ហ្វេសប៊ុក​បញ្ជាក់​បញ្ចប់​ក្ដី​មន្ទិល​ដែល​គេ​សង្ស័យ​ថា លោក ហ៊ុន សែន ប្រឌិត​រឿង​Hacker

0:00 / 0:00

ឆ្លើយតប​នឹង​សំណួរ​របស់​អាស៊ីសេរី ថា​តើ​អំពី​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក ហ៊ុន សែន ពិតជា​ត្រូវ​បាន​ជន​អនាមិក ឬ​ក្រុម​ចោរ​ព័ត៌មានវិទ្យា (Hackers) លួច​យក​ទៅ​កាន់កាប់​ជា​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ មែន​ឬ​យ៉ាងណា​នោះ ក្រុមហ៊ុន​ហ្វេសប៊ុក ឆ្លើយ​បញ្ជាក់​មក​អាស៊ីសេរី​នៅ​ថ្ងៃ​២៨ កុម្ភៈ នេះ​ថា ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ពិតជា​មាន​គេ​ចូល​លួច​កាន់កាប់​មែន។ មន្ត្រី​ព័ត៌មាន​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក បាន​បញ្ជាក់​ថា ក្រុមហ៊ុន Facebook ក៏បាន​ធ្វើការ​ជាមួយ​ក្រុមការងារ​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ហ៊ុន សែន ដើម្បី​ជួយ​ពួកគេ​ឱ្យ​មាន​លទ្ធភាព​អាច​មក​គ្រប់គ្រង​ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន ឡើងវិញ​បាន​ដោយ​ជោគជ័យ។ ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​ហ្វេសប៊ុក នេះ គឺជា​ការ​បញ្ចប់​ក្ដី​មន្ទិល​មួយ​ចំនួន​ពី​សំណាក់​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដែល​សង្ស័យ​ថា ករណី​លោក ហ៊ុន សែន ប្រកាស​ថា ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ត្រូវ​ជន​អនាមិក​លួច​ដណ្ដើម​យក​ទៅ​គ្រប់គ្រង​នេះ គឺជា​ការ​ប្រឌិត​របស់​លោក ហ៊ុន សែន។

កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បាន​ចុះផ្សាយ​សារ​ព្រមាន​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ក្នុង​អត្ថន័យ​ដែល​លោក ហ៊ុន សែន ជា​អ្នក​សរសេរ​ខ្លួនឯង​ថា ក្រុមហ៊ុន​ហ្វេសប៊ុក បាន​លុប និង​ព្យាយាម​បិទ​គណនី​របស់ខ្ញុំ​។ តែ​ខ្ញុំ ហ៊ុន សែន សូម​ប្រាប់​ទៅវិញ​ថា បើ​អ្នកឯង​ហ៊ាន​បិទ​ហ្វេសប៊ុក​របស់ខ្ញុំ ខ្ញុំ​នឹង​បិទ​លែង​ឱ្យ​ប្រើ​ហ្វេសប៊ុក​នៅ​ស្រុក​ខ្មែរ​។ សារ​ព្រមាន​បិទ​ហ្វេ​សប៊ុក​នៅ​កម្ពុជា​ទាំងមូល​នេះ រង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម តែ​ក្រោយមក​ត្រូវ​លោក ហ៊ុន សែន បដិសេធ​ចោល​ទាំងស្រុង ដោយ​អះអាង​ថា ហ្វេសប៊ុក​របស់​លោក​ត្រូវ​បាន​ជន​អនាមិក​លួច​យក​ទៅ​គ្រប់គ្រង។

កន្លង​មក​លោក ហ៊ុន សែន ធ្លាប់​បាន​ព្រមាន​ជា​សាធារណៈ​ថា អាជ្ញាធរ​របស់​លោក មាន​សមត្ថភាព​អាច​វែកមុខ​ចាប់​សកម្មជន​បក្ស​ប្រឆាំង​ដែល​ហ៊ាន​បញ្ចេញមតិ ក្នុង​ន័យ​ប្រមាថ​របប​របស់​លោក ក្នុង​រយៈពេល​មិន​ដល់ ៧​នាទី​ផង​។ ក៏ប៉ុន្តែ ក្រោយពី​ហ្វេសប៊ុក របស់​លោក មាន​ការ​លួច​យក​ទៅ​គ្រប់គ្រង​អស់​ពីរ​លើក​រួច​មក​ហើយ​នេះ របប​លោក ហ៊ុន សែន មិនដែល​វែកមុខ​ចាប់​ជន​ប្រព្រឹត្តិ​បាន​នៅ​ឡើយ​ទេ គិត​មក​ទល់​ពេល​នេះ។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។