មន្ត្រីសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ សង្កេតឃើញថា ជនជាតិចិន ដែលចូលមកកម្សាន្ត និងរកស៊ីនៅកម្ពុជា សំបូរទៅដោយរឿងអាស្រូវ ច្រើនជាងបណ្ដាជនជាតិផ្សេងៗទៀត ដែលចូលមករស់នៅ និងរកស៊ីនៅកម្ពុជាដូចគ្នានេះ។ ការលើកឡើងនេះបន្ទាប់ពី អាជ្ញាធរចម្រុះក្នុងខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួនជនជាតិចិនជាថ្មីទៀត ដែលបើកការរកស៊ីល្បែងខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (Adhoc) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បានថ្លែងប្រាប់អាស៊ីសេរីនៅថ្ងៃទី១៦ ខែមករា ថា លោកតែងសង្កេតឃើញថា ជនជាតិចិនតែងធ្វើសកម្មភាពមួយចំនួន ដែលបង្កអោយពលរដ្ឋខ្មែរ នៅតំបន់នោះមានការមិនពេញចិត្ត ដូចជាការប្រើអំពើហិង្សា ការចាប់ជំរិត ការប្រើប្រាស់ស្លាកសញ្ញាអាជីវកម្មដែលមិនមានអក្សរខ្មែរ និងប្រព្រឹត្តិបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតជាដើម។
កាលពីថ្ងៃទី១៦ ខែមករា អាជ្ញាធរចម្រុះរបបក្រុងភ្នំពេញបានឃាត់ខ្លួនជនជាតិចិនចំនួន ១៥នាក់ ដែលបានជួលវីឡាមួយកន្លែង នៅក្នុងខេត្តបន្ទាយមានជ័យ បើកបនល្បែងតាមប្រព័ន្ធអ៊ីនធឺណិត។ បន្ទាប់ពីសមត្ថកិច្ចបានឆែកឆេរ ទើបរកឃើញថា ជនជាតិចិនទាំង ១៥ នាក់នេះ ឆ្លងដែនមកធ្វើការរកស៊ីនៅប្រទេសកម្ពុជា ដោយមិនមានប័ណ្ណការងារនោះទេ។
សមត្ថកិច្ចក៏បានបញ្ជូនជនជាតិចិនទាំង ១៥ នាក់នេះ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី ទៅតាមផ្លូវច្បាប់។
លោក ស៊ុំ ច័ន្ទគា លើកឡើងថា នេះមិនមែនជាលើកទីមួយទេ ដែលកើតមានករណីបែបនេះ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ។ លោកថាកន្លងមក អាជ្ញាធរតែងបង្ក្រាបបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតដែលបង្កដោយជនជាតិចិនជាហូរហែ ប៉ុន្តែករណីនេះនៅតែបន្តកើតមានម្ដងហើយម្តងទៀត។
លោកយល់ថា ជនជាតិចិនអាចបន្តប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីប្រព្រឹត្តិបទល្មើសទៅបាននេះ ដោយសារតែការអនុវត្តច្បាប់នៅមានភាពធូររលុង និងអាចមកពីមានមន្ត្រីមានអំណាចមួយចំនួននៅពីក្រោយការរកស៊ីនេះផងដែរ៖ «ប្រទេសកម្ពុជាយើងខ្សោយជាងគេ ប្រសិនបើជាគេ ( ជនជាតិចិន ) អាចធ្វើបាន រកស៊ីអនឡាញអ៊ីចឹងបាននៅប្រទេសចិន គេអាចធ្វើកើតហើយ ប៉ុន្តែប្រទេសគេ គេរឹតបន្តឹង។ ហើយមានមន្ត្រីគ្រាក់ៗនៅពីក្រោយជួយបើក ជួយសម្រួលដល់ការបង្កើតអនឡាញហ្នឹង ប៉ុន្តែខ្លួនអត់ដឹងថា ការបង្កើតអនឡាញហ្នឹងប៉ះពាល់អ្វីខ្លះ ផ្នែកខាងសេដ្ឋកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ និងបូរណភាពទឹកដីរបស់កម្ពុជាយើងអត់ដឹងទេ ដឹងតែថា គេឱ្យលុយមក គេទាក់ទងខ្លួនមក ខ្លួនជួយសម្រួលរត់ការធ្វើម៉េចឱ្យបានបើកអ៊ីចឹងទៅ ពេលខ្លះធ្វើជាខ្នង ធ្វើជាខែលជួយដល់ជនជាតិចិនទាំងអស់នោះទៀតផង»។
លោក ស៊ុំ ច័ន្ទគា ក៏សង្កេតឃើញថា បន្ទាប់ពីជនជាតិចិនបានបង្កអសន្តិសុខជាហូរហែមក ពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហាក់មានការខ្លាចរអា នៅក្នុងការធ្វើដំណើរពេលយប់ ដោយសារបារម្ភអំពីបញ្ហាសន្តិសុខផ្ទាល់ខ្លួន៖ «អត់ចង់ហ៊ានដើរ អត់ចង់ហ៊ានចេញដើរទៅណា មកណា អត់ដូចកាលលើកមុនទេ ព្រោះព្រួយ ព្រោះភ័យខ្លាចជនជាតិចិនហ្នឹង ព្រោះពួកគាត់មកជាក្រុម មើលទៅហាក់ដូចមានអំណាចខ្លាំងណាស់ គាត់មកនៅហើយ គាត់យកក្បាច់គុណ យកកម្លាំងរបស់គាត់ហ្នឹង គឺយកមកបង្ហាញស្នាដៃនៅស្រុកខ្មែរហ្មង»។
របាយការណ៍របស់ក្រសួងមហាផ្ទៃឱ្យដឹងថា ជនជាតិចិន ដែលបានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជា មានដល់ទៅជាងម្ភៃមួយម៉ឺននាក់ ហើយក្នុងនេះមានតែជាងពីរម៉ឺននាក់ប៉ុណ្ណោះ ដែលមានប័ណ្ណការងារត្រឹមត្រូវ។ ចំណែករបាយការណ៍ប៉ូលិសក្រុងប៉ោយប៉ែតឲ្យដឹងថា បច្ចុប្បន្នចំនួនជនជាតិចិនរស់នៅក្រុងប៉ោយប៉ែតមានប្រមាណ ២ពាន់នាក់ ក្នុងនោះមានអ្នកធ្វើការនៅតាមក្រុមហ៊ុន និងអ្នកធ្វើអាជីវកម្ម។ ប៉ុន្តែប្រជាពលរដ្ឋនៅអះអាងថា ចំនួនជនជាតិចិនរស់នៅក្រុងមួយនេះ អាចមានចំនួនច្រើនជាងនេះ។
នាពេលប៉ុន្មានឆ្នាំមកនេះ គេតែងសង្កេតឃើញថា មានភាពអសន្តិសុខដែលបង្កដោយជនជាតិចិនជាហូរហែ មិនមែនកើតមានឡើងតែនៅក្នុងខេត្តបន្ទាយមានជ័យនោះទេ ប៉ុន្តែគេសង្កេតឃើញថា តែងកើតមានច្រើនជាពិសេសនៅតំបន់ទេសចរណ៍ផ្សេងទៀតដូចជានៅខេត្តព្រះសីហនុ និងខេត្សៀមរាបផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក សុខ ផល បានអះអាងនៅក្នុងពិធីសំណេះសំណាលជាមួយនគរបាលជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ កាលពីដើមឆ្នាំ២០១៨ ថានឹងបង្ក្រាបរាល់ជនជាតិចិនទាំងឡាយណា ដែលប្រព្រឹត្តិខុសច្បាប់ជាដាច់ខាត។
ទោះយ៉ាងណា មន្ត្រីសង្គមស៊ីវិលចង់ឃើញប្រមុខរដ្ឋាភិបាល យកបញ្ហាជនជាតិចិននេះទៅធ្វើការថ្លឹងថ្លែង ដើម្បីធ្វើយ៉ាងរក្សាសង្គមកម្ពុជាមានសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
