អគ្គនាយកអង្គភាពកម្ចាត់មីនកម្ពុជា លោក ហេង រតនា បានអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ដោយសារតែមនុស្សពីរនាក់ យាយ និងចៅ បានស្លាប់ ពេលរើសគ្រាប់មិនផ្ទុះទៅបំបែកយកបំណែកលក់អេតចាយ។
លោកបញ្ជាក់ថា បើពលរដ្ឋណាជួបប្រទះឃើញមានគ្រាប់យុទ្ធភណ្ឌដែលមិនទានផ្ទុះ ឬវត្ថុដែលសង្ស័យថា ជាសំណល់ដែលមានជាតិផ្ទុះសល់ពីសម័យសង្គ្រាម សូមរាយការណ៍ទៅប្រាប់អាជ្ញាធរនៅតាមមូលដ្ឋានជាពិសេសនគរបាលជាតិ និងនគរបាលប៉ុស្តិ៍ដែលនៅក្បែរៗខ្លួនដើម្បីទំនាក់ទំនងរកអ្នកជំនាញបច្ចេកទេស ឬក៏ទាក់ទងមកអង្គភាព ស៊ីម៉ាក (CMAC) ដើម្បីដោះស្រាយបញ្ហាជូនពលរដ្ឋ ចៀសវាងយកគ្រាប់យុទ្ធភណ្ឌដែលសង្ស័យនោះទៅដំដែលអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។
លោក ហេង រតនា បានប្រាប់អាស៊ីសេរីថា គ្រាប់ដែលជីដូន និងចៅយកទៅដំផ្ទុះនៅឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង នោះជាប្រភេទគ្រាប់បែកដៃ៖ «ជាប្រភេទគ្រាប់បែក ដែលគេហៅថាគ្រាប់បែកក្រសាំងហើយគ្រាប់នេះ នៅសល់តាំងពីគ្រួសារគាត់រក្សាទុកកន្លងមកជាគ្រាប់បែកដៃ ជាអតីតកងទ័ពហើយគាត់យកមកដំដើម្បីយកជាតិដែកលក់អេតចាយ»។
លោកមិនអាចបញ្ជាក់បានថា គ្រាប់បែកដៃនោះសល់តាំងពីសម័យណាមកនោះទេ ដោយសារតែខាងស៊ីម៉ាក់មិនទាន់មានលទ្ធភាពស្រាវជ្រាវរកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅឡើយទេ។ ស៊ីម៉ាក់ (CMAC) ធ្វើការស្រាវជ្រាវតែទៅលើផ្ទៃដីចម្ការមីនតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។