តុលាការ​ដោះលែង​មេ​សហជីព​​នៅ​ខេត្ត​កំពង់ស្ពឺ

មេដឹកនាំ​សាខា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ​កាត់ដេរ សាង វ៉ូ (Sang Woo) នៅ​ខេត្ត​កំពង់ស្ពឺ ត្រូវ​តុលាការ​ខេត្ត​កំពង់ស្ពឺ ដោះលែង​ពី​ការ​ឃុំឃាំង​ហើយ​នៅ​ម៉ោង ១១​ថ្ងៃ​ត្រង់ នៃ​ថ្ងៃ​ពុធ ទី​២២ ខែ​មិថុនា ឆ្នាំ​២០១១។

លោក ស៊ុន ពិសី មេដឹកនាំ​សាខា​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​រោងចក្រ​កាត់ដេរ សាង វ៉ូ នៅ​ខេត្ត​កំពង់ស្ពឺ ក្រោយ​ពី​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បាន​ថ្លែង​ថា លោក​គ្មាន​ការ​ខឹងសម្បា​នឹង​អ្នកស្រី សឹម វរលក្ខណ៍ ដែល​បាន​ប្ដឹង​លោក​ដាក់​ឃុំ​ច្រើន​ថ្ងៃ​មក​នេះ​ទេ។

ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី បាន​ឲ្យ​ដឹង​ថា កម្មករ​ច្រើន​រយ​នាក់​នៃ​រោងចក្រ​កាត់​ដេរ សាង វ៉ូ បាន​បញ្ឈប់​ការ​ធ្វើ​បាតុកម្ម និង​បាន​ចូល​ធ្វើការ​តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ មិថុនា មុន​ការ​ដោះលែង​លោក ស៊ុន ពិសី ព្រោះ​កម្មករ​ទាំង​អស់​ជឿជាក់​លើ​បែប​បទ​របស់​ចៅក្រម​ខេត្ត​កំពង់ស្ពឺ លោក ក្លូត ពេជ្រ កាល​ពី​រសៀល​ថ្ងៃ​អង្គារ ដើម្បី​ដោះលែង​លោក ស៊ុន ពិសី។

លោក ស៊ុន ពិសី ជា​មេ​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​កាត់​ដេរ សាង វ៉ូ។ លោក​ត្រូវ​សមត្ថកិច្ច​ខេត្ត​កំពង់ស្ពឺ ចាប់​ឃុំ​តាំង​ពី​រសៀល​ថ្ងៃ​១០ មិថុនា ឆ្នាំ​២០១១ បន្ទាប់​ពី​លោក​បាន​សាកសួរ​អ្នកស្រី សឹម វរលក្ខណ៍ ពី​ការ​រារាំង​កម្មករ​មិន​ឲ្យ​ចូល​ជា​សមាជិក​សហជីព​សេរី​កម្មករ។ ក្រោយ​មក​អ្នកស្រី សឹម វរលក្ខណ៍ បាន​ប្ដឹង​ចោទ​ថា លោក ស៊ុន ពិសី បាន​វាយ​ដំ​លើ​អ្នកស្រី ប៉ុន្តែ​ក្រុម​កម្មករ​ច្រើន​រយ​នាក់​បាន​ធ្វើ​សាក្សី​ថា លោក ស៊ុន ពិសី មិន​បាន​វាយ​ដំ​អ្នកស្រី សឹម វរលក្ខណ៍ ទេ ហើយ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​រោងចក្រ​កាត់ដេរ សាង វ៉ូ ទាមទារ​ឲ្យ​ដោះលែង​លោក ស៊ុន ពិសី រហូត​តុលាការ​ដោះលែង​ពិត​ប្រាកដ ទើប​ពួកគេ​ព្រម​ចូល​ធ្វើការ​វិញ​នៅ​ថ្ងៃ​ទី​២២ មិថុនា៕