កម្មកររោងចក្ររងរបួសធ្ងន់ និងស្រាលចំនួន ៧៦នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តដឹកពួកគាត់ទៅធ្វើការនៅខេត្តកណ្ដាល។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរគួរតែចុះពង្រឹងការអនុវត្តច្បាប់ និងមានវិធានការត្រួតពិនិត្យឡានដឹកកម្មករឡើងវិញ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍។
កម្មកររោងចក្រភាគច្រើនជាស្ត្រីមានចំនួន ៧៦នាក់ និងមានស្ត្រីពោះធំ២នាក់រងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ដោយសារឡានដែលដឹកពួកគាត់ ទៅធ្វើការបានក្រឡាប់ឡាន ធ្លាក់ចេញពីលើផ្លូវ នៅព្រឹកថ្ងៃទី៥ សីហា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខណៈពួកគាត់កំពុងធ្វើដំណើរលើឡានកូរ៉េ ម៉ាក ហ៊ីយុនដាយ (Hyundai) ពណ៌ស គ្មានស្លាកលេខ ចំណុះ២តោនកន្លះទៅធ្វើការរោងចក្រមួយកន្លែងនៅខេត្តកណ្ដាល។
ពលរដ្ឋរស់នៅស្រុកសំរោងទង ដែលឃើញហេតុការណ៍ផ្ទាល់ភ្នែក លោក សុខ គ្រៀ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៥ សីហា ថាមូលហេតុបណ្ដាលឱ្យមានគ្រោះក្រឡាប់រថយន្តដឹកកម្មករនេះគឺដោយសារតែផ្លូវកោងហើយអ្នកបើកបររថយន្តបើកល្បឿនលឿន។
លោក សុខ គ្រៀ៖ «នៅចំណុចហ្នឹងបើតាមអារម្មណ៍ខ្ញុំផ្ទាល់ខ្ញុំនិយាយតាមត្រង់ពេលដែលឃើញថាអាណិតចំពោះអ្នកជិះទាំងគេទាំងយើងដើម្បីជីវភាពអ៊ីចឹងដល់ពេលយើងជាច្រើននាក់ផ្ញើជីវិតលើតៃកុងម្នាក់អ៊ីចឹងបើសិនជាសុវត្ថិភាពល្អក៏ល្អ បើសុវត្ថិភាពមិនល្អយើងមានតែចូលរួមសោកស្ដាយអ៊ីចឹងទៅ»។
ឆ្លើយតបបញ្ហានេះអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ថ្លែងថា ក្នុងហេតុការណ៍នេះមាន អ្នករងរបួសធ្ងន់១០នាក់ និងស្រាល៥០នាក់ ហើយស្ត្រីពោះធំ២នាក់បញ្ជូនកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញដើម្បីតាមដានបន្ត។ លោកបន្តថា បញ្ហានេះគឺដោយសារអ្នកបើកបរបើកមិនគោរពច្បាប់ចរាចរណ៍ ប៉ុន្តែអ្នករងរបួសទាំងអស់នោះនឹងមិនចំណាយថវិកាផ្ទាល់ខ្លួននោះទេ ពីព្រោះពួកគាត់មានប័ណ្ណប.ស.ស ដែលគាំពារសុខភាព។
លោក វ៉ី សំណាង៖ «មួយឆ្នាំអាចមានម្ដងអីដែលវាមិនញឹកញាប់អីទេ បើកាលពីមុនវាមានច្រើនមែន ប៉ុន្តែដោយសារជីវភាពពួកគាត់ប្រសើរឡើងអ៊ីចឹង គាត់ប្រើប្រាស់មធ្យោបាយឯកជនរបស់គាត់មានម៉ូតូរៀងៗខ្លួនអ៊ីចឹងទៅ ប៉ុន្តែអ្នកមួយចំនួនទៀតក៏គាត់នៅតែប្រើឡានរួមដែលហើយឡានរួមហ្នឹងគាត់ជិះទៅធ្វើការនៅស្រុកអង្គស្នួល ខេត្តកណ្ដាល»។
ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មកររោងចក្រនេះ តែងកើតឡើងជាញឹកញាប់ដោយមួយលើកៗតែងបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
មាត្រា ៨៥ នៃច្បាប់ចរាចរណ៍ថ្មីបានចែងថា អ្នកបើកបរដែលបង្កឱ្យមានអ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យពី ៤លាន ទៅ ១៥លានរៀល។ ទោសនេះនឹងត្រូវផ្ដន្ទាទោសពី ២ឆ្នាំ ទៅ ៥ឆ្នាំ ពិន័យពី ១០លានរៀល ដល់ ២៥លានរៀល ប្រសិនបើបណ្ដាលឱ្យមានអ្នកស្លាប់ច្រើននាក់ ឬករណីផ្សេងៗមួយចំនួនទៀត។
ទោះជាយ៉ាងណា កាលពីឆ្នាំ២០២២ កន្លងទៅ ក៏មានហេតុការណ៍ក្រឡាប់រថយន្ត ដូចគ្នានេះ កើតឡើងផងដែរ ក្នុងនោះមានកម្មកររោងចក្រចំនួន២៧ នាក់រងរបួសធ្ងន់ និង ស្រាល ប៉ុន្តែអភិបាលខេត្តនេះអះអាងថា បញ្ហានេះពុំសូវកើតឡើងច្រើនករណីនោះទេ។
ជុំវិញបញ្ហានេះប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា បញ្ហានេះអាជ្ញាធរពាក់ព័ន្ធគួរតែចុះត្រួតពិនិត្យមើល អំពីកត្តាផ្លូវថ្នល់ រថយន្តដឹកកម្មករគ្មានស្តង់ដារដឹកលើសចំនួនកំណត់ និងអ្នកបើកបរគ្មានប័ណ្ណបើកបរ ដែលបង្កឱ្យមានគ្រោះថ្នាក់។ លោកបន្តថា រដ្ឋាភិបាលគួរតែមានរថយន្តសមរម្យសម្រាប់ដឹកនាំកម្មករដើម្បីធានាសុវត្ថិភាពពួកគាត់ជាជាងមានបញ្ហារុញដាក់គ្នា។
លោក អាត់ ធន់៖ «នៅតែទទូចដល់រដ្ឋាភិបាលគួរតែរៀបចំឡានក្រុង សម្រាប់ ដឹកកម្មករឱ្យទៅតាមបច្ចេកទេសហើយក្នុងករណីផ្លូវតូចយើងអាចដឹកឡានតូរីសផ្សេងទៀត ជាងនេះទៅទៀតគួរតែរឹតបន្តឹងតៃកុងឡាន និងការកែច្នៃឡានរ៉ឺម៉កខុសបច្ចេកទេសហ្នឹងឱ្យមានស្តង់ដារ ហើយមួយទៀតពិនិត្យចំពោះអ្នកបើកបរតែម្ដងពិនិត្យឃើញគាត់មានគ្រឿងញៀនមានស្រវឹងស្រាត្រូវតែអនុវត្តតាមច្បាប់ឱ្យបានតឹងតែង»។
របាយការណ៍ របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានកើតឡើងលើកម្មករនិយោជិតសរុបចំនួន ជាង៥ពាន់នាក់ (៥.១៥៨) ករណីដែលមានជនរងគ្រោះសរុបចំនួនជាង៦ពាន់ នាក់ (៦.០៥១) ស្លាប់ចំនួន ជាង១រយនាក់ (១៥៦) របួសធ្ងន់ជាង១ពាន់នាក់ (១.៦២៤) និងរបួសស្រាលជាង៤ពាន់នាក់ (៤.២៧១) ក្នុងនោះគ្រោះថ្នាក់លើរថយន្តដឹកកម្មករនិយោជិត មានចំនួន ១៣លើក។
មន្ត្រីសង្គមស៊ីវិលអំពាវនាវអាជ្ញាធរមានសមត្ថកិច្ចត្រូវរឹតបន្តឹងការអនុវត្តច្បាប់ សហការជាមួយថៅកែរោងចក្រដើម្បីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងធានាដល់អាយុជីវិតដល់ក្រុមកម្មករទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
