ក្រុមយុវជនបង្កើតយុទ្ធនាការ១០០សន្លឹកដើម្បីប្រមូលរូបថតបណ្ឌិត កែម ឡី
2016.09.04
គណៈកម្មការរៀបចំបុណ្យខួបគម្រប់ ១០០ថ្ងៃបណ្ឌិត កែម ឡី បង្កើតយុទ្ធនាការមួយឈ្មោះថា “យុទ្ធនាការ ១០០សន្លឹក” ដើម្បីប្រមូលរូបថតដែលបង្ហាញពីសកម្មភាពសង្គមរបស់បណ្ឌិត កែម ឡី នាពេលកន្លងទៅ យកមកតាំងពិព័រណ៍នៅក្នុងពិធីបុណ្យខួបគម្រប់ ១០០ថ្ងៃរបស់លោក។ យុទ្ធនាការនេះ ធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ទី៣០ កញ្ញា។
ប្រធានបណ្ដាញយុវជនកម្ពុជា និងជាសមាជិកគណៈកម្មការរៀបចំបុណ្យខួបគម្រប់ ១០០ថ្ងៃបណ្ឌិត កែម ឡី លោក ទឹម ម៉ាឡៃ ឲ្យអាស៊ីសេរី ដឹងនៅថ្ងៃទី៤ កញ្ញា ថា គោលបំណងនៃយុទ្ធនាការនេះ គឺដើម្បីរំឭកដល់សកម្មភាព និងដឹងគុណចំពោះបណ្ឌិត កែម ឡី ដែលបូជាកម្លាំងកាយចិត្ត និងជីវិតសម្រាប់បុព្វហេតុជាតិ។
លោក ទឹម ម៉ាឡៃ បញ្ជាក់ថា រូបថតដែលនឹងត្រូវជ្រើសរើសសម្រាប់យកទៅតាំងពិព័រណ៍នៅថ្ងៃបុណ្យខួប ១០០ថ្ងៃបណ្ឌិត កែម ឡី ចែកចេញជាពីរប្រភេទ គឺរូបថតពេលបណ្ឌិត កែម ឡី នៅមានជីវិត និងរូបនៅអំឡុងពិធីបុណ្យសពរបស់លោក។ រូបថតទាំងនោះអាចជារូបបណ្ឌិត កែម ឡី តែម្នាក់ឯង រូបពីរនាក់ជាមួយគាត់ ឬរូបជាក្រុម និងរូបចូលរួមក្នុងពិធីបុណ្យសពរបស់លោក ជាដើម។
រូបថតបណ្ឌិត កែម ឡី កាលនៅរស់ចំនួន ១០០សន្លឹក និងរូបក្នុងពិធីបុណ្យសព ១០០សន្លឹកផ្សេងទៀតដែលមានគុណភាពល្អ នឹងត្រូវបានជ្រើសរើសដើម្បីយកទៅតាំងពិព័រណ៍ក្នុងពិធីបុណ្យខួប ១០០ថ្ងៃរបស់លោកបណ្ឌិត ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ខាងមុខ៖ «ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋខ្មែរនៅកន្លែងណាក៏ដោយ សង្ឃឹមថាគាត់នឹងអាចផ្ញើរូបថតអនុស្សាវរីយ៍របស់គាត់ឲ្យមកក្រុមការងារ ដើម្បីចងក្រងជាឯកសារ ឬក៏បង្ហាញ»។
សាធារណជនដែលមានរូបភាពបណ្ឌិត កែម ឡី ឬរូបជាមួយបណ្ឌិត កែម ឡី ឬក៏រូបចូលរួមក្នុងពិធីបុណ្យសពរបស់លោក អាចផ្ញើរូបទាំងនោះទៅកាន់អ៊ីមែលដែលមានអាសយដ្ឋាន kemley.analyst@gmail.com។
ជុំវិញបុណ្យខួបគម្រប់ ១០០ថ្ងៃបណ្ឌិត កែម ឡី នេះ ក្រុមយុវជនដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ពីរូបលោក ក៏កំពុងមមាញឹកក្នុងការចងក្រង និងចេញផ្សាយសៀវភៅទស្សនទានរបស់បណ្ឌិត កែម ឡី ដែរ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង និងជាសមាជិកក្រុមចងក្រងសៀវភៅ លោក ហង្ស វិទូ ថ្លែងថា ក្រុមការងាររបស់លោកបានរៀបចំទស្សនៈ បទវិភាគ និងរឿងកំប្លែងរបស់បណ្ឌិត កែម ឡី រួចរាល់ហើយ និងកំពុងស្ថិតក្នុងដំណាក់កាលនៃការត្រួតពិនិត្យអក្ខរាវិរុទ្ធ និងឃ្លោងឃ្លាមួយចំនួន។
លោក ហង្ស វិទូ ឲ្យដឹងទៀតថា សៀវភៅកម្រាស់ជាង ១០០ទំព័រដែលគ្រោងនឹងចេញផ្សាយនាពេលឆាប់ៗខាងមុខនេះ កត់ត្រាទុកនូវរាល់ទស្សនទានរបស់បណ្ឌិត កែម ឡី ពេលដែលលោកបញ្ចេញវោរហាស័ព្ទតាមប្រព័ន្ធផ្សព្វផ្សាយពេលដែលលោកបង្រៀនយុវជន ពេលដែលលោកចុះអប់រំពលរដ្ឋតាមមូលដ្ឋាន និងការសិក្សាស្រាវជ្រាវរបស់លោកសម្រាប់អង្គការជាតិ និងអន្តរជាតិ។ លោកបន្តថា ក្រុមរបស់លោកនឹងប្រឹងប្រែងធ្វើយ៉ាងណាឲ្យសៀវភៅនេះចេញផ្សាយមុនបុណ្យខួបគម្រប់ ១០០ថ្ងៃបណ្ឌិត កែម ឡី ដើម្បីឲ្យសាធារណជនបានអាន និងចងចាំនូវពាក្យពេចន៍ និងសេចក្តីទូន្មានរបស់បណ្ឌិត កែម ឡី៖ «សង្ឃឹមថាបន្ទាប់ពីបោះពុម្ពរួច បងប្អូននឹងជាវដើម្បីមើល ហើយសង្ឃឹមថាបងប្អូននឹងយល់ពីទស្សនៈរបស់គាត់ ហើយយកទស្សនៈរបស់គាត់ទៅអនុវត្តដើម្បីឲ្យលាចាកលោកទៅ គាត់បានស្ងប់ចិត្ត»។
ទោបីជាយ៉ាងណា បញ្ហាប្រឈមរបស់ក្រុមយុវជននេះ គឺកង្វះខាតបច្ចេកទេសក្នុងការរចនាសៀវភៅ និងសំខាន់បំផុត គឺកង្វះថវិកាបោះពុម្ពផ្សាយសៀវភៅ៕