ក្រសួង​ការពារ​ជាតិ​រៀបចំ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​ជំនាន់​ថ្មី​ជាង​៦០០​នាក់

ដោយ យ៉ង ចាន់តារា
2016-12-25
Share
ប្រឡង​ទាហាន ២០១៦ ៦២២ ក្រសួង​ការពារ​ជាតិ រៀបចំ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។
RFA

ក្រសួង​ការពារ​ជាតិ រៀបចំ​ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​ជំនាន់​ថ្មី​ចំនួន ៣​វគ្គ គឺ​វគ្គ​នាយ​ទាហាន​សកម្ម​ជំនាន់​ទី​២១ វគ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក​ជំនាន់​ទី​៩ និង​វគ្គ​នាយ​ទាហាន​បន្ត​វេន​ជំនាន់​ទី​១០ នៅ​ទូទាំង​ប្រទេស ចាប់​ពី​ថ្ងៃ​ទី​២៥ ដល់​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៦។

អគ្គ​មេ​បញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ថ្លែង​ក្នុង​ឱកាស​បើក​កម្មវិធី​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​ជំនាន់​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ នៅ​វិទ្យាល័យ​បាក់​ទូក រាជធានី​ភ្នំពេញ​ថា ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ​មាន​ចំនួន​អ្នក​ដាក់​ពាក្យ​ប្រឡង​ច្រើន គឺ​រហូត​ដល់​ជាង ៤​ពាន់​នាក់ (.២៨០​នាក់)។ លោក​គិត​ថា ចំនួន​ដ៏​ច្រើន​នេះ​អាច​បណ្ដាល​មក​ពី​យុវជន​យល់​ដឹង​ពី​សារសំខាន់​នៃ​វិស័យ​ការពារ​ជាតិ។

លោក ឥត សារ៉ាត់ ថ្លែង​ទៀត​ថា ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នេះ គឺ​ជា​ការ​ប្រឡង​ដែល​មាន​លក្ខណៈ​ត្រឹមត្រូវ និង​មាន​ភាព​សុក្រឹត ចៀសវាង​បាន​នូវ​ភាព​មិន​ប្រក្រតី​ផ្សេងៗ«វា​ជា​ផ្នែក​មួយ​នៃ​ការ​កែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល ក្រសួង​ការពារ​ជាតិ និង​កងទ័ព​យើង។ យើង​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ភាព​ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព​សម្រាប់​បេក្ខជន​ទាំងអស់ គឺ​យើង​មិន​ឲ្យ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​ប្រឡង​នេះ​ទេ»

ការ​ប្រឡង​ជ្រើសរើស​នាយ​ទាហាន​នេះ មិន​មាន​ការ​ចូលរួម​សង្កេតការណ៍​ពី​ស្ថាប័ន​ផ្សេង​ទៀត ដូចជា​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​អង្គការ​សង្គម​ស៊ីវិល ដូច​ការ​ប្រឡង​បាក់​ឌុប​របស់​ក្រសួង​អប់រំ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ លោក ឥត សារ៉ាត់ អះអាង​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចូលរួម​សង្កេតការណ៍​សម្រាប់​ការ​ប្រឡង​ទាំងឡាយ​ណា​ដែល​មាន​ភាព​មិន​ប្រក្រតី ឬ​មាន​បាតុភាព​ផ្សេងៗ​កើត​ឡើង។ លោក​សង្កត់​ធ្ងន់​ថា ការ​ប្រឡង​ក្របខ័ណ្ឌ​ក្រសួង​ការពារ​ជាតិ នេះ មិន​ដែល​មាន​ភាព​មិន​ប្រក្រតី​នោះ​ទេ ដូចនេះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ក៏​មិន​ចូលរួម​ដែរ។

នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល​ខេមរភូមិន្ទ លោក ហ៊ុន ម៉ាណែត បញ្ជាក់​បន្ថែម​ថា ការ​ប្រឡង​នេះ​អនុវត្ត​នូវ​យន្តការ​តម្លាភាព យុត្តិធម៌ និង​ត្រឹមត្រូវ។ បើ​សិន​ជា​មាន​ភាព​ចន្លោះ​ប្រហោង​មែន ក្រសួង​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត និង​ដោះស្រាយ​បញ្ហា​ទាំងនោះ។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល យល់​ឃើញ​ថា ដោយសារ​កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​មិន​ល្អ​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ក្នុង​ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​រាជការ ដូច្នេះ​ការ​ចូលរួម​ពី​អ្នក​សង្កេតការណ៍ គឺ​ជា​រឿង​មួយ​ដ៏​ប្រសើរ ឬ​បើ​មិន​មាន​នោះ​ទេ ស្ថាប័ន​រដ្ឋ​ទាំងនោះ ត្រូវ​ធានា​នូវ​ការ​អនុវត្ត​នីតិវិធី​ជ្រើសរើស​មន្ត្រី​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ និង​មាន​តម្លាភាព​ចំពោះ​បេក្ខជន«គួរ​តែ​មាន​ការ​សង្កេតការណ៍​ដែរ បើ​សិន​គាត់​ចង់​បង្ហាញ​ឲ្យ​មាន​ការ​ជឿជាក់ ក៏ប៉ុន្តែ​មិន​ចាំបាច់​ថា​ត្រូវ​តែ​មាន​អ្នក​ទៅ​សង្កេត ត្រួត​ពិនិត្យ​អ្វី​ទេ។ សំខាន់​បំផុត​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ដំណើរ​ការ​នៃ​ការ​ជ្រើសរើស ហើយ​នីតិវិធី​ឲ្យ​បាន​ច្បាស់លាស់​ទៅ ហើយ​មាន​បុគ្គល​ដែល​គាត់​ឈរ​លើ​គោលការណ៍​គោរព​ទៅ​តាម​នីតិវិធី ហើយ​ឆន្ទៈ​ទៅ​ធ្វើ​ទៅ អា​ហ្នឹង​យើង​ក៏​អាច​ធ្វើ​បាន​ដែរ ពីព្រោះ​ប្រទេស​គេ​ដទៃ​ក៏​មិន​ដែល​មាន​អ្នក​ទៅ​សង្កេតការណ៍​ដែរ ក៏ប៉ុន្តែ​ប្រទេស​យើង​មាន​ទម្លាប់​ពី​មុន​មក​វា​មិន​ល្អ។ ទម្លាប់​ជ្រើសរើស​តាម​ខ្សែ តាម​បក្ស ហើយ​និង​មាន​ឥទ្ធិពល​នៃ​ការ​សម្រេច​ចិត្ត ដោយសារ​តែ​មាន​ការ​សូកប៉ាន់ ឬ​ក៏​ដោយសារ​បញ្ហា​អំពើ​ពុក​រលួយ​ផ្សេងៗ​កន្លង​មក»

ការ​ប្រឡង​វគ្គ​នាយ​ទាហាន​នៅ​ឆ្នាំ​នេះ​ចែក​ចេញ​ជា ៦​មណ្ឌល គឺ​មណ្ឌល​រាជធានី​ភ្នំពេញ ស្ទឹងត្រែង កំពត បាត់ដំបង សៀមរាប និង​មណ្ឌល​កំពង់ចាម។ ការ​ប្រឡង​ត្រូវ​ប្រព្រឹត្ត​ទៅ​ដូច​គ្នា​នៅ​គ្រប់​មណ្ឌល​ទាំង​៦ គឺ​នៅ​ថ្ងៃ​ទី​២៥ បេក្ខជន​ត្រូវ​ប្រឡង​ចំណេះ​ដឹង​ទូទៅ និង​ភាសា​អង់គ្លេស ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ទី​២៨ បេក្ខជន​ត្រូវ​ប្រឡង​កាយ​សម្បទា​តាម​វគ្គ​សិក្សា​នីមួយៗ។ បេក្ខជន ៦២០​នាក់​ដែល​ជាប់​ក្នុង​ការ​ប្រឡង និង​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ នឹង​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​តាម​វគ្គ​សិក្សា​នីមួយៗ​សម្រាប់​ឆ្នាំ​២០១៧។

កំពុង​អង្គុយ​លើ​ម៉ូតូ​នៅ​ក្រៅ​របង​សាលា​បាក់​ទូក រង់ចាំ​កូន​ចេញ​ពី​ប្រឡង លោក សុខ ពៅ គឺ​ជា​មន្ត្រី​យោធា​ម្នាក់​ដែល​បម្រើ​ការ​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​កំពង់ស្ពឺ។ លោក​ថ្លែង​ថា លោក​សប្បាយ​ចិត្ត​នៅ​ពេល​កូន​ប្រុស​របស់​លោក​មក​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រី​យោធា បើ​ទោះ​បី​ជា​មាន​មតិ​រិះគន់​ថា ការងារ​ជា​ទាហាន​ជា​ការងារ​លំបាក នឿយ​ហត់ និង​ទទួល​បាន​ប្រាក់​ខែ​មិន​ច្រើន​ក្តី តែ​ចំពោះ​លោក​វា​ជា​ការងារ​បម្រើ​ជាតិ​ដោយ​ផ្ទាល់«គិត​ទៅ​ពេលវេលា​អត់​រង់ចាំ​ទេ ចង់​ស្វែងរក​ការងារ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ខ្លះ ដើម្បី​ប្រយោជន៍​សង្គម​ជាតិ​ខ្លះ ដើម្បី​ថា​ជួយ​បង្កើត​ធនធាន​មនុស្ស ការពារ​បូរណភាព​ទឹក​ដី ព្រំដែន​កុំ​ឲ្យ​វា​បាត់បង់ ឲ្យ​នៅ​គង់វង្ស។ អ៊ីចឹង​ជា​មោទនភាព​មួយ​របស់​គាត់ (កូន​ប្រុស) ដែរ ហើយ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​ដែរ បើ​កូន​បាន​ជាប់​ចូល​បម្រើ​ការងារ​ក្របខ័ណ្ឌ​រដ្ឋ ការពារ​រដ្ឋ ការពារ​ជាតិ ក៏​សប្បាយ​ចិត្ត​ដែរ។ ចង់​បាន​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន អត់​គិត​ពី​ប្រយោជន៍​ជាតិ ក៏​អត់​ល្អ​ដែរ។ អ៊ីចឹង​ខ្ញុំ​គិត​ឃើញ​តែ​ពី​ផល​ប្រយោជន៍​ហ្នឹង វា​មាន​សេចក្តី​ថ្លៃថ្នូរ​សម្រាប់​ពេល​អនាគត​ផង»

ទោះ​បី​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា លោក​តូចចិត្ត​ជា​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ដែល​ខ្វះ​តម្លាភាព​ក្នុង​ការ​ផ្តល់​តួនាទី និង​ឋានន្តរសក្តិ​ដល់​យោធា​ដែល​មាន​អតីតភាព​ការងារ​យូរ​ឆ្នាំ តួយ៉ាង​ដូចជា​រូប​លោក​ផ្ទាល់​ដែល​បម្រើ​ការ​ជាង ៣០​ឆ្នាំ​បាន​ត្រឹម​តួនាទី​ជា​អនុសេនីយ៍ត្រី ផ្ទុយ​ទៅ​វិញ​អ្នក​ខ្លះ​ដែល​ទើប​ចូល​បម្រើ​ការ​វិញ ទទួល​បាន​តំណែង​ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​ជ្រែក​ស្មា។ លោក​សំណូមពរ​ដល់​រដ្ឋាភិបាល ឲ្យ​ផ្តល់​តួនាទី និង​ឋានន្តរសក្តិ​នេះ​ដល់​យោធា​ជំនាន់​ក្រោយ​ឲ្យ​ស្រប​ទៅ​តាម​បទពិសោធន៍ សមត្ថភាព និង​ជំនាញ​របស់​បុគ្គល ដោយ​ចៀសវាង​នូវ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បក្ខពួក​និយម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល