ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបលើកទី២ បានបញ្ចប់ហើយកាលពីរសៀលថ្ងៃទី១៤ តុលា។ បេក្ខជនប្រឡងភាគច្រើនអះអាងថា ក្រសួងអប់រំ ហាក់បន្ធូរដៃខ្លះក្នុងការចេញវិញ្ញាសា ដោយវិញ្ញាសាប្រឡងលើកនេះធូរជាងកាលពីប្រឡងលើកទី១។
ត្បិតវិញ្ញាសាប្រឡងចេញធូរជាងមុនក៏ពិតមែន ប៉ុន្តែសិស្សភាគច្រើននៅតែធ្វើបានតិច ហើយបេក្ខជនប្រឡងមួយចំនួនទៀតបានបោះបង់ចោលការប្រឡងលើកនេះ។
ស្ថានភាពប្រឡងបាក់ឌុបលើកទី២រយៈពេលពីរថ្ងៃនេះ ប្រព្រឹត្តទៅប្រក្រតី ប៉ុន្តែមានបេក្ខជនជាង ៧ពាន់នាក់ បានបោះបង់ចោលការប្រឡងលើកនេះ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន ឲ្យដឹងនៅរសៀលថ្ងៃទី១៤ តុលា ថា យ៉ាងហោចណាស់មានបេក្ខជនចំនួនជាង ១០ភាគរយ (១០,៧៩ភាគរយ) ឬប្រមាណជាង ៧ពាន់នាក់ បានបោះបង់ចោលការប្រឡងបាក់ឌុបលើកទី២នេះ ដោយភាគច្រើនពួកគេជាបេក្ខជនស្វៃរិន។ លោកបន្តថា ការបោះបង់សិទ្ធិប្រឡងនោះ ទំនងជាពួកគេមានសមត្ថភាពទាប ហើយដឹងខ្លួនថាមិនអាចប្រឡងជាប់ ទើបមិនចូលប្រឡង៖ «អ្នកអវត្តមានជាអ្នកស្វៃរិនដែលគាត់បានដាក់ពាក្យប្រឡង ហើយស្ថានការណ៍យ៉ាងណានោះ គាត់ក៏អវត្តមានតែម្តង ជាក់ស្តែងយើងឃើញនៅមណ្ឌលខេត្តកណ្ដាល គឺជាមណ្ឌលមានអវត្តមានច្រើនជាងគេរហូតដល់ ១.៥១៩នាក់អវត្តមាន ដែលច្រើនគឺបេក្ខជនស្វៃរិនមានដល់ ៩៥៩នាក់»។
បេក្ខជនប្រឡងបាក់ឌុបលើកទី២ សរុបមានចំនួនជិត ៧ម៉ឺននាក់។ ការបោះបង់ការប្រឡងជាង ៧ពាន់នាក់នេះ គឺជាការបោះបង់ចោលការប្រឡងមួយខ្ពស់ជាងគេ ដែលកម្រកើតមានក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ។
យ៉ាងណា លោក រស់ សាលីន បញ្ជាក់ថា បេក្ខជនដែលមកប្រឡងហាក់មានបទពិសោធន៍ច្រើនកាលពីប្រឡងលើកទីមួយ ដោយមិនសូវយកប្រ៊ុយយ៉ុង និងទូរស័ព្ទមកតាម។ ពួកគេមានភាពមុតមាំប្រឹងប្រែងក្នុងការប្រឡង ដោយមិនពឹងប្រ៊ុយយ៉ុង ពិសេសបេក្ខជនភាគច្រើនបានរៀនវគ្គបំប៉នរយៈពេលជាងមួយខែ ដែលធ្វើឲ្យចំណេះដឹងពួកគេកើនជាងមុន និងអាចធ្វើបានគួរសម៖ «ក្រោយពីការរៀនបំប៉នរយៈពេលមួយខែកន្លះនេះ សមត្ថភាពរបស់គាត់អាចកើនខ្ពស់ជាងមុន ពិសេសអ្នកដែលមានពិន្ទុក្បែរជាប់កាលពីលើកមុន សមត្ថភាពពួកគាត់អាចជាប់ក្នុងការប្រឡងនេះ»។
ក្រោយការសម្រេចឲ្យមានការប្រឡងបាក់ឌុបលើកទី២ ក្រសួងអប់រំ បានណែនាំឲ្យបើកបង្រៀនវគ្គបំប៉នដល់សិស្សត្រៀមប្រឡងនៅសាលាចំនួន ៣៨៣វិទ្យាល័យ កាលពីជាង១ខែមុន ហើយមានសិស្សជាង ៣ម៉ឺននាក់ (៣១.១០៤នាក់) ចូលរៀន។
បេក្ខជនប្រឡងម្នាក់នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី យុវតី រឹម ស៊ាវហាក់ ឲ្យដឹងថា វិញ្ញាសាប្រឡងភាគច្រើនចេញតាមមេរៀនដែលក្រសួងកំណត់ឲ្យរៀន ហើយអ្នកប្រឡងភាគច្រើនធ្វើបានច្រើនជាងមុន៖ «មានអារម្មណ៍ថាវិញ្ញាសាចេញលើកទី២ធ្វើបានច្រើនជាងមុន ព្រោះអីក្រសួងចេញមេរៀនឲ្យរៀនហើយខ្ញុំបានត្រៀមខ្លួនទុកមុន»។
បេក្ខជនមួយរូបទៀត គឺយុវជន លឹម គីមទី មានជំនឿថា នឹងអាចប្រឡងជាប់លើកនេះ ដោយសារតែគេបានចូលរួមវគ្គបំប៉នរយៈពេលជាងមួយខែ ហើយអាចឆ្លើយ និងធ្វើលំហាត់បានច្រើន។
យ៉ាងណា នៅតែមានសិស្សខ្លះត្អូញត្អែរពីការរឹតបន្តឹងរបស់ក្រសួង ថាជាការរឹតបន្តឹងខ្លាំងហួសហេតុ ហើយចេញវិញ្ញាសាខ្លាំងជាងកាលពីប្រឡងលើកទី១ទៅទៀត។
យុវជន រិន រូរ៉ានីឡា ចេញពីមណ្ឌលប្រឡងដោយទឹកមុខស្រងូតស្រងាត់ ឲ្យដឹងថា គេគ្មានសង្ឃឹមថាអាចប្រឡងជាប់ទេ ដោយសារតែវិញ្ញាសាចេញនោះពិបាកពេក៖ «និយាយទៅគេរឹតបន្តឹងគ្រូនៅក្រៅនៅក្នុងទាំងអស់ ៤ ទៅ ៥នាក់ក្នុងមួយបន្ទប់ អត់អាចបើកប្រ៊ុយយ៉ុងបានទាំងអស់ និយាយទៅហើយម្នាក់ៗក៏អត់មានអីបើកមើលដែរ វិញ្ញាសាចេញពិបាកជាងមុន»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សាលីន មិនអាចវាយតម្លៃជាក់លាក់ពីអត្រានៃចំនួនបេក្ខជនប្រឡងជាប់បាក់ឌុបលើកទី២នេះបាន។
តែបើតាមប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន គិតថាអាចមានបេក្ខជនក្រោម ២០ភាគរយជាប់ក្នុងការប្រឡងបាក់ឌុបលើកនេះ។ លោក រ៉ុង ឈុន ពន្យល់ថា ត្បិតក្រសួងអប់រំ បើកវគ្គបំប៉នដល់សិស្សមុនប្រឡង ប៉ុន្តែអ្នកដែលមានសមត្ថភាពពិតនោះ គឺប្រឡងជាប់លើកទី១ អស់ហើយ។ អ្នកដែលសេសសល់ ឬអ្នកប្រឡងលើកទី២ ច្រើនជាអ្នកមិនសូវមានសមត្ថភាព ហើយការរៀនបំប៉នមួយខែនោះ មិនគ្រប់គ្រាន់សម្រាប់ឆ្លើយតបចំពោះការប្រឡងបានឡើយ៖ «ការដែលមិនមានសមត្ថភាពវាមិនមែនជាចំណោទពីគាត់ទេ ដោយសារតែបញ្ហាសង្គមគ្មានមូលដ្ឋានពីថ្នាក់ក្រោម ទោះបីក្រសួងរៀបចំមេរៀន និងសំណួរចម្លើយ ហើយនិងរៀនបំប៉នក៏មិនអាចទទួលបានផលច្រើននោះទេ ពីព្រោះគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា មិនមែនរៀនមួយភ្លែតចេះទេ»។
ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៣-២០១៤ នេះ គឺជាការចម្រាញ់ធនធានមនុស្សក្នុងអំឡុងពេលជាង ២០ឆ្នាំចុងក្រោយ ក្រោមការកែទម្រង់វិស័យអប់រំ ដោយផ្ដើមពីការប្រឡងបាក់ឌុបនេះមុនគេ។ ក្នុងចំណោមសិស្សចូលរួមប្រឡងបាក់ឌុបទូទាំងប្រទេសកាលពីលើកទី១ ថ្ងៃទី៤-៥ សីហា ជិត ៩ម៉ឺននាក់ មានតែជាង ២ម៉ឺននាក់ (២៣.១២៦នាក់) ប្រឡងជាប់ ឬស្មើនឹង ២៥,៧១ភាគរយ។ កាលពីមិនទាន់កែទម្រង់ និងរឹតបន្តឹងពេលប្រឡងនោះ កាលពីឆ្នាំមុនមានសិស្សប្រឡងជាប់បាក់ឌុបរហូតដល់ជិត ៨៧% (៨៦,៧៧%)។
ការបង្កើតឲ្យមានការប្រឡងបាក់ឌុបលើកទី២ ដើម្បីផ្តល់ឱកាសឲ្យសិស្សប្រឡងធ្លាក់មានសិទ្ធិប្រឡងម្តងទៀតនេះ ត្រូវបានអ្នកវិភាគសង្គម លោក កែម ឡី គិតថាជាបញ្ហានយោបាយច្រើនជាងបញ្ហាកែទម្រង់ស៊ីជម្រៅក្នុងវិស័យអប់រំ។ លោកពន្យល់ថា រដ្ឋាភិបាលបារម្ភខ្លាចសិស្សជាង ៧ម៉ឺននាក់ដែលធ្លាក់កាលពីប្រឡងលើកទី១ខឹងសម្បានឹងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើឲ្យបាត់បង់ប្រជាប្រិយភាព និងខ្លាចខឹងក្រសួងអប់រំ យុវជន និងកីឡា និងមួយទៀត ខ្លាចមហាវិទ្យាល័យឯកជននានាអត់មានសិស្សចូលរៀន ធ្វើឲ្យបាត់បង់ចំណូលសេដ្ឋកិច្ច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។