ស្នងការនគរបាលខេត្តព្រះសីហនុ ព្រមានចាត់វិធានការក្តៅចំពោះក្រុមយុវជនជិះម៉ូតូមិនគោរពច្បាប់ ឬលេងជះទឹក និងប៉ាតម្សៅដាក់គ្នាជាដើម ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
អាជ្ញាធរ ក៏អំពាវនាវដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវកំណត់តម្លៃសេវាបម្រើទេសចរណ៍របស់ខ្លួនឲ្យបានសមរម្យ ដើម្បីឲ្យភ្ញៀវទេសចរចូលមកកម្សាន្តមូលដ្ឋាននេះ ទទួលបានភាពសប្បាយរីករាយ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ហាមដាច់ខាតមិនឲ្យពលរដ្ឋលេងល្បែងគប់ទឹក ឬប៉ាតម្សៅដាក់គ្នា ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងបាត់បង់សម្ភារៈផ្សេងៗ។ លោករំឭកដល់អាណាព្យាបាលគ្រប់ៗរូប ត្រូវអប់រំកូនចៅរបស់ខ្លួនឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចនូវចំណុចអវិជ្ជមាន ដែលអាជ្ញាធរហាមឃាត់ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា៖ « ការជិះម៉ូតូជាហ្វូងរបស់ក្រុមយុវជន ហើយបាញ់ទឹក ឬប៉ាតម្សៅដាក់គ្នានៅតាមផ្លូវសាធារណៈ ក្នុងពិធីបុណ្យចូលឆ្នាំៗនេះ កម្លាំងខ្ញុំបានចេញពង្រាយទប់ស្កាត់ទាំងមុន រហូតដល់ចប់បុណ្យចូលឆ្នាំ។ ហើយប៉ុន្មានថ្ងៃមុននេះ ការជិះម៉ូតូប្រជែងគ្នាទាំងហ្វូងរបស់ក្រុមយុវជន បានបណ្ដាលឲ្យយុវជនម្នាក់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ព្រោះបានជិះម៉ូតូពាសពេញផ្លូវ។ ដូច្នេះ សូមឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងសុំការយោគយល់ដល់កម្លាំងសមត្ថកិច្ចក្នុងចំណាត់ការនេះ »។
នៅខេត្តព្រះសីហនុ គេសង្កេតឃើញមានក្រុមយុវជន និងមានបរទេសខ្លះ បានប្រមូលផ្តុំគ្នាជិះម៉ូតូដោយកែបំពង់ស៊ីម៉ាំងមានសំឡេងឮកងរំពងនៅតាមផ្លូវសាធារណៈទាំងយប់ថ្ងៃ ហើយតែងបង្កគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់។ បញ្ហានេះ ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ សំណូមពរដល់កម្លាំងនគរបាល និងកងរាជអាវុធហត្ថជាដើម ជួយមានវិធានការលុបបំបាត់ឲ្យបានជាស្ថាពរ។
សង្ក្រាន្តឆ្នាំនេះ អភិបាលរងខេត្តព្រះសីហនុ លោក សុខ ផន ក៏បានរំឭកដល់ក្រុមអាជីវករ ឬប្រតិបត្តិករទេសចរ បម្រើសេវាទេសចរណ៍ទាំងអស់ មានដូចជា ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ សេវាដឹកជញ្ជូនទាំងផ្លូវទឹក ផ្លូវគោក និងសេវាម្ហូបអាហារ ជាដើម មិនត្រូវដំឡើងតម្លៃសេវាខ្ពស់ហួសហេតុពេកទេ។ លោកសំណូមពរថា តម្លៃសេវាទេសចរណ៍ គួរត្រូវរក្សាតម្លៃដូចថ្ងៃធម្មតា ឬក៏ដំឡើងតិចតួច ដើម្បីផ្តល់ជម្រើសដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តព្រះសីហនុ កើនខ្ពស់ថែមទៀតនាឆ្នាំខាងមុខ៖ « នាឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងសូមអំពាវនាវដល់អាជីវករទាំងអស់ ឲ្យបន្ធូរបន្ថយការដំឡើងតម្លៃសេវាទេសចរណ៍របស់ខ្លួនខុសរៀប ឬដំឡើងតម្លៃខ្ពស់កប់ពពក ដែលធ្វើឲ្យប៉ះពាល់ដល់ការមកកម្សាន្តរបស់បងប្អូនទេសចរទាំងជាតិ និងអន្តរជាតិ។ ជាងនេះ ក៏ស្នើដល់ប្រជាពលរដ្ឋ ត្រូវប្រយ័ត្នចំពោះអគ្គីភ័យ ដែលអាចនឹងឆាបឆេះនៅតាមផ្ទះរបស់លោកអ្នកនាពិធីបុណ្យចូលឆ្នាំ ព្រោះជារហូតក្តៅខ្លាំង »។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល ទទួលស្គាល់ថា ខេត្តជាប់សមុទ្រមួយនេះ នៅពេលមានពិធីបុណ្យជាតិធំៗ ឬបុណ្យឆ្លងឆ្នាំសកលជាដើម ក្រុមអាជីវករបានដំឡើងតម្លៃសេវាខ្ពស់កប់ពពក ដោយមិនអនុវត្តតាមការណែនាំពីការកំណត់តម្លៃរបស់អាជ្ញាធរខេត្តទេ។ ប្រការនេះ នាំឲ្យភ្ញៀវទេសចរ តែងរិះគន់ជាបន្តបន្ទាប់។ លោក នូ សុផល បន្តថា ការដំឡើងតម្លៃសេវាបម្រើទេសចរណ៍របស់ប្រតិបត្តិករទេសចរតាមទំនើងចិត្ត គួបផ្សំបម្រើសេវាមិនបានល្អ ឬអាហារគ្មានគុណភាពជាដើម អាចនាំឲ្យប៉ះពាល់ដល់កំណើនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះនៅថ្ងៃខាងមុខ។ ដូច្នេះ សូមឲ្យក្រុមអាជីវករបម្រើសេវាទេសចរណ៍ទាំងអស់ ត្រូវកំណត់តម្លៃសេវាលក់ដូររបស់ខ្លួនឲ្យបានសមរម្យ៖ « បុណ្យចូលឆ្នាំនេះដែរ សូមឲ្យប្រតិបត្តិករទេសចរទាំងអស់ ត្រូវពង្រឹងនូវគុណភាពសេវាកម្មឲ្យបានល្អ និងភាពរួសរាយរាក់ទាក់ចំពោះភ្ញៀវទេសចរ ជាពិសេសការកំណត់តម្លៃសេវាទេសចរណ៍ទាំងការស្នាក់នៅ អាហារទទួលទាន និងសេវាដឹកជញ្ជូនជាដើម ត្រូវកំណត់តម្លៃឲ្យបានសមរម្យ ធ្វើយ៉ាងណាកុំឲ្យមានការថ្នាំងថ្នាក់ ឬប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរ »។
និរតីសង្ក្រាន្តឆ្នាំនេះ គេសង្កេតឃើញកម្លាំងប្រដាប់អាវុធចម្រុះ បានដាក់ពង្រាយនៅតាមគោលដៅនានាទាំងនៅលើដីគោក និងលើទឹកសមុទ្រ ត្រៀមការពារសន្តិសុខជូនភ្ញៀវទេសចរទាំងយប់ថ្ងៃ ពិសេសគោលដៅតាមឆ្នេរសមុទ្រ លើដីកោះ វត្តអារាម និងនៅតាមរមណីយដ្ឋានទេសចរណ៍នានាដែលភ្ញៀវទេសចរនិយមទៅកម្សាន្ត។
ចំណែកនៅតាមឆ្នេរអូរឈើទាល មានរៀបចំឆាកប្រគំតន្ត្រីសម័យជាច្រើនទីតាំង ស្តង់លក់ទំនិញរាប់រាយស្តង់ និងមានតុបតែងភ្លើងបំភ្លឺចម្រុះពណ៌ ភ្លឺស្ទើរមួយចំហៀងមេឃ រង់ចាំស្វាគមន៍វត្តមានរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិសម្រាប់សង្ក្រាន្តឆ្នាំថ្មី ឆ្នាំ២០១៦៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។