ប្រភពពីប៉ូលីស និងមន្ត្រីនៃសាលាស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានឱ្យដឹងថា កុមារ ២នាក់ ដែលរស់នៅភូមិព្រៃវែង ឃុំគោកមន បានរងរបួសរលាកស្បែកនៅលើខ្លួន និងមុខជាច្រើនកន្លែង កាលពីថ្ងៃទី៩ ខែមីនា កន្លងទៅ។
ការរងរបួសនោះ នៅពេលពួកគេបានដណ្ដើមគ្នារើសប៉េងប៉ោងដែលបង្ហោះពីប្រទេសថៃ ជាច្រើន មកចែកគ្នាលេង ហើយប៉េងប៉ោងបែកបានជះចំហាយខ្យល់ម្យ៉ាងមកប៉ះនឹងខ្លួនពួកគេ។
អភិបាលស្រុកបន្ទាយអំពិល លោក ហាំង ម៉េង បានមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១១ ខែមីនា ថា មានប៉េងប៉ោង ២ចង្កោមធំ ចំនួនប្រហែល ២០០ ដែលបង្ហោះចេញពីប្រទេសថៃ បានធ្លាក់នៅក្នុងទឹកដីនៃស្រុករបស់លោក កាលពីថ្ងៃទី៩ ខែមីនា។
មន្ត្រីដដែលបានបញ្ជាក់ថា តាមបដាអក្សរដែលគេចងភ្ជាប់ គឺប៉េងប៉ោងនោះបានបង្ហោះចេញពីការប្រារព្ធពីធីប្រឆាំងគ្រឿងញៀនមួយ នៅក្នុងប្រទេសថៃ។ នៅពេលដែលប៉េងប៉ោងនោះធ្លាក់ ដោយមានក្មេងនាំគ្នាទៅរើសលេង ហើយបែកបានបណ្ដាលឱ្យក្មេងប្រុសម្នាក់ឈ្មោះ ផែត ប៉ោច អាយុ ១១ឆ្នាំ និងម្នាក់ទៀតឈ្មោះ យ៉ាក តួ អាយុ ១២ឆ្នាំ រងរបួសរលាកស្បែកនៅលើរាងកាយ។
លោក ហាំង ម៉េង៖ «ក្នុង១ដុំហ្នឹងវាមានប្រហែលជា ១០០ប៉េងប៉ោង វាធ្លាក់មកស្រុកបន្ទាយអំពិលហ្នឹង ចំនួន ២ដុំ ក្មេងដែលវាឃើញអ៊ីចឹងទៅក៏នាំគ្នារត់ទៅរើសយកប៉េងប៉ោងលេង។ ប៉េងប៉ោងនោះក៏វាផ្ទុះតៗគ្នា ១ចង្កោមអស់ទៅ។ វាផ្ទុះអ៊ីចឹងក៏វារលាកខ្លួនដូចយើងសាចទឹកក្ដៅត្រូវពងរបកស្បែកតិចៗ ត្រូវមុខ ត្រូវខ្លួន។ យើងយកទៅមណ្ឌលសុខភាព ឱ្យពេទ្យលាបថ្នាំលាបអីឱ្យហើយ ហើយយើងឱ្យកម្លាំងរបស់យើងតាមពិនិត្យមើលសុខភាពរបស់ក្មេង តើវាប្រែប្រួលយ៉ាងម៉េច? អ៊ីចឹងមកដល់ម៉ោងនេះសុខភាពក្មេងអត់អីទេ»។
អាជ្ញាធរមិនទាន់ប្រាកដថា តើនៅក្នុងប៉េងប៉ោងនោះអាចមានជាតិគីមី ឬយ៉ាងណានៅឡើយទេ ដោយគេបានរក្សាទុកប៉េងប៉ោង ១ចង្កោមទៀត ដើម្បីឱ្យអ្នកជំនាញជួយពិនិត្យមើល។
អធិការនគរបាលស្រុកបន្ទាយអំពិល លោក ហុង ចំរើន មិនបានអធិប្បាយក្បោះក្បាយចំពោះបញ្ហានេះទេ ដោយលោកបានត្រឹមតែទទួលស្គាល់ថា ពិតជាមានហេតុការណ៍ដូច្នោះមែន៖ «មានករណីហ្នឹងមានមែន តែខ្ញុំអត់បានរៀបរាប់ទេណា ខ្ញុំជាប់រវល់បន្តិច សូមទោស»។
មន្ត្រីស្រុកបន្ទាយអំពិល បានអះអាងថា កាលពីព្រឹកថ្ងៃទី១១ ខែមិនា ក្រុមអ្នកជំនាញខាងដោះមីនបានទៅពិនិត្យមើលប៉េងប៉ោងនោះ ហើយបានសន្និដ្ឋានថា កុមារ ២នាក់ ដែលរងរបួសអាចដោយសារតែនៅក្នុងប៉េងប៉ោង គឺគេសប់បញ្ចូលខ្យល់ដែលមានសារជាតិឧស្ម័នថ្មស្អុយ ហើយនៅពេលដែលប៉េងប៉ោងបែក គឺជាតិឧស្ម័នថ្មស្អុយ នៅក្នុងប៉េងប៉ោងដែលត្រូវកម្ដៅថ្ងៃផង អាចនឹងភាយចំហាយខ្លាំងមកប៉ះរាងកាយកុមារបណ្ដាលឱ្យរលាកដូច្នេះ។ ទោះយ៉ាងណាមិនទាន់មានក្រុមអ្នកជំនាញខាងគីមីសាស្ត្រណាមកពិសោធន៍ដើម្បីបញ្ជាក់ឱ្យច្បាស់ថា នៅក្នុងប៉េងប៉ោងនោះមានសារធាតុអ្វីនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
