ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជ​ធានី​-ក្រុង​-ខេត្ត​-ស្រុក​-ខណ្ឌ គ្រោង​ធ្វើ​នៅ​ខែ​ឧសភា ២០០៩

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) គ្រោង​នឹង​រៀបចំ​បោះ​ឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ នៅ​ថ្ងៃ​ទី​១៧ ឧសភា ឆ្នាំ​២០០៩ ខាង​មុខ​នេះ។

ពាក់ព័ន្ធ​នឹង​គម្រោង​បោះឆ្នោត​នេះ លោក​ប្រធាន​គ.ជ.ប. អ៊ឹម សួស្តី បាន​ជូន​ដំណឹង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា គណៈកម្មាធិការ​របស់​លោក​ត្រូវការ​ជ្រើសរើស​ មន្ត្រី​បុគ្គលិក​ជាប់​កិច្ចសន្យា​រយៈពេល​ខ្លី ចំនួន​១៨​នាក់​សម្រាប់​បម្រើ​ការងារ​គ.ជ.ប.​ក្នុង​ឱកាស​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៩​នោះ។ គឺ​ត្រូវការ​មន្ត្រី​ផ្នែក​នាយកដ្ឋាន​ប្រតិបត្តិការ ៤​នាក់ នាយកដ្ឋាន​រដ្ឋបាល ៤​នាក់ នាយកដ្ឋាន​បណ្តុះបណ្តាល​និង​ព័ត៌មាន​សាធារណៈ ៩​នាក់ និង​នាយកដ្ឋាន​សេវាកម្ម​ច្បាប់​និង​វិវាទកម្ម ១​នាក់។

បេក្ខជន​អាច​ទាក់ទង​នាយកដ្ឋាន​រដ្ឋបាល​​អគារ​ខាង​ជើង​ក្នុង​ក្រសួង​មហាផ្ទៃ នៅ​រៀងរាល់​ម៉ោង​ធ្វើការ។ គ.ជ.ប. នឹង​ចែក​ពាក្យ ហើយ​ទទួល​ពាក្យ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៤ មករា ២០០៩។

ក្រៅ​ពី​នេះ​ក៏​មាន​ការ​ជ្រើសរើស​មន្ត្រី បុគ្គលិក ដូច​គ្នា​នេះ ដើម្បី​បម្រើ​ការងារ​នៅ​តាម​គណៈកម្មការ​រាជ​ធានី-​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០០៩​នេះ​ផង​ដែរ៕