថា តើមន្ត្រីចូលកាន់តំណែងថ្មីនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ អាចធ្វើការបានជាប្រយោជន៍អ្វីខ្លះដល់ប្រជារាស្ត្រ ក្រោយពេលអភិបាលស្រុកចាស់ចូលនិវត្តន៍។
ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ លោក ជាម ហ៊ីម បានរំលឹកទៅដល់ថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋនានា ចាប់ពីថ្នាក់ខេត្ត ស្រុក រហូតដល់មូលដ្ឋាន ត្រូវដាក់ខ្លួនបម្រើរាស្ត្រឲ្យបានត្រឹមត្រូវ ដោយមិនត្រូវចាត់ទុកពលរដ្ឋជាសត្រូវនោះទេ។ លោកថ្លែងដូច្នេះនៅក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលស្រុកស្ទឹងហាវថ្មី របស់លោក ឆាយ សុគន្ធដា នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមីនា នាសាលាស្រុកស្ទឹងហាវ។
បន្ថែមលើនេះ លោក ជាម ហ៊ីម ក៏បានស្នើដល់លោក ឆាយ សុគន្ធដា ជាអភិបាលស្រុកស្ទឹងហាវថ្មី ឲ្យបន្តចូលរួមថែរក្សាបរិស្ថានតាមមាត់សមុទ្រ និងបន្តទប់ស្កាត់បទល្មើសផ្សេងៗមានដូចជា ចោរកម្ម ឆក់ប្លន់ ឬគ្រឿងញៀនជាដើម ជាពិសេសត្រូវអនុវត្តស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុច ដែលប្រមុខដឹកនាំដាក់ចេញ។
លោក ឆាយ សុគន្ធដា បានចូលកាន់តំណែងជំនួសលោក បាន សារុំ ដែលត្រូវចូលនិវត្តន៍៖ «កាលណាមូលដ្ឋានមានសន្តិសុខ និងសុវត្ថិភាព គឺបានផ្ដល់ឱកាសដល់ការអភិវឌ្ឍជាតិ ហើយគួបផ្សំមូលដ្ឋានស្រុកស្ទឹងហាវ គឺការអភិវឌ្ឍ គឺផ្អែកទៅលើសក្ដានុពលវិស័យទេសចរណ៍។ ប៉ុន្តែបើមានរឿងមិនល្អ ឬអសន្តិសុខកើតឡើង ហើយត្រូវគេផ្សព្វផ្សាយពាសពេញពិភពលោកអំពីចោរឆក់ប្លន់ ឬអនាម័យមិនល្អជាដើម គឺនាំឲ្យប៉ះពាល់ដល់ការអភិវឌ្ឍមូលដ្ឋាននេះនាថ្ងៃអនាគត»។

ឆ្លើយតបបញ្ហានេះ លោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ដែលទើបប្រកាសចូលកាន់តំណែងថ្មី នៅថ្ងៃទី៣ ខែមីនា បានប្ដេជ្ញាចិត្តថា នឹងអនុវត្តការងារជូនមូលដ្ឋានឲ្យបានប្រសើរ ឲ្យស្របតាមការចង់បាន ឬជាកង្វល់របស់ប្រជាពលរដ្ឋ។ ជាងនេះ លោកក៏បានប្ដេជ្ញាថា នឹងខំកៀរគរក្រុមហ៊ុនវិនិយោគទុនឲ្យចូលមកបណ្ដាក់ទុករកស៊ីនៅក្នុងមូលដ្ឋានស្រុកស្ទឹងហាវ ឲ្យបានច្រើននៅថ្ងៃអនាគត ដើម្បីឲ្យពលរដ្ឋមានការងារធ្វើ និងមូលដ្ឋានមានការរីកចម្រើន៖ «ការចូលកាន់តំណែងនេះ តាមការផ្ដែផ្ដាំអំពីសុវត្ថិភាព និងការពារសន្តិសុខជូនប្រជាពលរដ្ឋឲ្យបានល្អជាដើម។ បញ្ហានេះយើងនឹងខិតខំពង្រឹងឲ្យបានប្រសើរថែមទៀត»។
ទោះយ៉ាងណា មន្ត្រីសម្របសម្រួលអង្គការលីកាដូ លោក ឃុន សាវឿន ថ្លែងថា នឹងរង់ចាំមើលការប្ដេជ្ញាចិត្តរបស់អភិបាលស្រុកស្ទឹងហាវថ្មី គឺលោក ឆាយ សុគន្ធដា អាចស្វែងរកយុត្តិធម៌ជូនពលរដ្ឋនៅក្នុងមូលដ្ឋានខ្លួនបានត្រឹមកម្រិតណា ជាពិសេសទាក់ទងទំនាស់ដីធ្លីដែលកើតមានរ៉ាំរ៉ៃក្នុងមូលដ្ឋាននេះនាពេលកន្លងមក ហើយអាជ្ញាធរមិនទាន់មានដំណោះស្រាយជូនពលរដ្ឋនៅឡើយ៖ «ខ្ញុំជួយត្រេកអរសម្រាប់លោក ឆាយ សុគន្ធដា ដែលបានឡើងកាន់តំណែងជាអភិបាលស្រុកស្ទឹងហាវថ្មី។ ក៏ប៉ុន្តែសូមឲ្យលោកជួយដោះស្រាយជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ ដោយសហការជាមួយលោក ឈិត សុខុន ជាអភិបាលខេត្ត ដើម្បីដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋាននេះឲ្យបានយុត្តិធម៌ជូនពលរដ្ឋរងគ្រោះ»។
លោក ឃុន សាវឿន បានកត់សម្គាល់ថា ពេលមានការបោះឆ្នោតជិតចូលមកដល់ម្តងៗ គេសង្កេតឃើញមន្ត្រីថ្នាក់ដឹកនាំនៅតាមស្ថាប័នរដ្ឋនានា ឬក៏ថ្នាក់ដឹកនាំគណបក្សនយោបាយខ្លះបាននាំគ្នាចុះមូលដ្ឋាន ដើម្បីជួបសួរសុខទុក្ខប្រជាពលរដ្ឋ ឬក៏ប្រមូលយកនូវកង្វល់នានាពីប្រជាពលរដ្ឋជាដើម ហើយបានសន្យានឹងរកវិធីជួយដោះស្រាយជាដើម។ ប៉ុន្តែនៅក្រោយការបោះឆ្នោតបានបញ្ចប់ និងប្រកាសលទ្ធផល គឺមិនសូវឃើញមានវត្តមានមន្ត្រីទាំងនោះចុះមូលដ្ឋាន ដើម្បីជួបសួរសុខទុក្ខប្រជាពលរដ្ឋ ឬក៏អនុវត្តទៅតាមកិច្ចសន្យាដូចនៅមុនពេលបោះឆ្នោតនោះទេ។
ត្រង់ចំណុចនេះ លោក ជាម ហ៊ីម ប្រធានសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានថ្លែងនៅចំពោះមុខមន្ត្រីពាក់ព័ន្ធខេត្តព្រះសីហនុ ថាទៅថ្ងៃអនាគតថ្នាក់ដឹកនាំនៅតាមមូលដ្ឋាននានា មិនត្រូវយកប្រជាពលរដ្ឋជាសត្រូវ ឬក៏ចាត់ទុករាស្ត្រជាខ្ញុំបម្រើរបស់ខ្លួននោះទេ។ ផ្ទុយទៅវិញ ត្រូវចាត់ទុកប្រជាពលរដ្ឋជាចៅហ្វាយនាយ និងចេះជួយសំរាល់ទុក្ខលំបាក ឬក៏កង្វល់នានា ដែលជាសំណូមពរពួកគាត់នៅតាមមូលដ្ឋានរៀងៗខ្លួន ប្រយោជន៍ដើម្បីស្រុកទេសមានការអភិវឌ្ឍ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។