ក្រុមអាជីវករផ្សារឯករាជ្យ២អាចលក់ថ្ងៃបុណ្យជាតិវិញបានក្រោយតវ៉ា២ថ្ងៃជាប់គ្នា
2018.10.31
ថៅកែផ្សារឯករាជ្យ២ នៅខណ្ឌពោធិ៍សែនជ័យ បានអនុញ្ញាតឲ្យក្រុមអាជីវករលក់ដូរក្នុងផ្សារ បើកតូបលក់វិញជាធម្មតានៅថ្ងៃបុណ្យជាតិ ក្រោយពីមានការតវ៉ា២ថ្ងៃជាប់គ្នា។ អាជ្ញាធរសន្យាបន្តសម្របសម្រួល ករណីថ្លៃទឹកភ្លើង សំរាម និងភាស៊ីផ្សារបន្ថែមទៀត ប៉ុន្តែស្នើសុំឲ្យក្រុមអាជីវករបញ្ឈប់សកម្មភាពតវ៉ា និងបើកតូបលក់ធម្មតាវិញ។
ក្រុមអាជីវករផ្សារឯករាជ្យ២ បានចាប់ផ្ដើមបើកតូបលក់ដូរជាធម្មតាឡើងវិញ នៅម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៣០ តុលា បន្ទាប់ពីតវ៉ា២ថ្ងៃជាប់គ្នា ហើយក្រុមអាជ្ញាធរសង្កាត់ចោមចៅទី៣ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលរងសាលារាជធានីភ្នំពេញ ចុះសម្របសម្រួល និងសន្យាដោះស្រាយនៅនឹងកន្លែង។
អាជីវករចំនួន ១៧៦តូប នៃផ្សារឯករាជ្យ២ បានផ្ទុះការតវ៉ាជាមួយថៅកែផ្សារ តាំងពីថ្ងៃទី២៩ តុលា ដោយក្រុមអាជីវការបាននាំគ្នាឈរលើកបដានៅមុខផ្សារ និងចោទប្រកាន់ថា ថៅកែផ្សារឯកជនមួយនេះ បានគាបសង្កត់អាជីវករ ដោយបង្ខំឲ្យបិទតូប បិទភ្លើង បិទទឹក ចាក់សោរទ្វារបន្ទប់ទឹក នៅថ្ងៃបុណ្យឈប់សម្រាក។ ក្រុមអាជីវករ អះអាងថា អតិថិជននៃផ្សារឯករាជ្យ២ សុទ្ធសឹងតែជាកម្មករ កម្មការិនី រោងចក្រ ហើយផ្សារនេះ លក់ដាច់ តែថ្ងៃដែលកម្មករ កម្មការិនីឈប់សម្រាក ប៉ុន្តែនៅពេលតម្រូវឲ្យបិទផ្សារ ចំថ្ងៃឈប់សម្រាករបស់កម្មករបែបនេះ ធ្វើឲ្យអាជីវករមិនអាចលក់បាន និងគ្មានប្រាក់សម្រាប់បង់ធនាគារ ឬថ្លៃដើម ទេ៖ «សព្វថ្ងៃយើងបិទផ្សារតែថ្ងៃបុណ្យចូលឆ្នាំខ្មែរ និងបុណ្យភ្ជុំ ចាស ហើយទី២ និងសូមឲ្យមានការបើកផ្សារឯករាជ្យទី២ នឹងនៅម៉ោង៥កន្លះព្រឹកបិទផ្សារនៅម៉ោង ៨ល្ងាចទីសំណូមពរអោយមានខ្សែភ្លើងត្រៀមនៅពេលដែលភ្លើងរដ្ឋដាច់ហើយទិ៤មានកងកម្លាំងសន្តិសុខយាមពី២៤ម៉ោងលើ២៤ម៉ោងហើយទី៥នឹងសូមអោយរៀបចំមានបុគ្គលិកឆ្លើយតបនិងរក ដំណោះស្រាយបញ្ហាជាមួយអាជីវករនៅពេលអាជីវករមានបញ្ហាអត់មានអ្នកណាចេញមុខជួយដោះ ស្រាយជាមួយនឹងពួកអាជីវករយើងខ្ញុំទេ ខ្ញុំចង់បានអោយប្រធានផ្សាររៀបចំពង្រឹងក្នុងផ្សារអោយបានដូចកាលពីមុន»។
តំណាងថៅកែផ្សារឯករាជ្យ២ លោក សេង រដ្ឋា បញ្ជាក់ថា ពិតជាមានការបិទផ្សារនៅថ្ងៃបុណ្យជាតិ ពិតមែន តែមិនបានបិទថ្ងៃសៅរ៍ ឬអាទិត្យទេ។ តំណាងថៅកែផ្សាររូបនេះ បន្ដថា ការបិទផ្សារនៅថ្ងៃឈប់សម្រាក ដោយសារតែខាងផ្សារទប់នឹងការចំណាយមិនបាន។ លោក សេង រដ្ឋា បន្ដថា រយៈពេលជាង៥ឆ្នាំហើយ ខាងភាគីថៅកែផ្សារ បានសុំឡើងថ្លៃភាស៊ី ឬ ថ្លៃទឹក ថ្លៃភ្លើង អនាម័យ សន្តិសុខជាដើម ចំនួន៥ដុល្លារបន្ថែម ប៉ុន្តែ ក្រុមអាជីវករមិនព្រមទេ ទើបធ្វើឲ្យខាងផ្សាររត់ថ្លៃចំណាយប្រចាំខែមិនបាន បង្ខំចិត្តបិទផ្សារថ្ងៃបុណ្យជាតិ៖ «មិនក្រោម៥ឆ្នាំទេ មានតែ៥ឆ្នាំលើស ដែលលោកឧកញ៉ា គាត់សូមអោយក្រុមអាជីវករនឹងបន្ថែមលើថ្លៃអនាម័យថ្លៃសេវាអីផ្សេងៗវាមានសេវាច្រើននៅក្នុងនឹង គឺឡើងតែ៥ដុល្លារទេ ប៉ុន្តែពួកគាត់មិនព្រម អត់ព្រមរហូតមានការតវ៉ាអីផ្សេងៗតាំងមុនការបោះឆ្នោត ជាប់បោះឆ្នោតទៅក៏នាំគ្នា សម្របសម្រួល មួយរយៈសិនរហូតដល់ក្រោយបោះឆ្នោតទៀ តលោក ឧកញ៉ាគាត់ក៏សម្រេចចិត្តចុះមកដោយផ្ទាល់ដោយខ្លួនឯងគាត់បានជម្រាបជូនទៅដល់អាជីវករនៅថ្ងៃបុណ្យផ្សារ នឹងមានការបិទព្រោះផ្សាររត់អត់បានបាទ»។
ផ្សារឯករាជ្យ២ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ក្រុមអាជីវករថា ពួកគាត់ខ្លះ បានទិញតូបពីថៅកែផ្សារផ្ទាល់ និងខ្លះបានទិញតូបតគ្នា ក្នុងតម្លៃចន្លោះពី៥ពាន់ដុល្លារអាមេរិក រហូតដល់៥ម៉ឺនដុល្លារអាមេរិក ក្នុងមួយតូប។ ចំណែកថ្លៃភាស៊ី ឬថ្លៃទឹក ថ្លៃភ្លើង ថ្លៃអនាម័យ និងថ្លៃសន្តិសុខយាមផ្សារ ប្រចាំខែ មានតម្លៃ ពី២០ ទៅ ២៥ដុល្លារ ក្នុងមួយតូប។
អភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ដែលចុះទៅសម្របសម្រួលករណីវិវាទ នៅផ្សារឯករាជ្យ២ អះអាងថា លោកសម្របសម្រួលគ្នារួចហើយ គឺ អនុញាតឲ្យក្រុមអាជីវករបើកតូបលក់ដូរនៅថ្ងៃបុណ្យឈប់សម្រាកវិញជាធម្មតា និងរក្សាតម្លៃភាស៊ីផ្សារ តម្លៃផ្ញើកង់ម៉ូតូ តម្លៃបន្ទប់ទឹក ឲ្យនៅដដែល រហូតដល់ដាច់ឆ្នាំ២០១៨ ទើបមានការជជែកគ្នាម្ដងទៀត៖ «ឥលូវពីពេលនេះទៅដាច់ឆ្នាំសូមអោយបងប្អូនរក្សា ភាពដូចដើមការងារបន្ទាប់ខាងផ្សារជាមួយខណ្ឌនឹងនាំគ្នាប្រជុំពិភាក្សារកដំណោះស្រាយទម្រាំដល់ ដាច់ឆ្នាំយើងនឹងអាចរកដំណោះស្រាយចេញ ហើយជាងមួយខែទៀតខ្ញុំមកវិញនិងដោះស្រាយបាន តំណាងផ្សារមិនបាច់ចុះកិច្ចសន្យាអីទេ យើងមានទូរស័ព្ទថតទុករួចហើយ ចាប់ពីពេលនេះទៅផ្សារបើកវិញតាមធម្មតាទៅ»។
ប្រធានសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វ៉ន់ ពៅ យល់ថា ករណីនេះ អាជ្ញាធរគួរមានការពិនិត្យមើលបទបញ្ជា និងកិច្ចសន្យារវាងថៅកែផ្សារ និងអាជីវករទិញតូប ឲ្យច្បាស់លាស់ មុននឹងសម្រេចអនុញ្ញាតឲ្យបើកការសាងសង់ផ្សារឯកជន ជៀសវាងជម្លោះបែបនេះកើតឡើង ក្រោមហេតុផលផ្សេងៗ៖ «អាជ្ញាធរត្រូវតែគិតឡើងវិញនៅបញ្ហាទាំងនេះ ដើម្បីធានានៃការលក់ដូរ របស់អាជីវកនៅពេលគាត់លក់បានពាក់កណ្ដាលទីមានបញ្ហាបែបជាម្ចាស់ផ្សារមាន រឿងនេះរឿងនោះកើតឡើងចំពោះអាជីវករប្រសិនបើ ម្ចាស់ផ្សារនឹងអាជីវករមានការសម្របសម្រួល ត្រូវគ្នាឡើងវិញក្នុងនាមជាអាជ្ញាធរ គួរតែឆាប់បញ្ចប់បញ្ហា ស្វែងរកដំណោះស្រាយអោយពួកគាត់កុំ អោយដូចពាក្យជាភាសាខ្មែរដំណោះស្រាយ ពាំក្ងោក»។
បើទោះជាបែបណា ក្រុមអាជីវករផ្សារឯករាជ្យ២ ថា ពួកគាត់សប្បាយចិត្ត នៅពេលដែលមានការអនុញ្ញាតឲ្យពួកគាត់បានបើកតូបលក់ដូរថ្ងៃឈប់សម្រាកឡើងវិញ។ ក្រុមអាជីវករ ចង់ឲ្យថៅកែផ្សារបើកកិច្ចប្រជុំ ឬជជែកគ្នាសិន ជៀសវាងការប្រើប្រាស់វិធី ផ្ដាច់ភ្លើង ផ្ដាច់ទឹក ចាក់សោរទ្វារបន្ទប់ទឹក បិទផ្លូវចេញចូលផ្សារ បែបនេះ ដែលធ្វើឲ្យក្រុមអាជីវករមិនសុខចិត្ត៕