មេ​យោធា​កម្ពុជា​អះអាង​ថា​លំ​ហាត់​នាគ​មាស​កម្ពុជា​-​ចិន​​ ២០១៩ មាន​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុនៗ

ដោយ អាស៊ីសេរី
2019.03.13
សមយុទ្ធ​កម្ពុជាចិន 031319 កងទ័ព​ចិន​ដែល​មក​ចូលរួម​​ជាមួយ​កងទ័ព​កម្ពុជា បើក​សម​យុទ្ធ "នាគ​មាស ឆ្នាំ២០១៩" ទ្វេភាគី កម្ពុជា-ចិន នៅ​ថ្ងៃ​ទី១៣ ខែ​មីនា ឆ្នាំ២០១៩ នៅ​ទីលាន​ហាត់​បាញ់​គ្រាប់​ពិត​នៅ​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំគីរី ខេត្ត​កំពត។
រូបថត៖ ហ្វេសប៊ុក​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ

មេ​យោធ​កម្ពុជា​ឱ្យ​ដឹង​ថា លំ​ហាត់​សមយុទ្ធ​នាគ​មាស កម្ពុជា​-​ចិន ឆ្នាំ​២០១៩ មាន​ទ្រង់ទ្រាយ​ធំ​ជាង​លើក​មុនៗ​ទាំង​កម្លាំង​ទ័ព និង​សព្វាវុធ។ ប៉ុន្តែ អ្នកវិភាគ​រិះគន់​ថា ការ​ចាប់ដៃ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ចិន​ដែល​ជា​ប្រទេស​កុម្មុយនិស្ត គឺជា​នយោបាយ​ផ្គើន​ប្រទេស​ប្រជាធិបតេយ្យ ខណៈ​កម្ពុជា​ផ្អាក ធ្វើ​លំ​ហាត់​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន។

លំហាត់​សមយុទ្ធ​នាគ​មាស កម្ពុជា​-​ចិន ឆ្នាំ​២០១៩ ដែល​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ មីនា គឺជា លើក​ទី​៣ ដែល​ភាគី​ទាំងពីរ​ធ្វើ​រួមគ្នា នៅ​ទីលាន​បាញ់​គ្រាប់​ពិត​សាលា​ហ្វឹកហ្វឺន​តេជោសែន ជុំគិរី របស់​កងពល​តូច​លេខ​៧០ ស្រុក​ជុំគីរី ខេត្ត​កំពត។ លំហាត់​សមយុទ្ធ​នាគ​មាស មាន​គោលដៅ ចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការ​ផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា ជាពិសេស​បទពិសោធន៍ ប្រយុទ្ធ ប្រឆាំង អំពើ​ភេវរកម្ម ជួយសង្គ្រោះ​ប្រជា​ពលរដ្ន ពេល​មាន​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម។

នាយ​ឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេបញ្ជាការ​រង​និង​ជា​នាយសេនាធិការ​ចម្រុះ នៃ​កង​យោធពល​ខេមរភូមិន្ទ​បាន​ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ខេត្ត​កំពត​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​នោះ​ថា ឆ្នាំនេះ​ទាំង​កម្លាំង​ទ័ព និង​កម្លាំង​សព្វាវុធ គឺ​ច្រើន និង​ធំ​ជាង​ឆ្នាំមុនៗ​។ លោក​បន្ត​ថា លំ​ហាត់​សមយុទ្ធ​នេះ មានការ​ចូលរួម​ពី​កងទ័ព​រំដោះ​ប្រជាជន​ចិន​ចំនួន ២៥២​នាក់ និង​កងទ័ព​កម្ពុជា​ចំនួន ២.៥៤២​នាក់។ លោក​បន្ត​ថា កម្ពុជា​ចាត់​ទុក​សមយុទ្ធ​នេះ​ជា​ការ​រួមចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព​កម្ពុជា​-​ចិន​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា ជាពិសេស​កិច្ច​សហប្រតិបត្តិការ​រវាង​កង​យោធពល​ខេមរភូមិន្ទ​និង​កងទ័ព​រំដោះ​ប្រជាជន​ចិន៖ «ការដែល​ធ្វើ​លំ​ហាត់​នេះ​មិនមែន​ជា​ការ​គំរាមកំហែង​អ្នកណា​មួយ​ទេ ហើយ​ឆ្នាំនេះ​យើង​ធ្វើ​ជាង​ឆ្នាំមុន​ទីមួយ​ចំនួន​ទ័ព​ទី​ពីរ​គ្រឿង​បំពាក់ (សព្វាវុធ)»

ប៉ុន្តែ​សារព័ត៌មាន​បរទេស​ចុះផ្សាយ​ថា កម្លាំង​នៃ​ប្រទេស​ទាំងពីរ​ដែល​រួមគ្នា​ធ្វើ​សមយុទ្ធ​នេះ​មាន​ជាង​៦.០០០​នាក់។ អាស៊ីសេរី​មិនទាន់​អាច​សុំ​ការ​បញ្ជាក់​បន្ថែម ពី​អ្នកនាំពាក្យ​ក្រសួងការពារជាតិ លោក ឈុំ សុជាត បាន​ទេ នៅ​ថ្ងៃ​ទី​១៣ មីនា។

ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ របប​លោក ហ៊ុន សែន បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​ប្រទេស​ចិន​ជា​បន្ត​បន្ទាប់ ប៉ុន្តែ​បែរខ្នង​ដាក់​ក្រុម​បស្ចិមប្រទេស​កាន់តែ​ខ្លាំង​នៅ​លើ​វិស័យ​យោធា។ ឧទាហរណ៍ របប​នេះ​បាន​លុបចោល​សមយុទ្ធ​យោធា “​ឆ្មាំ​អង្គរ​” ជាមួយ​សហរដ្ឋអាមេរិក និង​សមយុទ្ធ​យោធា ដន គោព្រៃ (Dawn Kouprey) ជាមួយ​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​របប​ក្រុងភ្នំពេញ លោក ផៃ ស៊ីផាន ប្រាប់​ថា មូលហេតុ​ដែល​កម្ពុជា​ខកខានធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក និង​ប្រទេស​មួយ​ចំនួនទៀត ព្រោះ​កម្ពុជា​រវល់​នឹង​រៀបចំ​ការបោះឆ្នោត​កន្លង​ទៅ។ លោក​បន្ត​ថា កម្ពុជា​ស្វាគមន៍​នឹង​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​ឡើង​វិញ៖ «ពីព្រោះ​យើង​បោះឆ្នោត​រួចហើយ​យើង​ស្វាគមន៍​ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​នឹង​វិលត្រឡប់​មក​ធ្វើ​សមយុទ្ធ​(​ជាមួយ​សហរដ្ឋអាមេរិក​)​ឡើងវិញ»

អ្នកវិភាគ​នយោបាយ​និង​សង្គម​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក គឹម សុខ ឱ្យ​អាស៊ីសេរី​ដឹង​ថា​ប្រទេស​កម្ពុជា​ជា​ប្រទេស​ក្រីក្រ និង​មាន​សេដ្ឋកិច្ច​ទន់ខ្សោយ​ពឹង​លើ​ដង្ហើម​សហគមន៍​អន្តរជាតិ​នូវ​គ្រប់ការ​អភិវឌ្ឍ​របស់​ខ្លួន ដូច្នេះ​ការដែល​កម្ពុជា​ងាក​ទៅ​ធ្វើ​សមយុទ្ធ ជាមួយ​ចិន​ជារឿយៗ​ហើយ​ផាត់​ចោល​ទំនាក់ទំនង​ការទូត​ជា​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក ឬ​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​គឺជា​ការ​ផ្គើន​សហគមន៍​អន្តរជាតិ​។ លោក គឹម សុខ ឱ្យ​ដឹង​ទៀត​ថា ការ​ផ្គើន​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ប្រ​យោ​ជ​ន៏ សេដ្ឋកិច្ច​ច្រើន ហើយ​ការ​ចាត់ ចែង​នយោបាយ​ដែល​មិន​គោរព​រដ្ឋធម្មនុញ្ញ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជួប​ហានិភ័យ​នៅ​ពេល​ខាងមុខ៖ «យើង​បាត់បង់​ប្រយោជន៍​ទាំង​ប្រយោជន៍​សេដ្ឋកិច្ច​ហើយ​បង្ក​ការសង្ស័យ​ពី​បរទេស​ទៀត​ផង»

កងទ័ព​កម្ពុជា​-​ចិន​បាន​ធ្វើ​សមយុទ្ធ​នាគមាស​នៅ​កម្ពុជា​ចំនួន​២​លើក​រួច​មក​ហើយ ដោយ​លើក​ទី​១ ធ្វើ​នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២​ធ្វើ​នៅ​ឆ្នាំ​២០១៨។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ឱ្យ​មាន​សមយុទ្ធ​នេះ​រៀងរាល់​១​ឆ្នាំ​ម្ដង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។