កូរ៉េ​ជួយ​សង់​មន្ទីរពេទ្យ​តម្លៃ​៣,៥​លាន​ដុល្លារ​ដល់​កម្ពុជា

រដ្ឋាភិបាល​ប្រទេស​កូរ៉េ​ខាងត្បូង (South Korea) នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១១ បាន​ប្រកាស​ជួយ​សាងសង់​មន្ទីរពេទ្យ​មួយ​កន្លែង​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម ក្នុង​តម្លៃ ៣,៥​លាន​ដុល្លារ​អាមេរិក តាម​សំណើ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។
ដោយ សុខ សេរី
2011.06.10
Share on WhatsApp
Share on WhatsApp

ពិធី​ចុះ​ហត្ថលេខា​បាន​ធ្វើ​ឡើង​នៅ​ឯ​ក្រសួង​ការបរទេស​កម្ពុជា រវាង​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​កម្ពុជា លោក ម៉ម ប៊ុនហេង ជាមួយ​នឹង​តំណាង​ទីភ្នាក់ងារ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​ខាង​ត្បូង លោក ស៊ីន អួយ ឈុល (Shin Eui Cheol) ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា នា​ក្រសួង​ការបរទេស​កម្ពុជា ក្រោម​អធិបតីភាព​របស់​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា លោកស្រី ឱ វ៉ាន់ឌីន បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា អគារ​មន្ទីរពេទ្យ​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម​នេះ មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ដូច្នេះ​ជំនួយ​នេះ​គឺ​ចំ​សេចក្ដី​ត្រូវការ​យ៉ាង​ចាំបាច់​របស់​កម្ពុជា។

លោកស្រី​បន្ត​ថា ៖ «កន្លង​មក​យើង​មាន​មន្ទីរពេទ្យ​ហ្នឹង​ហើយ ប៉ុន្តែ​យើង​មាន​ការ​ខ្វះខាត ហើយ​អគារ​របស់​យើង​ក៏​ទ្រុឌទ្រោម អ៊ីចឹង​យើង​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ធ្វើ​យ៉ាង​ណា​ដំឡើង​នូវ​សមត្ថភាព​របស់​មន្ទីរពេទ្យ​ហ្នឹង​ឲ្យ​មាន​លក្ខណៈ​មួយ​ដែល​ប្រជាពលរដ្ឋ​យើង​អាច​ទទួល​បាន​នូវ​សេវា​ល្អ​ប្រសើរ​ជាង​មុន»

ថវិកា​ជំនួយ ៣,៥​លាន​ដុល្លារ​អាមេរិក​នេះ ជា​ជំនួយ​ឥត​សំណង​ផ្ដោត​លើ​ការ​សាងសង់​អគារ​មន្ទីរពេទ្យ​ថ្មី ជួសជុល​អគារ​ចាស់ៗ និង​បំពាក់​សម្ភារៈ​ថ្មីៗ ដើម្បី​ផ្ដល់​សេវា​សុខភាព​ល្អ​ប្រសើរ​ជាង​មុន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដូចជា​ការ​សង្គ្រោះ​បន្ទាន់ ការ​ព្យាបាល​ជំងឺ​ទូទៅ ផ្នែក​វះ​កាត់ ការ​ព្យាបាល​ស្ត្រី កុមារ និង​ការ​ព្យាបាល​ជំងឺ​របេង​ជាដើម៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Anonymous
Jun 10, 2011 01:03 AM

ជនជាតិ​កម្ពុជាគ្រប់ៗរូប ហេតុម្តេចបានជាចូលចិត្ត​សង់​វិហារ​ជាជាងសង់មន្ទីរពេទ្យ ?

Anonymous
Jun 12, 2011 08:24 PM

We build temples because of our religion, you moron.