សកម្មជនព្រៃឡង់បារម្ភពីបញ្ហាសន្តិសុខបន្ទាប់ពីមានការគំរាម
2012.11.18
លោក សោម ថាន អាយុ ៤២ឆ្នាំ គឺជាសកម្មជនការពារព្រៃឡង់ម្នាក់ និងក៏ជាសមាជិកក្រុមប្រឹក្សាឃុំធ្មា មកពីគណបក្ស សម រង្ស៊ី ផងដែរ។ លោកបានមានប្រសាសន៍កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែវិច្ឆិកា ថា ឈ្មួញឈើម្នាក់ឈ្មោះ ស៊្រាង ម៉េង ដែលជាម្ចាស់សិប្បកម្មខុសច្បាប់នៅក្នុងភូមិជាមួយគ្នា ធ្លាប់គំរាមប្រមាថដល់អាយុជីវិតរបស់គាត់ បន្ទាប់ពីឈ្មួញនោះបានទាក់ទងប្រជាសហគមន៍ព្រៃឈើ ឱ្យអារឈើចំនួន ១.០០០ម៉ែត្រគូប ទៅលក់ឱ្យពួកគេ ក៏ប៉ុន្តែលោកបានទប់ស្កាត់មិនឱ្យទៅកាប់ឈើនោះ។
លោក សោម ថាន៖ «ប្រជាសហគមន៍នោះ គាត់បានស្ដាប់ខ្ញុំ គាត់អត់បានចេញទៅអារ ក៏ខាងសិប្បកម្មនោះគាត់ខឹងនឹងខ្ញុំ។ គេមកគំរាមខ្ញុំ គេថា បាញ់ចោល អានេះមួយ បោះឱ្យតែ ៣ពាន់ហើយ។ មិនដឹង ៣ពាន់លុយខ្មែរ ឬ ៣ពាន់លុយដុល្លារទេ គេថា ពុះក្បាលអានេះចោលមួយ ៣ពាន់រួចខ្លួនហើយ គេថា អ៊ីចេះ»។
លោក សោម ថាន បានបញ្ជាក់ថា កាលពីខែកញ្ញា កន្លងទៅ គឺម្ចាស់សិប្បកម្មឈើខុសច្បាប់ដដែល បានប្រមាថដល់ជីវិតលោកម្ដងទៀត នៅពេលដែលក្រុមហ៊ុនបានប្រើគ្រឿងចក្រកាយដីធ្វើផ្លូវ ក៏ប៉ុន្តែ ពេលទៅដល់មុខផ្ទះ ម្ចាស់សិប្បកម្មនោះបានរារាំងមិនឱ្យកាយដី ហើយលោកបានចេញមុខធ្វើអន្តរាគមន៍ជាថ្មីទៀតនោះ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរឃុំធ្មា រួមទាំងអាជ្ញាធរស្រុកជ័យសែន និងមន្ត្រីនគរបាលប៉ុស្តិ៍ ដើម្បីធ្វើការបំភ្លឺជុំវិញករណីនេះបានថាយ៉ាងណានៅឡើយទេ។
ចំណែក លោក ឈឹម សាវុធ ជាមន្ត្រីនៃកម្មវិធីបណ្តុះបណ្តាលសហគមន៍មូលដ្ឋានរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា កន្លងទៅនៅពេលដែលលោកចុះទៅបង្រៀន ប្រជាពលរដ្ឋអំពីសិទ្ធិមនុស្ស និងធ្វើវេទិកាសាធារណៈនៅទីនោះ គឺលោក សោម ថាន ដែលជាសកម្មជនព្រៃឈើ ធ្លាប់បានបញ្ជាក់ប្រាប់លោកអំពីការគំរាមកំហែង ទាក់ទងនឹងទំនាស់ដែលកាយដីធ្វើលូឆ្លងផ្លូវប៉ុណ្ណោះ គឺមិនបានប្រាប់លោកឱ្យដឹងអំពីការគំរាមទាក់ទងនឹងកិច្ចការពារព្រៃឈើទេ។
លោក ឈឹម សាវុធ បានបញ្ជាក់ថា ទោះយ៉ាងណា ពាក់ព័ន្ធនឹងម្ចាស់សិប្បកម្មឈើខុសច្បាប់ដែលគំរាមអំពីរឿងកាយដីធ្វើលូនោះ គឺអាជ្ញាធរស្រុកជ័យសែន ក៏បានដឹងរឿងហេតុនោះដែរ៖ «កាលពីវេទិកាសាធារណៈនៅទីនោះ ចៅហ្វាយស្រុកក៏បានបញ្ជាក់ដែរថា ឱ្យគាត់ដាក់ពាក្យបណ្ដឹងមក គឺគេដោះស្រាយ។ ដល់ពេលក្រោយមក គាត់ទៅដាក់ពាក្យបណ្ដឹង ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន នៅតែមិនទាន់មានដំណោះស្រាយ ហើយគាត់ផ្ដល់ព័ត៌មានមកខ្ញុំ ជួនកាលទាក់ទងគ្នាបាន ជួនកាលមិនបាន»។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា គេមានគំរោងនឹងធ្វើការស៊ើបអង្កេតឱ្យច្បាស់លាស់បញ្ហានោះឡើងវិញ ពីព្រោះគេយល់ថា ករណីនេះ គឺមានពាក្យបណ្តឹងត្រឹមត្រូវតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។