ក្រុមអង្គការសង្គមស៊ីវិលស្នើឱ្យក្រសួងអប់រំពង្រឹងគុណភាពអប់រំនៅតាមទីជនបទបន្ថែមទៀត បន្ទាប់ពីពិនិត្យឃើញថា សិស្សដែលទទួលបាននិទ្ទេសល្អបំផុត ភាគច្រើនជាអ្នករស់នៅទីក្រុង ឬទីប្រជុំជន។ ក្រសួងអប់រំថា ក្រសួងកំពុងប្រឹងប្រែងដោះស្រាយបញ្ហានេះ។
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កត់សម្គាល់ថា សិស្សានុសិស្សនៅតាមទីជនបទ និងតំបន់ដាច់ស្រយាលមិនងាយនឹងទទួលបាននិទ្ទេសល្អបំផុតឡើយ ដោយសារពួកគេត្រូវជួយធ្វើការឪពុកម្តាយដែលមានជីវភាពក្រីក្រ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ឲ្យដឹងថា សិស្សនៅជនបទ មិនសូវទទួលបានការអប់រំមានគុណភាពល្អដែរ ដោយសារគ្រូដែលមានចំណេះដឹងខ្ពស់ និងវិធីសាស្ត្របង្រៀនល្អៗ ច្រើនតែផ្លាស់ពីជនបទទៅប្រមូលផ្តុំគ្នានៅតាមទីក្រុង ឬទីប្រជុំជន។ អ្នកស្រីស្នើឱ្យក្រសួងពង្រឹងគុណភាពអប់រំនៅតាមទីជនបទ និងតំបន់ដាច់ស្រយាលឱ្យបានល្អជាងពេលបច្ចុប្បន្ន៖ «ក្រសួងតែងតែយកចិត្តទុកដាក់បំផុត គឺនៅទីប្រជុំជន។ នៅតាមជនបទ យើងឃើញហើយថា ជីវភាពរបស់ឪពុកម្ដាយសិស្សានុសិស្សទាំងអស់ គាត់មានភាពខ្វះខាតផង ទីមួយ។ ទីពីរ គ្រូតែងតែផ្លាស់មកកកកុញនៅទីរួមខេត្ត ឬក៏ដូចជានៅទីក្រុងភ្នំពេញអ៊ីចឹង»។
ប្រតិកម្មរបស់មន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីលទ្ធផលប្រឡងបាក់ឌុបកាលពីពេលថ្មីៗនេះបង្ហាញថា សិស្សជាប់និទ្ទេស A នៅឆ្នាំ២០១៩ នេះ មានចំនួន ៤៤៣នាក់ ក្នុងនោះ ១៤១នាក់ ជាសិស្សនៅរាជធានីភ្នំពេញ។ បណ្ដាខេត្តដែលនៅជិតរាជធានី និងនៅជុំវិញបឹងទន្លេសាបក៏ទទួលបាននិទ្ទេស A គ្រាន់បើដែរ ក៏ប៉ុន្តែខេត្តដែលនៅឆ្ងាយៗ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី កោះកុង និងឧត្តរមានជ័យ ទទួលបាននិទ្ទេសនេះតិចតួចបំផុត។ ដោយឡែក ខេត្ត៤ ផ្សេងទៀត គឺខេត្តព្រះវិហារ ស្ទឹងត្រែង ប៉ៃលិន និងខេត្តកែប មិនមានសិស្សជាប់និទ្ទេសល្អបំផុតនេះឡើយ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បកស្រាយថា មានហេតុផលជាច្រើនដែលមានឥទ្ធិពលលើគុណភាពអប់រំ ដូចជា កត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងវប្បធម៌ជាដើម។ លោកបញ្ជាក់ថា ក្រសួងកំពុងខិតខំពង្រឹងគុណភាពអប់រំនៅគ្រប់ទីកន្លែងក្នុងប្រទេស តាមរយៈការដាក់ចេញនូវផែនការសកម្មភាព និងយន្តការផ្សេងៗ។ ទោះជាយ៉ាងណា លោកថា ក្រសួងស្វាគមន៍រាល់មតិរិះគន់ និងបន្តកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរ៖ «យើងសង្កេតឃើញថា លទ្ធផលដែលបានកើតចេញនៅតាមគ្រប់រាជធានីខេត្តទាំង២៥ នេះ គឺសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងច្រើន នៅក្នុងនោះមានកម្រិតបុគ្គល សិស្ស បេក្ខជនប្រឡងផ្ទាល់ ក៏ដូចជា គ្រួសារដែលមានការចូលរួមតាមកម្រិតរៀងៗ ខ្លួន»។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ទទួលស្គាល់ថា លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលមានអត្រាសិស្សជាប់កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសសិស្សដែលទទួលបាននិទ្ទេសល្អបំផុតនោះ បង្ហាញពីការរីកចម្រើននៃកំណែទម្រង់របស់ក្រសួងអប់រំ។ ក៏ប៉ុន្តែ លោកថា ក្រសួងអប់រំត្រូវប្រឹងប្រែងបន្ថែមទៀត ចំពោះការធ្វើឱ្យមានសមភាពរវាងគុណភាពអប់រំនៅតាមតំបន់ជនបទ និងនៅទីប្រជុំជន៖ «យើងចង់ឱ្យមានការគិតគូរផ្ដោតជាយុទ្ធសាស្ត្រ ធ្វើម៉េចដើម្បីផ្ដល់ឱកាសឱ្យមានការរៀនសូត្ររវាងសិស្សនៅទីប្រជុំជន សិស្សនៅរាជធានី ហើយនិងសិស្សនៅតាមបណ្ដាខេត្តហ្នឹងឱ្យមានលក្ខណៈប្រហាក់ប្រហែលគ្នា»។
ទាក់ទងនឹងវិស័យអប់រំនេះដែរ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ "លើកកម្ពស់សិទ្ធិគ្រូបង្រៀន" នៅទីលានប្រជាធិបតេយ្យ នាថ្ងៃទី៥ ខែតុលាខាងមុខ។ ក្នុងឱកាសនោះ សមាគមនឹងស្នើដល់របបក្រុងភ្នំពេញឱ្យដំឡើងប្រាក់ខែគោលអប្បបរមាជូនគ្រូបង្រៀនចំនួន ២លានរៀលក្នុងមួយខែ និងប្រាក់ឧបត្ថម្ភបុណ្យជាតិនីមួយៗ ចំនួន២០ម៉ឺនរៀល និងស្នើឱ្យរបបនេះដាក់ចេញវិធានការទប់ស្កាត់ និងស៊ើបអង្កេតករណីពុករលួយក្នុងស្ថាប័នអប់រំនៅគ្រប់កម្រិត។ បន្ថែមពីលើនេះ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យអំពាវនាវដល់របបក្រុងភ្នំពេញឱ្យផ្ដល់សៀវភៅសិក្សា និងសម្ភារៈចាំបាច់ផ្សេងៗ សម្រាប់ការរៀន និងបង្រៀនដល់សាលានីមួយៗ ឱ្យបានគ្រប់គ្រាន់ ព្រមទាំងកំណត់ចំនួនសិស្សអតិបរមាត្រឹម ៤០នាក់ ក្នុងមួយបន្ទប់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
