មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ​បារម្ភ​ចំពោះ​វត្តមាន​ដ៏​ច្រើន​នៃ​ជន​ជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ថា លោក​កំពុង​បារម្ភ​ចំពោះ​វត្តមាន​ដ៏​ច្រើន​លើសលប់​នៃ​ជនជាតិ​ចិន ​ខេត្ត​ព្រះសីហនុ។ ចំណែក​ពលរដ្ឋ និង​អ្នក​ស្រាវជ្រាវ​ស្នើ​សុំ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ទៅ​លើ​ជនជាតិ​ចិន ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់ ខណៈ​ជនជាតិ​ចិន ទាំង​នោះ​កំពុង​បង្ក​បញ្ហា​ជា​ញឹកញាប់​នៅ​ខេត្ត​ព្រះសីហនុ។

រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ ទទួល​បន្ទុក​ផ្នែក​ជនអន្តោប្រវេសន៍ លោក អ៊ុក គឹមលេខ និយាយ​ថា បច្ចុប្បន្ន​នេះ​កម្ពុជា មិន​បារម្ភ​នឹង​ជនជាតិ​វៀតណាម​ទេ ប៉ុន្តែ​បារម្ភ​ពី​ជន​ជាតិ​ចិន ទៅ​វិញ ព្រោះ​ឥឡូវ​នេះ​ ចិន​ច្រើន​ណាស់​ចូល​មក​រក​ស៊ី​នៅ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ។

​ការ​ថ្លែង​បែប​នេះ​របស់​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​យក​មក​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៥ ខែ​មករា ខណៈ​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​បឋម​សិលា​សាងសង់​អគារ​សាលា​ឃុំ​ជ្រៃ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។ ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ រូប​នេះ​ត្អូញត្អែរ​ទៀត​ថា ពេល​នេះ​នៅ​ខេត្ត​ព្រះសីហនុ រក​ផ្លូវ​ដើរ​មិន​បាន​ទេ សុទ្ធ​តែ​ចិន។

​ទាក់ទង​ចំនួន​ដ៏​ច្រើន​នៃ​ជន​ជាតិ​ចិន ក្នុង​ខេត្ត​ព្រះសីហនុ​នេះ ម្ចាស់ផ្ទះ​សំណាក់​នៅ​ខេត្ត​ព្រះសីហនុ ម្នាក់ លោក សុជៈ ឌិន ប្រាប់​អាស៊ីសេរី ថា វត្តមាន​ជនជាតិ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​លោក។ លោក​រៀប​រាប់​ថា ជនជាតិ​ចិន ដែល​មក​រក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ ពួកគេ​មក​ជា​ក្រុម ដោយ​ទាំង​អ្នក​បើក​សណ្ឋាគារ ភោជនីយដ្ឋាន កាស៊ីណូ ហាង​ទំនិញ និង​សេវាកម្ម​ផ្សេងៗ​ទៀត។ លោក​ឲ្យ​ដឹង​ទៀត​ថា ខណៈ​មាន​ជនជាតិ​ចិន ច្រើន​បែប​នេះ​ធ្វើ​ឲ្យ​ភ្ញៀវ​អឺរ៉ុប ដែល​ទៅ​រក​ស៊ី​នៅ​ខេត្ត​ព្រះសីហនុ ធ្លាក់​ចុះ៖ «»។

​ជាមួយ​នឹង​ការ​ត្អូញត្អែរ​នេះ លោក សុជៈ ឌិន ក៏​បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​ខេត្ត​ធ្វើ​យ៉ាង​ណា​ឲ្យ​ជនជាតិ​ចិន ដែល​ចូល​ទៅ​រកស៊ី​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​ច្បាប់​របស់​ប្រទេស​កម្ពុជា ឲ្យ​បាន​ខ្ជាប់ខ្ជួន។

​ទន្ទឹមគ្នា​នេះ​ដែរ អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា កំណើន​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ គឺ​ជា​បញ្ហា​ដែល​រាជរដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ម៉ត់ចត់។ លោក​ព្រមាន​ថា ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ធូរ​រលុង​នឹង​បង្ក​មហន្តរាយ​ដល់​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ រួម​ទាំង​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន៖ «»។

លោក​បណ្ឌិត​លើក​ឧទាហរណ៍​ជាក់ស្ដែង​ដែល​ធ្លាប់​កើត​នៅ​ប្រទេស​វៀតណាម កាល​ពី​ប៉ុន្មាន​ឆ្នាំ​ថា ធ្លាប់​មាន​ករណី​ហិង្សា​រវាង​ពលរដ្ឋ​វៀតណាម និង​ជនជាតិ​ចិន ដែល​ទៅ​រក​ស៊ី​នៅ​ប្រទេស​វៀតណាម។ លោក​ព្រួយ​បារម្ភ​ថា ករណី​នេះ​អាច​នឹង​កើត​មាន​នៅ​ទឹកដី​ខេត្ត​ព្រះសីហនុ ដែរ បើ​រដ្ឋាភិបាល​ព្រងើយកន្តើយ​នឹង​វត្តមាន​ជនជាតិ​នៅ​ពេល​នេះ។

ខណៈ​រដ្ឋាភិបាល​លោក ហ៊ុន សែន មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ជន​ជាតិ​ចិន រាប់​ម៉ឺន​នាក់​នាំ​គ្នា​ទៅ​រក​ស៊ី​សេរី​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​ទឹកដី​សេដ្ឋកិច្ច និង​ជា​កំពង់ផែ​ដ៏​សំខាន់​ប្រចាំ​ប្រទេស។ ជា​ញឹកញាប់​ជនជាតិ​ចិន នៅ​ខេត្ត​ព្រះសីហនុ តែងតែ​បង្ក​ភាព​អនាធិបតេយ្យ ដូចជា​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អ៊ិនធឺណិត បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ហិង្សា​ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។