សមត្ថកិច្ចនៅថ្ងៃសុក្រនេះ ប្រកាសពីលទ្ធផលរកឃើញយុវជនប្រុសស្រី ចំនួន ៣១នាក់ មានផ្ទុកសារធាតុញៀន ក្នុងចំណោម ៥០នាក់ ដែលឃាត់ខ្លួន នៅក្លឹបកម្សាន្តរាត្រី ឈ្មោះ ម៉ៃអាមី (MIAMI Night Club & Dance Party) កាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី១០ ចូលថ្ងៃទី១១ មេសា។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ប្រាប់សារព័ត៌មានក្នុងស្រុក (Vodhotnews.com) ថា អ្នកប្រើប្រាស់គ្រឿងញៀន ដែលរកឃើញតាមរយៈការពិនិត្យទឹកនោម ទាំង ៣១នាក់ ស្ម័គ្រចិត្តទៅព្យាបាលនៅមណ្ឌលសុខភាព និងមណ្ឌលកែប្រែដោយខ្លួនឯង។ ចំណែកអ្នកជាប់ពាក់ព័ន្ធការជួញដូរ និងជួយសម្របសម្រួលឲ្យមានការសេពគ្រឿងញៀនវិញ សមត្ថកិច្ចនឹងចាត់ការតាមច្បាប់។ ម្ចាស់ក្លឹបកម្សាន្តរាត្រី ម៉ៃអាមី ជាជនជាតិខ្មែរ ឈ្មោះ ស្រិន វីរៈ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺបន្ថែមពីលោក ស ថេត និងអគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកគ្រឿងញៀន លោក ម៉ក់ ជីតូ បានទេ នៅថ្ងៃទី១១ និង ១២ មេសា ដោយសារមិនលើកទូរស័ព្ទ។
សារព័ត៌មានក្នុងស្រុក (ភ្នំពេញប៉ុស្ដិ៍) ស្រង់សំដី លោក ម៉ក់ ជីតូ ប្រាប់ថា សមត្ថកិច្ចកំពុងរៀបចំថ្លឹងគ្រឿងញៀនទាំងអស់ និងកំពុងសួរនាំជនសង្ស័យបន្ថែមទៀត ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ។ លោក ម៉ក់ ជីតូ ថា ក្នុងចំណោមអ្នកឃាត់ខ្លួន ៥០នាក់ មាន ៧នាក់ ជាមុខសញ្ញាជួញដូរយ៉ាងសកម្ម នៅក្នុងក្លឹបកម្សាន្ត ម៉ៃអាមី ហើយម្នាក់ក្នុងចំណោមនោះ មានដីកាបង្គាប់ឲ្យតាមចាប់ខ្លួន។ ក្រៅពីនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត រកអ្នកនៅពីក្រោយខ្នងផ្សេងទៀត។
ក្លឹប ម៉ៃអាមី មានទីតាំងស្ថិតនៅលើផ្លូវ ៣៦០ ភូមិ ៨ សង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ និងជាក្លឹបកម្សាន្តទី២ នៅភ្នំពេញ ដែលត្រូវបង្ក្រាប ដោយសារករណីគ្រឿងញៀន បន្ទាប់ពីការបង្ក្រាបលើកទីមួយ នៅមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ (Rock) របស់ឧកញ៉ា គិត ធាង ដែលជាបងប្រុស ឧកញ៉ា គិត ម៉េង ជាឈ្មួញធំនៅស្រុកខ្មែរ ដែលកន្លងមកស្និទ្ធនឹងលោក ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច។
ចំណែកប្រព័ន្ធឃោសនាស្និទ្ធនឹងរបបឯកបក្ស (Freshnews) អះអាងថា មានមន្ត្រីជាន់ខ្ពស់ម្នាក់ ប្រាប់ថា គ្រឿងញៀន ដែលរឹបអូសបានពីការបង្ក្រាបក្លឹបកម្សាន្ត ម៉ៃអាមី មានចំនួនជាង ១០គីឡូក្រាម និងមានមនុស្ស ៣២នាក់ មានផ្ទុកសារធាតុញៀន។ ប្រព័ន្ធឃោសនានេះ ក៏អះអាងថា អាជ្ញាធរខណ្ឌចំការមន ធ្លាប់ចុះបិទទីតាំងក្លឹប ម៉ៃអាមី ៣ដងហើយ តែបិទមិនបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
