ពលរដ្ឋ​១១​គ្រួសារ​នៅ​បាត់ដំបង​សុំ​អន្តរាគមន៍​ពី​លោក ស ខេង រឿង​មន្ត្រី​ម្នាក់​បោក​យក​លុយ​​រត់ការ​ចូល​ក្របខ័ណ្ឌ​ប៉ូលិស

0:00 / 0:00

ពលរដ្ឋ​ចំនួន ១១​គ្រួសារ​នៅ​ខេត្ត​បាត់ដំបង​ សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​មហាផ្ទៃ​ ​ជួយ​អន្តរាគមន៍​លើ​ករណី​មន្ត្រី​ពន្ធនាគារ​ម្នាក់​បោក​លុយ​ពួក​គេ​ជិត ១០​ម៉ឺន​ដុល្លារ​ក្រោម​ហេតុផល​ជួយ​រត់ការ​ឱ្យ​ពួក​គេ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។ មន្ត្រី​សង្គម​ស៊ីវិល​ថា​ ឱ្យ​រដ្ឋាភិបាល​គួរ​ស៊ើប​អង្កេតនិង​ចាត់​វិធានការ​តាមផ្លូវ​ច្បាប់​លើ​ជន​ទាំង​នោះ។

ពលរដ្ឋ​ចំនួន ១១គ្រួសារ​ ដែល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្រុម​យុវជន​ស្រឡាញ់​សន្តិភាព​អះអាង​ថា ពួកគេ​បាន​ចាញ់​បោក​មន្ត្រី​ពន្ធនាគារ​ម្នាក់​នៅ​ខេត្ត​បាត់​ដំបង​ អស់​លុយ​​ម្នាក់ៗ​រាប់​ពាន់​ដុល្លារ​​ដើម្បី​ឱ្យ​មន្ត្រី​រូប​នេះ​ជួយ​រត់ការ​ប្រឡង​ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​​ប៉ុន្តែ មិន​សម​តាមបំណង។ ពួកគាត់​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បន្ទាប់​ពី​បាត់បង់​ប្រាក់​សរុប​អស់​ជិត ១០​ម៉ឺន​ដុល្លារ ហើយ​កំពុង​ប្រឈម​នឹង​បំណុល​ធនាគារ។

ពលរដ្ឋ​នៅ​ស្រុក​សំឡូត​លោកអ៊ិន កុសល ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី១០ ឧសភាថា លោក​បាន​ប្រគល់​ប្រាក់​ចំនួន ៨ពាន់ដុល្លារ (៨.០០០) ឱ្យទៅ​លោកស្រី ស៊ឹម សុខុន ជា​ថ្នូរ​នឹង​ការ​សន្យា​រត់ការ​ជួយ​ឱ្យ​លោក​បាន​ប្រឡងជាប់​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ឈរ​ជើង​នៅ​ច្រក​ព្រំដែន។ លោក​បន្ត​ថា​លោកស្រី ស៊ឹម សុខុន បាន​សន្យា ថា​នឹង​សង​លុយ​មក​វិញ​ប្រសិន​បើ​មិន​អាច​ជួយ​លោក​ឱ្យ​ប្រឡង​ជាប់​ប៉ុន្តែ​លោកស្រី​មិន​បាន​ធ្វើ​តាម​ការ​សន្យា​នោះ​ទេ​បន្ទាប់​ពី​លោក​ប្រឡង​មិន​ជាប់​ដូច​ការ​ធានា​របស់​លោកស្រី។ លោក​បន្ថែម​ថា លោក​បាន​ស្វែង​រក​ដំណោះ​ស្រាយ​តាម​អភិបាល​ខេត្ត​បាត់ដំបង​ច្រើន​លើក​មក​ហើយ​តែ​នៅ​តែ​មិន​ទាន់​ទទួល​បាន​លុយ​ត្រឡប់​មក​វិញ។

លោក អ៊ិន កុសល៖«រឿង​ហ្នឹង​មាន​ការ​តវ៉ា​តាំង​ពី​ខែ៩​ឆ្នាំ២០២២​ហើយ​រហូត​មកដល់​ពេល​ហ្នឹង​អត់​ទាន់​មាន​បាន​ផ្លែផ្កា​អី​ទេ។​ហើយ​ខ្ញុំ​ដាក់​ពាក្យ​បណ្ដឹង​គាត់​លោកស្រី​ហ្នឹង​គាត់​មិន​ដែល​ជំទាស់​ទេ ​គាត់​ថា ព្រម​ទទួល​សង​តែ​ដល់​ថ្ងៃ​សង​បែរ​ជា​មិន​បាន​លុយ»។

ក្នុង​ពាក្យ​បណ្ដឹង​ដាក់​ទៅ​លោកស ខេង ពលរដ្ឋ​ទាំង​១១នាក់​​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១​ពួក​គេ​បាន​ប្រគល់​ប្រាក់​ឱ្យ​លោកស្រី ស៊ឹម សុខុន បន្ទាប់​ពី​ជន​សង្ស័យ​អះអាង​ថា នឹង​ជួយ​ឲ្យ​ពួក​គេ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​ ដោយ​សារ​តែ​ពួកគេ​ជា​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ឬ​ក្រុម​យុវជន​ស្រឡាញ់​សន្តិភាព។

ពលរដ្ឋ​ម្នាក់​ទៀត​ដែល​ជា​អនុ​ប្រធាន​ភូមិ​ស្រែ​អណ្ដូង​លោកស្រីរដ្ឋ ហឿង ប្រាប់​វិទ្យុ​អាស៊ីសេរីថា​លោក​ស្រី​ចាញ់​បោក​លោកស្រី ស៊ឹម សុខុន​​អស់ប្រាក់​ចំនួន​៩ពាន់​ដុល្លារ​ ​(៩.០០០) ដើម្បី​រត់ការ​ជួយ​ឱ្យ​កូន​ប្រុស​លោកស្រី​ប្រឡង​ចូល​ក្របខ័ណ្ឌ​​មន្ត្រី​នគរបាល​នៅ​ច្រក​ព្រំដែន​ ខ្មែរ-ថៃ​​នៅ​ស្រុក​សំឡូត។ លោកស្រី​បន្ត​ថា កន្លង​ទៅ​ជា​ច្រើន​ខែ​កូន​ប្រុស​របស់​អ្នកស្រី​មិន​ចូល​ធ្វើ​ការ​ក្របខ័ណ្ឌ​រដ្ឋ​នោះ​ទេ​ទើប​អ្នកស្រី​ជាមួយ​ជន​រងគ្រោះ​ដទៃ​ទៀត បាន​ទាមទារ​ឱ្យ​លោកស្រី ស៊ឹម សុខុន​ដែល​ជា​អ្នក​ស៊ី​ឈ្នួល​រត់​ការ​​ឱ្យ​សង​ប្រាក់​មក​ពួក​គាត់​វិញ​តាម​ការ​សន្យា។ លោកស្រី​លើក​ឡើង​ថា ដោយ​សារ​រយ:ពេល​មួយ​ឆ្នាំ​ហើយ​មិន​ទទួល​ប្រាក់​មក​វិញ​ទើប​លោក​ស្រី​ដាក់​ពាក្យ​បណ្តឹង​ទៅ​​សាលា​ខេត្ត​បាត់ដំបង​ហើយ​អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តបាន​ព្យាយាម​ដោះស្រាយ​ចំនួន​៣លើក នៅ​តែ​មិន​បាន​ថវិកា​មកវិញ​ទើប​លោកស្រី​សម្រេច​ចិត្ត​ដាក់​ពាក្យ​បណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​​ជួយ​ដោះស្រាយ​និង​រក​យុត្តិធម៌​ឱ្យ។

លោកស្រីរដ្ឋ ហឿង៖«ខ្ញុំ​គិត​ថា​លុយ​ប៉ុណ្ណឹង​មិន​មែន​ជា​ការ​ស៊ី​សំណូក​ទេ។នឹក​ឃើញ​ថា​លុយ​ប៉ុណ្ណឹង​គេ​យក​ទៅ​រត់ការ​ទៅ​ចុះ។មិន​គិត​ថា​ជា​ការ​សូក​ប៉ាន់​អី​ទេ។រត់​ការ​ទៅ​ឱ្យ​តែ​កូន​បាន​ការងារ​ធ្វើ​សុខចិត្ត​ជំពាក់​គេព្រោះ​ថា​នៅ​ពេល​បាន​ប្រាក់​ខែ​មក​យើង​បង់​រំលោះ​គេ។​ឥឡូវ​ដល់​ឆ្នាំធនាគារ​តម្រូវ​ការ​លុយ​បាន​ពួក​ខ្ញុំ​ស្រវេស្រវា ចង់​បងប្អូន​យើង​ថា​ម៉េច​ថា​ទៅ»។

ពលរដ្ឋ​ដែល​បាន​ពឹងពាក់​ឱ្យ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​លោកស្រីស៊ឹម សុខុន ជួយ​រត់​ការ​ឱ្យ​ខ្លួន​ឯង​ឬ​កូន​ចៅ​បាន​ចូល​បម្រើ​ក្នុង​ការងារ​ក្របខ័ណ្ឌ​រដ្ឋ​នេះ មាន​អ្នក​ខ្លះ​ជា​មន្ត្រី​មូលដ្ឋាន​ខ្លះ ជា​គ្រូ​បង្រៀន​ដែល​ពួកគាត់​សុទ្ធ​សឹង​ជា​យុវជន​ឬ​សកម្មជន​ស្រឡាញ់​សន្តិភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

ពួកគាត់​បញ្ជាក់​ថា​ប្រាក់​ដែល​ពួកគាត់​យក​ទៅ​ឱ្យ​លោកស្រី ស៊ឹម សុខុន​ដើម្បី​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​នេះ​គឺ​បាន​មក​ពី​ការ​ខ្ចី​ធនាគារ​​ដោយ​ដាក់​កម្មវត្ថុ​ថា យក​មក​បណ្ដាក់​ទុន​រក​ស៊ី​និង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​កសិកម្ម។ ពួក​គាត់​បារម្ភ​ថា​ប្រសិន​បើ​លោកស្រី ស៊ឹម សុខុន មិន​សង​ប្រាក់​មកវិញ​ទេ​នោះ​ ផ្ទះ​និង​ដី​របស់​ពួកគាត់​នឹង​ត្រូវ​លក់​ឡាយឡុង​ដើម្បី​យក​ប្រាក់​សង​ធនាគារ។​ពួកគាត់​បង្ហើប​ប្រាប់​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​លោកស្រីស៊ឹម សុខុន បាន​ប្រកប​របរ​រត់ការ​ចូល​ក្នុង​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ​នេះ​ជា​យូរ​មក​ហើយ​ដោយ​មាន​បណ្ដាញ​មន្ត្រី​ថ្នាក់​ស្រុក​មួយ​ចំនួន​ជា​អ្នក​ណែនាំ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​លោកស្រីស៊ឹម សុខុន ដើម្បី​សុំ​ការ​បក​ស្រាយ​បាន​ទេ នៅ​ថ្ងៃ​ទី១០ ឧសភា ដោយ​លោកស្រី​ចុច​ផ្ដាច់​ទូរស័ព្ទ​ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ទាក់ទង​រឿង​នេះ​ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង លោក សំអុល ធារិទ្ធ លើក​ឡើង​ថា​ករណី​នេះ​ជា​រឿង​បុគ្គល និង​បុគ្គល​ហើយ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង កំពុង​សាក​សួរ​លោកស្រី ស៊ឹម សុខុនបន្ថែម។ លោក​បញ្ជាក់​ថា ករណី​នេះ​អង្គភាព​ពន្ធនាគារ​ខេត្ត​បាត់​ដំបង មិន​បាន​ឃាត់​ខ្លួន​លោកស្រី​​ស៊ឹម សុខុន បណ្ដោះអាសន្ន​នោះ​ទេ​ព្រោះ​មិន​មាន​ភ័ស្ដុតាង​សំអាង។

លោក សំអុល ធារិទ្ធ៖«រឿង​បុគ្គល!​រឿង​បុគ្គល!​យើង​មាន​ស្អី​ដែល​ជា​សំអាង​ឆ្លើយ​ថា វា​គ្រប់​លក្ខខ័ណ្ឌ​សម្រាប់​ដាក់​ទោស​ទណ្ឌ​ហើយ​ឬ​នៅ?​គេ​កំពុង​ធ្វើ​ការ»។

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បាត់ដំបង​និង​ខេត្ត​ប៉ៃលិន លោកយិន ម៉េងលី មាន​ប្រសាសន៍​ថា ទម្លាប់​ការ​រត់ការ​ដើម្បី​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ដោយ​មិន​បាន​ឆ្លង​កាត់​ការ​ប្រឡង​តេស្ដ​សមត្ថភាព​ត្រឹម​ត្រូវ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​មាន​សមត្ថភាព​ចំណេះ​ដឹង​ពិត​ប្រាកដ​ដែល​តស៊ូ និង​មាន​បំណង​ចូល​បម្រើ​ជាតិ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​ស៊ើប​អង្កេត​លើ​ករណី​នេះ ឱ្យ​បាន​ច្បាស់លាស់​និង​ចាត់​វិធានការ​តឹងរ៉ឹង​ដើម្បី​ចម្រាញ់​យក​អ្នក​មាន​សមត្ថភាព​និង​ចង់​ចូល​បម្រើ​ជាតិ​ពិត​ប្រាកដ។

លោកយិន ម៉េងលី៖«អ៊ីចឹង​នេះ​ជា​ការ​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​មួយ​នៅ​ក្នុង​សង្គម​ជាតិ​យើង​ក្នុង​ការ​ចូល​បម្រើ​ក្នុង​ក្របខ័ណ្ឌ​រដ្ឋសុទ្ធ​តែ​ចំណាយ​លុយ​រាប់ពាន់ រាប់​ម៉ឺន​ដុល្លារ​ទើប​បានៗ​ខ្លះ​ទៀត​អត់​បាន។​[…]​យើង​មាន​និស្សិត​ជា​ច្រើន​ណាស់​ដែល​បាន​បញ្ចប់​(​ការសិក្សា)​ហើយ​លោក​មាន​សមត្ថភាព​តែ​លោក​ពិបាក​ក្នុង​ការ​ចូល។​អ៊ីចឹង​យើង​ត្រូវតែ​បើក​ចំហ​ឱ្យ​មាន​​តម្លាភាព​ឱ្យ​មាន​ការ​ប្រឡង​ជាក់​លាក់​កុំឱ្យ​មាន​អំពើ​ហ្នឹង​ទៀត»។

ការ​ដាក់​តម្លៃ​លើ​តំណែង​តួនាទី​ដើម្បី​បាន​ចូល​ក្នុង​ក្របខ័ណ្ឌ​រដ្ឋ​ដូច​ទំនិញ​ក្នុង​ទីផ្សារ​បាន​ក្លាយ​ជា​រឿង​ធម្មតា​សម្រាប់​បុគ្គល​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​យក​ចំណុច​នេះ ជា​ការ​រក​ស៊ី​តាម​រយៈ​ការ​រត់​ការ​និង​រៀបចំ​ឯកសារ​ផ្សេងៗ។ការ​រត់​ការ​តំណែង តួនាទី​ សក្តិ ​ទាំង​នោះ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ជួរ​នគរបាល​ កងទ័ព​ក្រសួង​ស្ថាប័ន​និង​តំណែង​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​តម្លៃ​ចាប់​ពី​៥ពាន់​ដុល្លារ​រហូត​ដល់​២ទៅ​៣ម៉ឺន​ដុល្លារ​ក៏​មាន។

​មាត្រា​៦០៥​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ​​ដែល​និយាយ​អំពី​បទ​ល្មើស​«សូក​ប៉ាន់»​ ចែង​ថា ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ ទៅ១០​ឆ្នាំ​ ​ចំពោះ​បុគ្គល​ណា​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ស៊ី​សំណូក សូក​ប៉ាន់​ ​ដោយ​ផ្ទាល់​ ឬ​ប្រយោល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។