កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី​១​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ

កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ទី​១ ក្នុងការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ពាណិជ្ជកម្ម​កោះពេជ្រ រាជធានី​ភ្នំពេញ រយៈពេល​បី​ថ្ងៃ គឺចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី ១៩ កញ្ញា។

​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ កម្ពុជា​បាន​សហការ​ជាមួយ សមាគម​ទេសចរណ៍​តំបន់​អាស៊ី​បាស៊ីហ្វិច ហៅ​កាត់​ថា ប៉ាតាត្រាវែលម៉ាត (Pacific Asia Tourism Association, PATA Travel Mart) បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៥១ និង​​មាន​សមាជិក​ប្រមាណ​ជាង ៦០ប្រទេស​ក្នុង​ពិភពលោក ឯកម្ពុជា​បាន​ចូល​ជា​សមាជិក​​សមាគម​នេះ​នៅ​ឆ្នាំ ២០០៣។

ការ​ដាក់​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ ប្រទេស​ជា​សមាជិក​ទាំង​អស់​ នាំ​យក​​ប្រភេទ​ផលិតផល និង​សេវាកម្ម​ទេសចរ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុន​អាកាសចរ សេវាកម្ម​ភ្នាក់ងារ​ទេសចរ​ជាដើម សម្រាប់​ទីភ្នាក់ងារ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​ជា​លក្ខណៈ​ស្តង់ដារអន្តរជាតិ រវាង​ម្ចាស់​ផលិតផល សេវាកម្ម និង​ទីភ្នាក់ងារ ដែល​ហៅ​កាត់​ថា ប៊ីធូប៊ី (B2B, Business To Business) ឬ​ហៅ​ម៉្យាង​ទៀត​ថា ពិព័រណ៍​ទីផ្សារ​ណាត់​ជួប។

លោក អាង គឹមអៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ឲ្យ​ដឹង​ថា​កម្ពុជា​ពិត​ជា​មាន​មោទនភាព ដែល​កម្ពុជា​​អាច​រៀបចំ​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ដ៏​ធំ​មួយ​នេះ ហើយ​កម្ពុជា​ពិត​ជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ ​ក្រុមហ៊ុន ឬ​ភ្នាក់ងារ​ទេសចរ​ធំ​ៗ លើ​ពិភពលោក​បន្ថែម​ទៀត។ លើស​ពី​នេះ​ទៀត មាន​ប្រតិបត្តិ​ករ​ជាច្រើន​មក​ពី​គ្រប់​ប្រទេស ដែល​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​នេះ តាមរយៈ​ភ្នាក់ងារ​សារព័ត៌មាន​នៃ​ប្រទេស​ទាំងនោះ។

ក្រៅ​ពី​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ​នេះ កម្ពុជា​ធ្លាប់​បាន​រៀបចំ​ពិព័រណ៍​ច្រើន​មក​ហើយ ដូចជាពិព័រណ៍​អង្គរ អ៊ីនធើណេសឺណល ត្រាវែល អ៊ិចស្ប៉ូ (Angkor International Travel Expo) និង​វេទិកា​ទេសចរ​អាស៊ាន​វិល​ជុំ ក្នុង​ក្រប​ខណ្ឌ​ប្រទេស​ជា​សមាជិក​អាស៊ី​អាគ្នេយ៍​ទាំង១០ ( Asean Tourism Forum ) ពីរ​ដង​មក​​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។