ស្ត្រីម្នាក់ត្រូវបងថ្លៃចាប់រំលោភហើយសម្លាប់នៅក្រចេះ
2011.03.31
លោក ស៊ុំ ធារិទ្ធ ឪពុកជនរងគ្រោះនៅភូមិឃុំស្រុកសម្បូណ៌ ខេត្តក្រចេះ បានមានប្រសាសន៍កាលពីល្ងាចថ្ងៃទី៣០ មីនា ថាកូនស្រីលោកអាយុ១៨ឆ្នាំ រៀនថ្នាក់ទី១១ បានត្រូវជនល្មើសជាបងថ្លៃចាប់រំលោភហើយសម្លាប់កាលពីព្រឹកថ្ងៃទី២៩ មីនា វេលាម៉ោងប្រមាណបីភ្លឺ ៖ "ប៉ូលិសសួរចម្លើយវាថាបានត្រូវរ៉ូវគ្នា តាមការពិតវាវ៉ៃសន្លប់មានបែកឈាមខ្លះ បានន័យថាវាវ៉ៃសន្លប់ហើយវាយកចេញទៅក្រៅវារំលោភ ដឹងខ្លួនហើយ វាវ៉ៃសម្លាប់ចោល ភ្ញាក់ឡើងគេចេញរកស៊ីមើលកូនវាបាត់យើងឆោឡោទៅឃើញកូននៅក្រឺតក្រកៗ អត់ទាន់ស្លាប់ ខ្ញុំយកទៅដល់ក្រចេះ វាក៏ចុះធ្វើជួយ ប៉ុន្តែយើងដឹងខ្លះទៅប៉ូលិសក៏ឃាត់ខ្លួន"។
មន្ត្រីប៉ូលិសទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ គឺលោក អ៊ុំ ភី បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី៣១ មីនា ថារឿងនោះមិនមែនជាករណីរំលោភទេ គឺជាការរួមសេពសន្ថវៈដោយស្រុះស្រួលគ្នា តែពាក់ព័ន្ធទៅនិងករណីឃាតកម្មដោយចេតនា ដែលលោកបញ្ជាក់ក្រោយការស៊ើបអង្កេតថា ៖ "យើងមើលឯកសារហ្នឹង វាមិនអាចទៅរំលោភទេ បើវាគ្មានចេតនា និងឲ្យលូកដៃទៅស្រែកវ៉ាសវាផ្អើលហើយ ប៉ុន្តែអាផ្ដើមសម្លាប់គឺផ្ដើមចេញពីការអត់ទទួលខុសត្រូវពីការរួមភេទនេះឯង"។
លោក អ៊ុំ ភី បានបន្ថែមថា ករណីមនុស្សឃាតក្នុងឆ្នាំ២០១១ នេះ មាន ៩ករណីហើយ ឯបទរំលោភមានប្រមាណ ៥ករណីដែលចែកដាច់ចេញពីគ្នា ដែលរបាយការណ៍នេះមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក គឺអ្នកស្រី ធីម ណារីម បានបញ្ជាក់បន្ថែមថា ករណីទាំងនោះមិនមែនកើនឡើងទេ គឺដោយហេតុថា ពីមុនប្រជាពលរដ្ឋមិនមានរបាយការណ៍ប្តឹងដោយមិនយល់ពីច្បាប់ តែក្រោយរួមសហការផ្សព្វផ្សាយពីច្បាប់ ទើបកើតមានការប្ដឹងជាច្រើន ដែលមើលទៅហាក់ដូចជាកើនឡើង។
ពាក់ព័ន្ធករណីសម្លាប់យុវតី អាយុ១៨ឆ្នាំ នេះ ឪពុកជនរងគ្រោះសំណូមពរកុំឲ្យមានការដោះលែងជនល្មើសនៅក្រៅឃុំ ព្រោះលោកបារម្ភពីសុវត្ថិភាពបន្ទាប់ពីឮជនល្មើសបោះពាក្យសំដីថានឹងសម្លាប់ទាំងពូជ បើរួចមកវិញ។ ការបារម្ភនេះបន្ទាប់ពីឪពុកជនរងគ្រោះបាននិយាយថា គាត់បានទទួលដំណឹងថាម្ដាយជនល្មើសបានទូរស័ព្ទសួរសមត្ថកិច្ចថា ចំណាយប៉ុន្មានពាន់ដុល្លារទើបដោះរួច។ តែពុំមានរបាយការណ៍ពីមន្ត្រីស្ថាប័នណាម្នាក់អះអាងពីរឿងនេះឡើយ៕