Opens in new windowពលរដ្ឋខ្មែរ-អាមេរិកាំង ប្រមាណជា ៥០០នាក់មកពីរដ្ឋមួយចំនួន គ្រោងធ្វើបាតុកម្មទាមទារយុត្តិធម៌សម្រាប់ពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ក្នុងឱកាសសម័យប្រជុំទី៧០ របស់អង្គការសហប្រជាជាតិ នៅបុរីញីវយ៉ក (New York)។
ពលរដ្ឋខ្មែរ-អាមេរិកាំងម្នាក់មកពីរដ្ឋវឺជីនៀ (Virginia) លោក ទូច វីបុល ដែលជាអ្នកចាត់ចែងគម្រោងធ្វើបាតុកម្មនេះ បញ្ជាក់តាមទូរស័ព្ទថា គោលបំណងសំខាន់ គឺដើម្បីទទូចសុំឲ្យអង្គការសហប្រជាជាតិ និងមេដឹកនាំនៃប្រទេសមហាអំណាច យកចិត្តទុកដាក់បន្ថែមអំពីស្ថានការណ៍រំលោភសិទ្ធិមនុស្សនៅកម្ពុជា បញ្ហាឧក្រិដ្ឋកម្មនានា ក្នុងនោះរួមទាំងការចាប់សកម្មជនដាក់ពន្ធនាគារ ជាដើម៖ «យើងស្នើសុំឲ្យអង្គការសហប្រជាជាតិហ្នឹង ជួយជំរុញឲ្យព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹង ជួយឲ្យបើកការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋកម្មនានាដែលបានចោទប្រកាន់ដោយមេធាវីអន្តរជាតិ លោក រីឆាដ រ៉ូជើ (Richard Roger)។ លើសនេះទៅទៀត គឺយើងជំរុញស្នើសុំឲ្យអង្គការសហប្រជាជាតិហ្នឹងជួយពិនិត្យទៅលើ ធានាថាការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខនេះ គឺប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយលើសនេះទៅទៀត យើងចង់ឲ្យអង្គការសហប្រជាជាតិ ហ្នឹង ជួយជំរុញឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហ្នឹង ឲ្យពិនិត្យមើលឡើងវិញ ដើម្បីធានាទៅលើព្រំដែននៃព្រះរាជាណាចក្រកម្ពុជា របស់យើង»។
លោក ទូច វីបុល បន្តថា តំណាងសហគមន៍ខ្មែរប្រមាណជា ៣ ឬ ៤នាក់ មានគម្រោងសុំជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-Moon) និងសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីលើកឡើងអំពីស្ថានការណ៍នយោបាយបច្ចុប្បន្ននៅកម្ពុជា ការរំលោភសិទ្ធិមនុស្ស និងជូនញត្តិ ព្រមទាំងឯកសារនានាផងដែរ។
តំណាងសហគមន៍ខ្មែរនៅរដ្ឋផេនស៊ីលវេនីញ៉ា (Pennsylvania) លោក ជា មាស ដែលដឹកនាំពលរដ្ឋខ្មែរ-អាមេរិកាំងប្រមាណ ៣០០នាក់ទៅចូលរួមតវ៉ាដែរនោះ គូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ចង់ឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពសិទ្ធិពលរដ្ឋ រួមមានសិទ្ធិដីធ្លី និងសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស៖ «គោលបំណងរបស់យើងដែលទៅ យូ.អិន (UN) ក្នុងសន្និបាតរបស់អង្គការសហប្រជាជាតិ នេះ គឺយើងចង់សម្ដែងមតិ និងផ្ញើសារជូននាយករដ្ឋមន្ត្រីខ្មែរ ហើយយើងជាជនរងគ្រោះដែលមានបងមានប្អូនមានឪពុកមានម្ដាយនៅស្រុកខ្មែររងគ្រោះដោយរបបដឹកនាំរបស់ លោក ហ៊ុន សែន នេះ។ ដូច្នេះ ក្នុងពេលនេះដែលយើងទៅនេះ គឺយើងចង់សម្ដែងមតិ ឬជម្រាបជូនលោកនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំរបស់លោកដែលកំពុងរំលោភបំពាន ជាពិសេសទៅលើសិទ្ធិការរស់នៅ ដីធ្លី តាមស្ថិតិរបស់អង្គការក្រៅរដ្ឋាភិបាល គឺថារងគ្រោះរហូតដល់ ៨សែននាក់។ ក្រៅពីហ្នឹងទៀត គឺយើងចង់ឲ្យ លោក ហ៊ុន សែន គោរពនូវសិទ្ធិសេរីភាពរបស់ពលរដ្ឋ ចង់ឲ្យរបបរបស់ លោក ហ៊ុន សែន គោរពសន្ធិសញ្ញាទីក្រុងប៉ារីស ដែលបានចែងច្បាស់ គឺចង់ឲ្យគាត់បានឮសាររបស់យើង»។
ពលរដ្ឋខ្មែរ-អាមេរិកាំង ដែលមកចូលរួមក្នុងបាតុកម្មនោះមកពីតំបន់រដ្ឋធានីវ៉ាស៊ីនតោន រួមមានរដ្ឋវឺជីនៀ (Virginia) និងម៉ារីឡែន (Maryland) ព្រមទាំងរដ្ឋមួយចំនួនទៀត រួមមាន រដ្ឋញីវយ៉ក (New York) ម៉ីនីសូតា (Minnesota) កាលីហ្វ័រញ៉ា (California) នូហ្យឺហ្សី (New Jersey) រដ្ឋផេនស៊ីលវេនីញ៉ា (Pennsylvania) ជាដើម។ ចំណែកប្រជាពលរដ្ឋខ្មែរនៅប្រទេសកាណាដា វិញ ក៏មានគម្រោងមកចូលរួមដែរ ប៉ុន្តែនៅពុំទាន់ដឹងពីចំនួនមនុស្សនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
