អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) ដែលធ្វើការងារទាក់ទងយុវជន បង្ហាញរបាយការណ៍ថា យុវជនជាង ៦០ភាគរយកំពុងធ្វើការទទួលបានប្រាក់កម្រៃតិចតួច ហើយអ្នកទាំងនោះមានកម្រិតវប្បធម៌ទាបត្រឹមកម្រិតអនុវិទ្យាល័យ។ សង្គមស៊ីវិល សម្ដែងការព្រួយបារម្ភចំពោះការរកឃើញបែបនេះ។
របាយការណ៍ដែលរកឃើញបែបនេះ គឺយោងតាមប្រភពពីទិន្នន័យពីអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) ទិន្នន័យរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ របាយការណ៍របស់អង្គការវិទ្យាស្ថានស្ថិតិ និងរបាយការណ៍របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ដែលមានស្រាប់។
របាយការណ៍នេះដែរ ក៏ចង់បង្ហាញពីការព្រួយបារម្ភ និងចង់បង្ហាញទៅរដ្ឋាភិបាល ដើម្បីឲ្យរកមធ្យោបាយដោះស្រាយបញ្ហាជូនក្រុមយុវជនដែលរកចំណូលតិចតួច ដើម្បីផ្គត់ផ្គង់គ្រួសារប្រចាំថ្ងៃនោះ។
អ្នកសិក្សាផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី ជាអ្នកស្រាវជ្រាវ បញ្ជាក់បន្ថែមលើរបាយការណ៍នេះថា ក្រុមយុវជនដែលពិបាករកចំណូលភាគច្រើន គឺធ្វើការងារមិនទទួលបានប្រាក់កម្រៃ ឬបានប្រាក់កម្រៃតិចតួច ដែលជាការងារមិនច្បាស់លាស់ ហើយអ្នកផ្សេងទៀតធ្វើការងារជាប្រភេទសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឬការងារតាមចិញ្ចើមផ្លូវ។ លោកថា កត្តាដែលយុវជនសម្រេចចិត្តធ្វើការងារបែបនេះ ព្រោះបញ្ហាសេដ្ឋកិច្ចគ្រួសារ រៀនធ្លាក់នៅអនុវិទ្យាល័យ និងយុវជនមួយចំនួនចង់រកការងារធ្វើដោយខ្លួនឯង៖ «យុវជនដែលធ្វើការងារហ្នឹង គឺរៀនត្រឹមអនុវិទ្យាល័យ ឬក្រោមនេះ ចឹងហើយទំហំការងារ និងប្រាក់កម្រៃនៃការងារហ្នឹង មិនទទួលបានប្រាក់ខែជោគជ័យទេ»។
របាយការណ៍របស់អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា បង្ហាញទៀតថា យុវជនធ្វើការងារនៅក្នុងវិស័យកសិកម្មជាលំដាប់ថ្នាក់ទី១ (៤៧,១%) ទី២ វិស័យសេវាកម្ម (ជិត៣០,១%) និងទី៣ វិស័យឧស្សាហកម្ម (២២,១%)។
ទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីក្រសួងការងារ ដើម្បីសុំការឆ្លើយតបជុំវិញនឹងការរកឃើញរបស់របាយការណ៍នេះបាននៅឡើយទេ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា។
ដោយឡែកប្រធានអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លោក ជាង សុខា យល់ថា ការបង្ហាញរបាយការណ៍នេះជាការបង្ហាញក្តីបារម្ភ ខណៈដែលយុវជនជាកម្លាំងក្នុងគ្រួសារ និងក្នុងសង្គម។ លោកយល់ថា ការរកឃើញនេះដើម្បីឲ្យយុវជនត្រៀមលក្ខណៈជាមុន ដើម្បីហក់ចូលទីផ្សារការងារ៖ «ក្នុងស្ថានភាពប្រទេសកម្ពុជា យុវជនគួរដើរលើផ្លូវពីរ។ ទីមួយ ពង្រឹងខ្លួនឯងឲ្យក្លាយជាធនធានមួយ។ ចំណែកមួយទៀត នៅពេលឃើញស្ថានភាពបែបហ្នឹង ជារួមចំណែកមួយផ្តល់ការងារដល់អ្នកផ្សេងដែរ»។
យុវជនកម្ពុជា ដែលមានអាយុចាប់ពី ១៥ឆ្នាំទៅ ៣០ឆ្នាំមានចំនួន ៣២,៧៣% ឬ ៤.៣៨៤.៤០៧នាក់ ដែលជាកម្លាំងស្នូលក្នុងកិច្ចការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងវប្បធម៌។
និស្សិតនៃសាកលវិទ្យាល័យខេមរៈ លោក សៀន ពិសិដ្ឋ បញ្ចេញទស្សនៈថា ដើម្បីអាចទទួលបានការងារល្អ យុវជនត្រូវមានជំនាញច្បាស់លាស់ និងមានបទពិសោធន៍។ យុវជនរូបនេះយល់ថា ប្រសិនបើរៀនជំនាញណាដែលទីផ្សារការងារមានតម្រូវការងារច្រើន គឺរឹតតែធ្វើឲ្យគេងាយទទួលបានការងារធ្វើ៖ «ក្នុងនាមជាយុវជន ត្រូវរៀនជំនាញឲ្យច្បាស់លាស់ សិក្សាឲ្យស៊ីជម្រៅដើម្បីចូលរួមធ្វើការងារឲ្យសកម្ម»។
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ស្នើដល់ស្ថាប័ននានា គួរតែផ្តល់ឱកាសការងារដល់យុវជន ធ្វើការស្រាវជ្រាវតាមបែបប្រចាំឆ្នាំពីការផ្លាស់ប្ដូរទីផ្សារការងារនៃស្ត្រី និងបុរសវ័យក្មេងក្នុងប្រទេសកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
