មន្ត្រីរបបលោក ហ៊ុន សែនអះអាងថា ការបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រនៃអង្គការសហប្រជាជាតិបង្ហាញថា កម្ពុជាស្រលាញ់សន្តិភាព និងធ្វើឲ្យកម្ពុជាល្បីក្នុងឆាកអន្តរជាតិ។ ប៉ុន្តែអ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងអះអាងថា កម្ពុជាត្រូវដោះស្រាយវិបត្តិនយោបាយក្នុងស្រុកដើម្បីរក្សាសន្តិភាពនិងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញផងដែរ។
របបក្រុងភ្នំពេញនៅថ្ងៃសុក្រទី២ វិច្ឆិកា នេះបានបញ្ជូនកងវិស្វកម្មលេខ៥៩៤ ចំនួន២១៦នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាព ទៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល នៅថ្ងៃទី២ ខែវិច្ឆិកា នេះ។ សេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិចុះថ្ងៃទី៣១ ខែតុលា ឲ្យដឹងថា ការបញ្ជូនកងវិស្វកម្ម លេខ៥៩៤ គឺជាកងវិស្វកម្មជាលើកទី៥ហើយ ដែលត្រូវបញ្ជូន ទៅចូលរួមបេសកកម្មរក្សាសន្តិភាព នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល ហើយការបញ្ជូននេះ ធ្វើឡើងដោយតាមកិច្ចព្រមព្រៀងរវាងរបបក្រុងភ្នំពេញ និងអង្គការសហប្រជាជាតិ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស លោក ប៉ុល សារឿន ដែលដឹកនាំពិធីជូនដំណើរកងទ័ពមួកខៀវនេះ បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា ការបញ្ជូនកងទ័ពមួកខៀវនេះបញ្ជាក់ថា កម្ពុជាស្រលាញ់សន្តិភាព និងមានឆន្ទៈខ្ពស់ ក្នុងការផ្ដល់វិភាគទានយ៉ាងសកម្មដល់វិស័យប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកថែមទាំងអះអាងថា ទង់ជាតិកម្ពុជា បន្តបង្ហូតយ៉ាងខ្ពស់ត្រដែតជាមួយបណ្ដាប្រទេស ដែលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងបានធ្វើឱ្យកិត្តិនាមរបស់កម្ពុជាល្បីរន្ទឺលើសកលលោក។ អ្នកវិភាគនិងមន្ត្រីបក្សប្រឆាំងថា កម្ពុជាត្រូវដោះស្រាយបញ្ហាបន្ទាន់ចាំបាច់មួយចំនួន ដើម្បីឲ្យសហគមន៍អន្តរជាតិមិនចាត់ទណ្ឌកម្ម និងផ្តាច់ជំនួយ។
សមាជិកក្រុមអ្នកវិភាគវ័យក្មេងលោក បុង ដែត ស្នើថា ទន្ទឹមនឹងការប្តេជ្ញាចិត្តរបស់របបលោក ហ៊ុន សែន ក្នុងជួយការពារសន្តិភាពក្នុងពិភពលោក របបនេះគួរតែសហការជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីការពារស្ថិរភាពសង្គមកម្ពុជាដែលកំពុងជួបវិបត្តិនយោបាយ។ ប៉ុន្តែលោកយល់ថា របបនេះគ្មានចេតនាស្តាស្ថិរភាពសង្គម និងបញ្ហារំលោភសិទ្ធិ ប្រជាធិបតេយ្យ នៅក្នុងប្រទេសរបស់ខ្លួនទេ ព្រោះរបបនេះខ្លាចចាញ់ឆ្នោតគណបក្សប្រឆាំង និងបានត្រឹមតែផ្ដល់សន្តិភាពក្លែងក្លាយដល់កម្ពុជាប៉ុណ្ណោះ៖ «យើងអាចនិយាយបានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាត់ខ្វះនូវការអភិវឌ្ឍស្ថិរភាពនយោបាយខ្លួនឯង។ សន្តិភាពគ្រាន់តែជាសន្តិភាពបែបអវិជ្ជមានមួយ យើងក្រឡេកមើលសន្តិភាពបែបវិជ្ជមានគឺពលរដ្ឋអាចបញ្ចេញមតិគ្រប់គ្រាន់ មានសិទ្ធិជួបជុំ ហើយរដ្ឋាភិបាលត្រូវមានគោលការណ៍គោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សច្បាស់លាស់»។
ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ដែលកំពុងនិរទេសខ្លួនក្រៅប្រទេស និយាយថា ដោយសារការបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពនេះ លោក ហ៊ុន សែន តែងតែដើរនិយាយប្រាប់គេឯងថា ខ្លួនបានបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ។ លោកលើកឡើងទៀតថា ក្នុងស្ថានភាពវិបត្តិនយោបាយនៅកម្ពុជាសព្វថ្ងៃ របបនេះគួរដោះស្រាយវិបត្តិរបស់ខ្លួនឲ្យបានល្អដូចនឹងរបបនេះបានចូលរួមថែរក្សាសន្តិភាពឲ្យប្រទេសនានាផ្សេងទៀត៖ «គណបក្សកាន់អំណាចគាត់យករឿងហ្នឹងជាថ្នូរមួយជាទន់នយោបាយទៅអួតសហគមន៍អន្តរជាតិថាខ្លួនបានបំពេញកាតព្វកិច្ចមួយនេះដែរ»។
ក្នុងរយៈពេល១២ឆ្នាំមកនេះ កម្ពុជាបានចូលរួមបញ្ជូនកងកម្លាំងមួកខៀវ ជាងប្រាំពាន់នាក់ (៥.៥៧៩) ហើយបច្ចុប្បន្នកំពុងបំពេញបេសកកម្មជាងប្រាំបីរយនាក់ (៨១១នាក់)៕