លោកបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីបើកវេទិកាស្ដីពីព្រឹទ្ធសភា និងផលប្រយោជន៍ក្រុមប្រឹក្សាឃុំ សង្កាត់ នៅភូមិភាគទី៥ ដើម្បីជំរុញឲ្យមានអភិបាលកិច្ចល្អ រួមចំណែកកាត់បន្ថយភាពក្រីក្រដែលមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។
លោក ទេព ងន បន្តថា សមាជិកព្រឹទ្ធសភាត្រូវយកចិត្តទុកដាក់ដល់បញ្ហានានា ដែលចោទឡើងចំពោះក្រុមប្រឹក្សាឃុំសង្កាត់ ទាំងលើជីវភាព និងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅថ្នាក់មូលដ្ឋាន។ ព្រឹទ្ធសភាក៏បានជំរុញឲ្យស្ត្រីចូលរួមច្រើនថែមក្នុងឆាកនយោបាយ និងសង្គមជាតិ។
លោកស្រី សោម ពៅ មេឃុំត្រាំកក់ ខេត្តតាកែវ បានឲ្យដឹងថា ក្រោយជាប់ឆ្នោត ២អាណត្តិ គាត់បានសម្រួលបញ្ហាវិវាទដីធ្លី និងអំពើហិង្សាក្នុងឃុំនោះជាង ១០០ករណី បានដោយជោគជ័យ។
អនុប្រធានស្ត្រីមកពីខេត្តកំពត លោកស្រី យ៉ែម សំអូន ជាសមាជិកឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត បានឲ្យដឹងថា ដោយសារក្រុមគ្រួសារបានជំរុញខ្លាំង ទើបគាត់ទទួលបានជោគជ័យក្នុងការប្រឡូកកិច្ចការនយោបាយ និងការអភិវឌ្ឍសង្គម។ ការលើកកម្ពស់សមភាពយេនឌ័រ (Gender) និងការលើកកម្ពស់ជីវភាពស្ត្រី បានរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រឲ្យកាន់តែមានប្រសិទ្ធភាព៕