ប៉ូលិស​ឃុំ​ខ្លួន​កម្មករ​ខ្មែរ​ម្នាក់​ពី​បទ​ប្រើ​ហិង្សា​លើ​មេការ​ចិន​នៅ​កោះកុង

មេការ​ផ្នែក​បេតុង​ជា​ជនជាតិ​ចិន ពីរ​នាក់ ដែល​សាងសង់​ទំនប់​វារីអគ្គិសនី​តាតៃ​ក្រោម ខេត្ត​កោះកុង បាន​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ហេតុការណ៍​វាយតប់​ជាមួយ​កម្មករ​ខ្មែរ កាល​ពី​យប់​ថ្ងៃ​ទី៣ ខែ​មេសា។
ដោយ ខែ សុណង
2013.04.05
Share on WhatsApp
Share on WhatsApp

ជន​រងគ្រោះ​ម្នាក់ បាន​រង​របួស​ធ្ងន់​ដោយ​កាប់​នឹង​កាំបិត ហើយ​ត្រូវ​បាន​គេ​បញ្ជូន​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត (Calmette Hospital)។ ករណី​នេះ ប៉ូលិស​ខេត្ត​បាន​ឃាត់​ខ្លួន​កម្មករ​ខ្មែរ​ម្នាក់ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

ក្រុម​គ្រួសារ និង​សាច់ញាតិ​របស់​កម្មករ​ខ្មែរ​ផ្នែក​លាយ​បេតុង នៅ​ក្នុង​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​តាតៃ​ក្រោម ស្រុក​កោះកុង ខេត្ត​កោះកុង ដែល​ត្រូវ​បាន​ប៉ូលិស​ឃុំ​ខ្លួន សង្ស័យ​ថា​បាន​ប៉ុនប៉ង​សម្លាប់​មេការ​ជនជាតិ​ចិន ២​នាក់ បាន​អំពាវនាវ​ឲ្យ​ដោះលែង​កម្មករ​រូប​នោះ ដោយ​អះអាង​ថា ឃាត់​ខ្លួន​ច្រឡំ​មនុស្ស។

ម្ដាយ​មីង​របស់​ជន​សង្ស័យ​ឈ្មោះ អ៊ុំ លីម កម្មករ​លាយ​បេតុង គឺ​លោកស្រី ង៉ែត ស៊្រី រស់នៅ​ភូមិ​រលួស ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ បាន​ថ្លែង​នៅ​ថ្ងៃ​ទី៥ មេសា ថា ប៉ូលិស​បាន​ឃាត់​ខ្លួន​ក្មួយ​ប្រុស​របស់​គាត់​ខុស​ហើយ។ លោកស្រី​អះអាង​ថា ក្មួយ​របស់​គាត់​ឈ្មោះ អ៊ុំ លីម អាយុ ៣២​ឆ្នាំ មាន​កូន ៥​នាក់ ហើយ​បាន​មក​ធ្វើ​ការ​នៅ​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី ទើប​បាន ២​ខែ​ប៉ុណ្ណោះ ដោយសារ​តែ​ជីវភាព​គ្រួសារ​ក្រីក្រ ហើយ​ក្មួយ​របស់​គាត់​មាន​អត្តចរិត​ស្លូតត្រង់ និង​មិន​ចេះ​ទទួល​ទាន​គ្រឿង​ស្រវឹង​នោះ​ទេ។ លោកស្រី​សុំ​អំពាវនាវ​ឲ្យ​ប៉ូលិស​បើក​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​បញ្ជូន​សំណុំ​រឿង​ទៅ​តុលាការ។

ប្រធាន​ផ្នែក​សួរ​ចម្លើយ និង​សំណុំ​រឿង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង លោក មូល ច័ន្ទ មាន​ប្រសាសន៍​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ជន​រងគ្រោះ​ម្នាក់ ដែល​របួស​ស្រាល​ជា​ជនជាតិ​ចិន ដែល​ចង្អុល​បង្ហាញ ហើយ​ក៏​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ដោយ​ប្រើ​អាវុធ។

ទាក់ទិន​បញ្ហា​នេះ អ្នក​សម្រប​សម្រួល​អង្គការ​លីកាដូ ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ក៏​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​គ្រួសារ​របស់​កម្មករ​ឈ្មោះ អ៊ុំ លីម នេះ​ដែរ។ លោក​បាន​ជំរុញ​ឲ្យ​តុលាការ​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​យុត្តិធម៌​ចំពោះ​ករណី​នេះ។

មន្ត្រី​អង្កេត​សិទ្ធិ​មនុស្ស បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០១២ នៅ​ក្នុង​ការដ្ឋាន​សាងសង់​ទំនប់​វារីអគ្គិសនី​តាតៃ​ក្រោម នេះ​ដែរ តុលាការ​ខេត្ត​បាន​ឃុំ​ខ្លួន​កម្មករ​ម្នាក់​ឈ្មោះ ស៊ឹម វិត ឲ្យ​ជាប់​ពន្ធនាគារ ៦​ខែ ពី​បទ​សមគំនិត​លួច​ខ្សែ​ភ្លើង​របស់​ក្រុមហ៊ុន​ប្រមាណ ១០​ម៉ែត្រ តាម​បណ្ដឹង​របស់​ក្រុមហ៊ុន​ចិន។ ហើយ​កម្មករ​ដដែល បាន​អនុវត្ត​ទោស​គ្រប់​ចំនួន និង​ចេញ​ពី​ពន្ធនាគារ​វិញ​ហើយ។

ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ តុលាការ​នេះ​មិន​បាន​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​កម្មករ​រូប​នោះ ដែល​បាន​ប្ដឹង​វិស្វករ​ចិន ដែល​បាន​វាយ និង​ធ្វើ​ទារុណកម្ម​ដោយ​ចង​ព្យួរ និង​វាយ​ដោយ​ដំបង​ជ្រុង ដោយសារ​រឿង​លួច​ខ្សែ​ភ្លើង ធ្វើ​ឲ្យ​ឈ្មោះ ស៊ឹម វិត រង​របួស​ធ្ងន់​ឡើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ បាន​ផ្ដល់​លិខិត​ឆ្លង​ដែន​ឲ្យ​វិស្វករ​ចិន នោះ​ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។