ពលរដ្ឋ​ចំនួន ៤០​នាក់ រង​របួស​និង​ស្លាប់​ដោយសារ​ជាន់​គ្រាប់​មីន រយៈពេល​១០​ខែ​ឆ្នាំ​២០២២

ពលរដ្ឋ​រងគ្រោះ​ដែល​ស្លាប់​និង​រង​របួស ដោយសារ​ជាន់​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ រយៈពេល​១០​ខែ ឆ្នាំ​២០២២ បាន​ធ្លាក់ចុះ​៥% បើ​ធៀប​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០២១។របាយការណ៍​របស់​អាជ្ញាធរ​មីន និង​សង្គ្រោះ​ជនរងគ្រោះ ហៅ​កាត់​ថា ស៊ីម៉ាក (CMAA) ឲ្យ​ដឹង​ថា ជនរងគ្រោះ​ទាំង​៤០​នាក់​នោះ មាន​ស្លាប់​ចំនួន​១០​នាក់ បាត់បង់​អវយវៈ ៧​នាក់ និង​២៣​នាក់​ផ្សេងទៀត​រង​របួស​ស្រាល​។

ហេតុការណ៍​គ្រោះថ្នាក់​កើតឡើង​ទាំងនោះ គឺ​កើតឡើង​នៅ​ខេត្ត​ចំនួន​១១ រួមមាន​ខេត្ត​ព្រះវិហារ បាត់ដំបង កំពង់ធំ ស្វាយរៀង ពោធិ៍សាត់ បន្ទាយមានជ័យ រតនគីរី ក្រចេះ ប៉ៃលិន សៀមរាប និង​ខេត្ត​ព្រះសីហនុ។

ចាប់ពី​ឆ្នាំ​១៩៧០ ដល់​ខែតុលា ឆ្នាំ​២០២២ ចំនួន​អ្នក​ស្លាប់​ដោយសារ​ជាន់​គ្រាប់មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ មាន​ចំនួន ជិត​២​ម៉ឺន​នាក់ (១៩,៨១៨) រង​របួស​ជាង ៤​ម៉ឺន ៥​ពាន់​នាក់ (៤៥,១៨៦)។

រដ្ឋាភិបាល​កម្ពុជា បេ្តជ្ញា​បោសសំអាត​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ដែល​សេស​សល់​ពី​សង្គ្រាម​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥ ខាងមុខ​។ ប្រទេស​ដែល​ផ្តល់​ថវិកា​សំរាប់​វិស័យ​បោសសំអាត​មីន ច្រើន​ជាងគេ រួមមាន​ប្រទេស​ជប៉ុន ចិន កូរ៉េ អូស្ត្រាលី អឺរ៉ុប និង​អាមេរិក​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។