អដ្ឋិធាតុវេជ្ជបណ្ឌិត បេអាត រីច្នឺរ (Beat Richner) នឹងត្រូវដង្ហែទៅបញ្ចុះនៅចេតិយនៅខាងមុខមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាបនៅថ្ងៃពុធ ទី៥ ខែធ្នូ ស្អែកនេះ។
កម្មវិធីដង្ហែអដ្ឋិធាតុ ដែលផ្សព្វផ្សាយដោយមន្ទីរពេទ្យជ័យវរ្ម័នទី៧ បញ្ជាក់ថា ពិធីដង្ហែអដ្ឋិធាតុ ដោយថ្មើជើងនឹងចាប់ផ្តើមចេញពីព្រលានយន្តហោះខេត្តសៀមរាប ឆ្ពោះទៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ដោយជួបជុំគ្នា នៅម៉ោង ៨ព្រឹក ក្នុងនោះមានព្រះសង្ឃ ៧២អង្គ ក្រុមគ្រួសារលោក Beat Richner មន្រ្តីនៅមន្ទីរពេទ្យ និងអាជ្ញាធរក្នុងមូលដ្ឋានខេត្តសៀមរាប។ ចំណែកប្រជាពលរដ្ឋអាចចូលរួមពិធីដង្ហែរនេះនៅតាមដងផ្លូវ ដែលក្បួនដង្ហែកាត់។
កម្មវិធីរបស់ក្រសួងព្រះបរមរាជវាំងបានអោយដឹងថា ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្ដេចវររាជមាតា មុនីនាថ សីហនុ នឹងយាងជាអធីបតីក្នុងពិធី និងប្រទានគ្រឿងសក្ការបូជា នៅនឹងចេតិយជាទីតម្កល់អដ្ឋិធាតុលោក Beat Richner នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ទី៦ ធ្នូ ដែលជាថ្ងៃបញ្ចប់នៃពិធីបុណ្យ។
ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពក្នុងជន្មាយុ ៧១ឆ្នាំ កាលពីថ្ងៃទី៩ ខែកញ្ញា នៅប្រទេសស្វីសដោយជំងឺ។ លោកត្រូវចាត់ទុកថាជាបុគ្គលឆ្នើម ឬជាពេទ្យទេវតាក្នុងការជួយសង្រ្គោះកុមារកម្ពុជា ចាប់តាំងពីលោកបានដំណើរការមន្ទីរពេទ្យគន្ធបុប្ផាកាលពីឆ្នាំ១៩៩២ មក។
លោកបានបង្កើតឲ្យមានមន្ទីរពេទ្យគន្ធបុប្ផាចំនួន៥ដើម្បីឆ្លើយតបនឹងស្ថានភាពជំងឺកុមារកម្ពុជា។
ក្នុងរយៈពេលប្រមាណជាង ២៥ឆ្នាំមកនេះ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាអស់ជាង ៦៣២លានដុល្លារ ក្នុងការផ្ដល់សេវាព្យាបាលជំងឺដល់កុមារ និងស្ត្រីមានផ្ទៃពោះនៅទូទាំងប្រទេសកម្ពុជាដោយឥតគិតថ្លៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
