និវត្តជន​ត្អូញ​ពី​បញ្ហា​ទទួល​បាន​ប្រាក់ខែ​យឺត

មន្ត្រី​រាជការ​ចូលនិវត្តន៍​ជាង ៣០០​នាក់ នៅ​ស្រុក​ត្រាំកក់ និង​ក្រុង​ដូនកែវ ខេត្ត​តាកែវ ត្អូញត្អែរ​ពី​ប្រាក់ខែ​ចូលនិវត្តន៍​របស់​ពួកគាត់​មិន​បាន​បើក​ទាន់​ពេល​វេលា។

តំណាង​និវត្តជន​ការិយាល័យ​ផែនការ ការិយាល័យ​ធនធាន​ទឹក និង​ការិយាល័យ​អប់រំ នៅ​ខេត្ត​តាកែវ មាន​ប្រសាសន៍​ថា ប្រាក់​ចូលនិវត្តន៍​ប្រចាំ​ខែ​មីនា និង​ខែ​មេសា មិន​ទាន់​បាន​បើក​ឲ្យ​ពួកគាត់​ជា​ជន​ចាស់​ជរា​នៅ​ឡើយ។

នាយក​រង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន លោក មុត ខៀវ មាន​ប្រសាសន៍​ថា លោក​នឹង​ជួយ​ជំរុញ​ឲ្យ​មន្ត្រី​សង្គមកិច្ច​ជួយ​បើក​ប្រាក់​ខែ​ចូល​និវត្តន៍​ដល់​មន្ត្រី​ទាំង​នោះ​បាន​ទាន់​ពេល​វេលា និង​ទៀង​ទាត់។

លោក​បាន​សំណូមពរ​ឲ្យ​មន្ត្រី​រាជការ​ចូល​និវត្តន៍​ទាំង​អស់ មេត្តា​ទាក់ទង​លោក​ផ្ទាល់​តាម​ទូរស័ព្ទ​លេខ ០១២ ៨៦៧ ៧៧៧ ដើម្បី​សាកសួរ​ព័ត៌មាន​ជុំវិញ​ប្រាក់​ចូល​និវត្តន៍​របស់​ពួកគាត់។

អភិបាល​ស្រុក​ត្រាំកក់ លោកស្រី គា សុភូ មាន​ប្រសាសន៍​ថា ចំពោះ​មន្ត្រី​រាជការ​ទើប​ចូល​និវត្តន៍ ការ​ធ្វើ​លិខិត​បែបបទ​បើក​ប្រាក់​ចូល​និវត្តន៍​ត្រូវ​រង់ចាំ​ប្រមាណ ៣ ទៅ ៥​ខែ។ ប្រាក់​បើក​យឺត​មិន​ទាន់​ពេល​វេលា​នោះ នឹង​បើក​រំឭក​ជូន​វិញ​ទេ នៅ​ពេល​ដែល​ចាប់​ផ្ដើម​បើក​ប្រាក់​ដំបូង។ ប៉ុន្តែ​ចំពោះ​ប្រាក់​មន្ត្រី​ចូល​និវត្តន៍​ច្រើន​ឆ្នាំ​ហើយ លោកស្រី​នឹង​តាម​ដាន​រឿង​នោះ៕