រដ្ឋមន្ត្រីក្រសួងកសិកម្មត្អូញថា លោកពិបាកធ្វើការងារ ចុះជួយកសិករនៅតាមវាលស្រែ ដោយសារ ជាន់ការងារគ្នាជាមួយក្រសួងផ្សេង ដែលសំដៅលើក្រសួងធនធានទឹក។ អ្នកជំនាញអភិបាលកិច្ច យល់ថា ថ្វីបើនេះជាលេសដោះសារ តែរដ្ឋាភិបាលក៏ល្មមបង្រួមក្រសួងខ្លះហើយ កុំឱ្យជាន់ការងារគ្នា។
រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងថា លោកលែងហ៊ានទៅដល់ស្រែពលរដ្ឋ ដោយសារលោកត្រូវគេចោទថា លូកលាន់ការងាររបស់គេ។ បើទោះជាលោក មិនបញ្ជាក់ចំ តែទំនងសំដៅដល់ក្រសួងធនធានទឹក ដែលជាប់ពាក់ព័ន្ធនឹងការផ្ដល់ទឹកធ្វើស្រែរបស់កសិករ៖ «បញ្ហាទឹក គឺជាបញ្ហាគន្លឹះដ៏ធំ ដែលហាក់បីដូចជានៅទ្រឹងមិនសូវមានភាពជឿនលឿនប៉ុន្មានទេ ទាក់ទងនឹងបញ្ហានេះ រហូតដល់ឥឡូវនេះ ខ្ញុំលែងហ៊ានទៅដល់វាលស្រែ។ ឱ្យតែដល់វាលស្រែ គឺកន្លែងហ្នឹង កន្លែងប្រយុទ្ធរបស់គេហ្មង គឺថា ខ្ញុំហ្នឹងទៅលូកលាន់ការងាររបស់គេ។ មិនអាចទៅមើលស្រូវបានទេ ឥឡូវនេះ។ ឱ្យតែចុះទៅដល់កន្លែងដែលគេ ប្រជាជនយើងដាំដុះស្រូវហ្នឹង គឺថា វាយប្រហារហ្មង ហាក់បីដូចជាក្រសួងកសិកម្ម នៅលើមេឃ ឋានព្រះចន្ទ។ អ៊ីចឹង ហាក់បីដូចមិនត្រូវគ្នា»។
លោក វេង សាខុន ថ្លែងបែបនេះ នៅក្នុងកម្មវិធីមហាសន្និបាត និងបោះឆ្នោតអាណត្តិទី៣ របស់សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីថ្ងៃទី៩ សីហា នៅក្រសួងកសិកម្ម។
ពាក់ព័ន្ធនឹងបញ្ហាដាំដុះស្រូវ នៅឆ្នាំនេះ លោក វេង សាខុន បន្ទោសផ្នែកធនធានទឹក ឬ ប្រព័ន្ធធារាសាស្ត្រ ថា ហាក់មិនសូវរីកចម្រើន ឆ្លើយតបនឹងសម័យកាលប្រកួតប្រជែង។ លោកថាបញ្ហាធនធានទឹក និងប្រព័ន្ធធារាសាស្ត្រ ជាបញ្ហាគន្លឹះដ៏ធំ ដែលជំរុញឱ្យវិស័យកសិកម្ម ដើរទៅមុខ និងរីកចម្រើន តែផ្ទុយទៅវិញ វិស័យនេះ ហាក់នៅទ្រឹង មិនសូវជឿនលឿនសោះ។ ក្រៅពីនេះ លោកក៏បានរិះគន់ និងស្នើឱ្យកែលម្អប្រព័ន្ធដឹកជញ្ជូន ថ្លៃអគ្គិសនី ទើបការនាំចេញអង្ករ មានភាពប្រសើរជាងបច្ចុប្បន្ន។
៧ខែដើមឆ្នាំ២០១៩ ដំណាំស្រូវ បានក្រៀមស្វិត ងាប់ច្រើនហិកតារ ដោយសារគ្រោះរាំងស្ងួតនៅដើមឆ្នាំ និងកំពុងបន្តរលួយ ដោយសារទឹកជំនន់ នៅដើមខែសីហានេះ។ បើទោះផលដំណាំស្រូវត្រូវបានពលរដ្ឋរាយការណ៍មកថា ងាប់ច្រើនហិកតារនៅតាមភូមិនីមួយៗ ប៉ុន្តែក្រសួងកសិកម្ម មិនបានបង្ហាញទិន្នន័យស្រូវ ដែលរងការខូចខាត នៅដើមឆ្នាំ២០១៩ មានចំនួនប៉ុន្មានឡើយ។
គេហទំព័រក្រសួងកសិកម្ម បានចុះផ្សាយទិន្នន័យខូចខាតស្រូវតាមតំបន់មួយចំនួន ដូចជា នៅឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខូចខាត ស្រូវវស្សាអស់ ៣២៣ហិកតារ ដោយសារខ្វះភ្លៀងនៅដើមរដូវវស្សា គ្មានប្រភពធនធានទឹក បណ្ដាលឱ្យស្រូវក្រៀមស្វិតស្រពោន និងស្មៅជើងក្រាស់វាយលុកតាមវាលស្រែ។ ចំណែកនៅស្រែរបស់កសិករនៅភូមិវៀរ ឃុំម៉ង់វៀរ ស្រុកត្បូងឃ្មុំ ខូចខាត ១៤៤ហិកតារ ដោយមូលហេតុដូចគ្នា។
ប៉ុន្តែ សម្រាប់ការនាំចេញអង្ករទៅក្រៅប្រទេសវិញ លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ បង្ហាញថា រយៈពេលកន្លះឆ្នាំដំបូង នៃឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ កើនឡើង ៣,៧ភាគរយ បើធៀបនឹង ៦ខែ ដើមឆ្នាំ២០១៨។ ការនាំចេញអង្ករ ៦ខែដើមឆ្នាំ២០១៩ មាន ២៨១.៥៣៨តោនឯការនាំចេញអង្ករ ៦ខែ ដើមឆ្នាំ ២០១៨ មាន ២៧១.៥៣៧តោន។ ទោះជាយ៉ាងនេះក្តី ការកើនឡើងនៃការនាំអង្គរចេញនេះ គឺភាគច្រើននាំទៅទីផ្សារចិន។ ដោយឡែកអង្ករនាំចេញទៅទីផ្សារអឺរ៉ុប បានធ្លាក់ចុះ តាំងពីសហគមន៍អឺរ៉ុប យកពន្ធលើការនាំចេញអង្ករខ្មែរ។
ជុំវិញការលើកឡើងថា របស់រដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលពិបាកធ្វើការដោយសារជាន់គ្នា ជាមួយក្រសួងធនធានទឹក អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា កាលពីថ្ងៃទី១១ សីហា តែលោកមិនទទួលទូរស័ព្ទ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការត្អូញត្អែរលេសដោះសារបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម។ ទោះយ៉ាងណា អ្នកឃ្លាំមើលអភិបាលកិច្ចរូបនេះ មិនជំទាស់ថា ការងាររបស់ក្រសួងកសិកម្មជាន់គ្នា ជាមួយក្រសួងធនធានទឹកឡើយ។
លោក សន ជ័យ ថា វិធីសាស្ត្រដោះស្រាយ កុំឱ្យមានការដោះសា ឬរុញការទទួលខុសត្រូវដាក់គ្នា គឺត្រូវផ្ដល់អាទិភាព ឱ្យច្បាស់ទៅក្រសួងណាមួយឱ្យដាច់។ សង្គមស៊ីវិលរូបនេះ សង្កេតឃើញថា ដោយសារការងារមិនច្បាស់លាស់ ក្រសួងជាន់ការងារគ្នា បណ្ដាលឱ្យគម្រោងអភិវឌ្ឍន៍ខ្លះត្រូវព្យួរចោលរាប់ឆ្នាំ ឬបោះបង់ចោល ជាហេតុធ្វើឱ្យខាតប្រយោជន៍ពលរដ្ឋ។ ដំណោះស្រាយមួយទៀត លោក សន ជ័យ ថា ជាការចង់បានរបស់ពលរដ្ឋគ្រប់រូប គឺការបង្រួមក្រសួងពាក់ព័ន្ធបញ្ចូលគ្នា ឱ្យទៅជាក្រសួងតែមួយ មាននាយកដ្ឋានជំនាញផ្សេងគ្នា។
លោក សន ជ័យ ពន្យល់ថា ការបង្រួមក្រសួងបញ្ចូលគ្នា មិនមែនមានន័យថា បញ្ឈប់មន្ត្រីរាជការជំនាញទេ តែត្រូវដាក់ក្រោមក្រសួងតែមួយ រដ្ឋមន្ត្រីតែមួយ។ លោកថា នៅពេលបង្រួមក្រសួង អ្នកដែលត្រូវបញ្ឈប់ គឺរដ្ឋមន្ត្រី និងក្រុមមន្ត្រីហែហមតាមក្រសួង ដូចជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា និងជំនួយការជាដើម៖ «បង្រួមមិនមានន័យថារំលាយចោលទេ។ គ្រាន់តែជាការរុះរើ ឬក៏ធ្វើ រៀបចំរចនាសម្ព័ន្ធហ្នឹង ឱ្យស្របទៅតាមតម្រូវការជាក់ស្ដែង ហើយនិងជំនាញក្នុងវិជ្ជាជីវៈពិតប្រាកដ។ គេត្រូវមើលទៅលើឆន្ទនយោបាយ»។
លោក សន ជ័យ ផ្ដល់យោបល់ថា ក្រសួងពាក់ព័ន្ធច្រើន គួរត្រូវបានបង្រួមបញ្ចូលគ្នា ដើម្បីកុំឱ្យជាន់ការងារគ្នា។ ក្នុងនោះ ដូចជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងបរិស្ថាន គួរត្រូវបញ្ចូលជាក្រសួងតែមួយ និងក្រសួងមួយចំនួនទៀត ក៏ត្រូវបញ្ចូលគ្នាដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។