លោក សាយ ឈុំ ប្រតិកម្ម​ថា​មិន​បាន​សន្យា​ជា​មួយ​ពល​រដ្ឋ​នៅ​កំពង់ស្ពឺ

នាយក​ខុទ្ទកាល័យ លោក សាយ ឈុំ តំណាង​រាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​អនុ​ប្រធាន​ទី​២ នៃ​រដ្ឋសភា គឺ​លោក ម៉ម ឡេង​យ៉ានី បាន​ផ្ញើ​លិខិត​បដិសេធ​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី ផ្សាយ​កាល​ពី​ថ្ងៃ​៣០ ខែ​មីនា ឆ្នាំ២០១១។

ក្នុង​ការ​ផ្សាយ​នេះ បាន​លើក​ឡើង​ថា ពល​រដ្ឋ​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​សូគីម៉ិច (Sokimex) នៅ​ខេត្ត​កំពង់ស្ពឺ បាន​ប្រាប់​វិទ្យុ​នោះ​ថា តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​មួយ​រូប គឺ​លោក សាយ ឈុំ បាន​សន្យា​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្ដល់​ជម្រក​ដល់​ពួក​គេ។

លោក ម៉ម ឡេង​យ៉ានី មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​៣១ ខែ​មីនា ឆ្នាំ​២០១១ ថា តាម​ពិត កាល​ពី​ថ្ងៃ​២៤ ខែ​មីនា មាន​ពលរដ្ឋ​ជាង ៣០​នាក់ តំណាង​ឲ្យ​ពល​រដ្ឋ ៧៣​គ្រួសារ នៅ​ភូមិ​៣ ឃុំ​ត្រែងត្រយឹង បាន​ទៅ​ដល់​គេហដ្ឋាន​លោក សាយ ឈុំ ដើម្បី​សុំ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​ជា​មួយ​ក្រុមហ៊ុន​សូគីម៉ិច។ ក្នុង​ឱកាស​នោះ លោក សាយ ឈុំ មិន​មាន​វត្តមាន​នៅ​គេហដ្ឋាន​ទេ ដោយ​លោក​ជាប់​បំពេញ​ការងារ​នៅ​មូលដ្ឋាន។

លោក ម៉ម ឡេង​យ៉ានី បន្ថែម​ថា គឺ​រូប​លោក​ជា​នាយក​ខុទ្ទកាល័យ​ទេ ដែល​បាន​ជួប​ជា​មួយ​ពល​រដ្ឋ​ទាំង​នោះ។ ហេតុ​នេះ លោក សាយ ឈុំ មិន​បាន​ជួប​ជា​មួយ​តំណាង​ពល​រដ្ឋ​នោះ​ទេ និង​មិន​បាន​សន្យា​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្ដល់​ជម្រក​ដល់​ពល​រដ្ឋ​ទាំង​នោះ​ដែរ។

កាល​ពី​ថ្ងៃ​២៥ ខែ​មីនា ផ្ទះ​ពល​រដ្ឋ​មាន​លំនៅ​តាម​ផ្លូវ​ទៅ​កាន់​រមណីយដ្ឋាន​គិរីរម្យ ក្នុង​ភូមិ​លេខ​៣ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ ត្រូវ​អាជ្ញាធរ​ខេត្ត​នោះ​អនុវត្ត​សាលក្រម​សាលា​ដំបូង​ខេត្ត ដោយ​បាន​ឲ្យ​ពល​រដ្ឋ​រុះរើ​ផ្ទះ ដើម្បី​ប្រគល់​ដី​ឲ្យ​ក្រុមហ៊ុន​សូគីម៉ិច ដែល​បាន​ឈ្នះ​ក្តី។ នៅ​ថ្ងៃ​២៩ ខែ​មីនា ពល​រដ្ឋ​ទាំង​នោះ បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី ពី​ស្ថានភាព​រស់​នៅ​ក្រោយ​ការ​រុះរើ​ផ្ទះ ធ្វើ​ឲ្យ​ពួក​គាត់​កំពុង​ខ្វះ​ជម្រក ស្បៀង​អាហារ និង​ប្រាប់​ទៀត​ថា តំណាង​រាស្ត្រ​ខេត្ត​កំពង់ស្ពឺ គណ​បក្ស​ប្រជា​ជន​មួយ​រូប គឺ​លោក សាយ ឈុំ បាន​សន្យា​ជួយ​ដោះ​ស្រាយ​បញ្ហា​ផ្ដល់​ជម្រក ទើប​ពល​រដ្ឋ​ទាំង​នោះ​យល់​ព្រម​រុះរើ​ផ្ទះ មិន​តវ៉ា​នឹង​ការ​អនុវត្ត​សាលក្រម​តុលាការ​ខេត្ត កាល​ពី​ថ្ងៃ​២៥ ខែ​មីនា ឆ្នាំ​២០១១៕