តម្លៃ​ផ្ទះ​ជួល​ឡើង​ថ្លៃ​ខ្លាំង​ក្នុង​ខេត្ត​ព្រះ​សីហនុ​ខណៈ​ជន​ជាតិ​ចិន​កើន​ឡើង ​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​លំនៅឋាន​របស់​ពលរដ្ឋ​ក្រីក្រ​ធ្លាក់​ចុះ

ដោយ ជី វិតា
2019.06.18
ក្រុង​ព្រះសីហនុ 2019 ទិដ្ឋភាព​នៃ​តំបន់​មមាញឹក​មួយ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។
រូប៖ RFA

កំណើន​ខ្លាំង​នៃ​ចំនួន​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​រយៈពេល​ ២ឆ្នាំចុង​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ខេត្ត​នេះ​ឡើង​ថ្លៃ​យ៉ាង​គំហុក។ ​ពលរដ្ឋ​ខ្លះ​ដែល​មាន​ដីធ្លី ឬ​ផ្ទះសម្បែង​នៅ​ទីនោះ​សប្បាយ​រីករាយ​ នៅ​ពេល​ពួកគាត់​អាច​ជួល​ទ្រព្យ​សម្បត្តិ​ទាំងនោះ​ទៅ​ឲ្យ​ជនជាតិ​ចិន​បាន​ថ្លៃ។ ប៉ុន្តែ​ទន្ទឹម​នឹង​ផល​ចំណេញ​ទាំងនោះ ពលរដ្ឋ​ក្រីក្រ​ជាច្រើន​ដែល​ប្រកប​របរ​ក្នុង​ខេត្ត​នេះ ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់​សិទ្ធិ​លំនៅឋាន​សមរម្យ។

កាល​ពី​ខែ​តុលា​ ឆ្នាំ២០១៨ លោក ម៉ូ សុភ័ក្ត្រ​ វ័យ​ ៣១ឆ្នាំ បាន​ចាក​ចេញ​ពី​ស្រុក​កំណើត​ក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​ប្រកប​របរ​រត់​ម៉ូតូ​កង់​បី​នៅ​ខេត្ត​ព្រះសីហនុ​ ដោយ​ជួល​បន្ទប់​មួយ​ធ្វើ​ពី​ស័ង្កសី ស្ថិត​នៅ​តំបន់​ជាយ​ក្រុង។ លោក សុភ័ក្ត្រ​ ឲ្យ​ដឹង​ថា មុន​ការ​មក​ដល់​យ៉ាង​គំហុក​នៃ​ជនជាតិ​ចិន ផ្ទះ​ស័ង្កសី​នេះ​ធ្លាប់​តែ​មាន​តម្លៃ​តែ​​ ២០ដុល្លារ​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ តែ​ក្រោយ​ពេល​មាន​ជនជាតិ​ចិន​មក​រស់​នៅ​ច្រើន​ ម្ចាស់​ផ្ទះ​បាន​ទារ​ឡើង​ថ្លៃ​រហូត​ដល់ ៧០ដុល្លារ។

ខណៈ​អង្គុយ​រង់ចាំ​ភ្ញៀវ​នៅ​ខាង​មុខ​ផ្សារ​លើ​ លោក សុភ័ក្ត្រ ប្រាប់​អាស៊ី​សេរីថា ការ​រក​បន្ទប់​ជួល​ដែល​មាន​តម្លៃ​សមរម្យ ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ពេល​បច្ចុប្បន្ន ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​សម្រាប់​អ្នក​ចំណាកស្រុក​ដូច​រូប​លោក៖ «ពី​មុន​វា​មាន ​៣០អី ជួល​ តែ​ឥលូវ​អត់​មាន​ទេ មាន​សុទ្ធតែ​ ១០០ជាង។ យ៉ាង​តិច​ ១២០ (ដុល្លារ)។ …ផ្លូវ​នៅ​តាម​ផ្សារ​ អត់​មាន​ទេ សុទ្ធ​តែ​ ៤០០ មួយ​បន្ទប់ៗ នៅ​ក្រោយៗ ផ្សារ​អី ៤០០»

តួលេខ​ផ្លូវការ​បង្ហាញ​ថា មាន​ជនជាតិ​ចិន​ប្រមាណ ៧ម៉ឺន ៨ពាន់នាក់ កំពុង​រស់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​តែ​ប្រមាណ ២ម៉ឺន​នាក់​ប៉ុណ្ណោះ ​ដែល​មាន​ប័ណ្ណ​ការងារ។ លំហូរ​នៃ​ការ​វិនិយោគ​របស់​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហនុ ជា​ពិសេស ​ក្នុង​វិស័យ​កាស៊ីណូ បាន​ទាក់ទាញ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពី​បណ្ដា​ខេត្ត​ផ្សេងៗ មក​ប្រកប​របរ​ក្នុង​ខេត្ត​នេះ។

ដោយសារ​ពលរដ្ឋ​ក្នុង​បណ្ដា​ខេត្ត​នានា​ នាំគ្នាសម្រុក​មក​ខេត្ត​ជាប់​សមុទ្រ​មួយ​នេះ ទីផ្សារ​នៃ​អ្នក​ប្រកប​របរ​រត់​រ៉ឺម៉ក (Remorque) ដឹក​ភ្ញៀវ​ទេសចរ ក៏​កាន់​តែ​ប្រកួត​ប្រជែង​គ្នា​​​ខ្លាំង ក្នុង​នោះ​ពួក​គាត់​ក៏​ត្រូវ​ប្រជែង​ជាមួយ​នឹង​អ្នក​រត់​រ៉ឺម៉ក​ជា​ជនជាតិ​ចិន​មួយ​ចំនួន​តូច​​ផង​ដែរ។

អ្នក​រត់​រ៉ឺម៉ក​មួយ​ចំនួន រួម​ទាំង​លោក​ ម៉ូ សុភ័ក្រ្ត​ ផង ​លើកឡើង​ថា ប្រាក់ចំណូល​របស់​ពួកគាត់​បាន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ពេល​មិន​ទាន់​មាន​​អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​ច្រើន​ដូច​ពេល​នេះ៖ «វា​ពិបាក​ដែរ​បង។ វា​រក​អត់​សល់​។ ផ្ទះ​ក៏​ថ្លៃ ហើយ​ម្ហូប​អាហារ​អី​ក៏​វា​ថ្លៃ។ អ៊ីចឹង​អត់​សល់​ទេ។ ហើយ​របស់​យើង​សុទ្ធ​តែ​បង់​រំលោះ​ទៀត មិន​មែន​មាន​លុយ​ទិញ​ដាច់​ឯ​ណា។ ខ្ញុំ​មក​បាន​កន្លះ​ឆ្នាំ​ហើយ  តែ​មក​ដំបូង​រក​បាន​គួរសម​ដែរ​ ដល់​ពេល​​ឥឡូវ PassApp បុក​ចូល​ច្រើន។​ កាល​ខ្ញុំ​មក​ដំបូង​រត់​កង់​បី​ខ្មែរ​ដែរ​ហ្នឹង​ ហើយ​ដើរ​រក​ផ្ទះ​ជួល ដើរ​រក​ ទម្រាំ​បាន​អា​៥០រៀល​នៅ​ចុង នៅ​ជាយ​ព្រៃ ហើយ​ទឹក​ទិញ​គេ​ទៀត។ ទឹក​១ពាង​៥ពាន់ ហើយ​មួយ​ថ្ងៃ​ប្រើ​មួយ​ពាង»

ដើម្បី​សម្រាល​ថ្លៃ​ចំណាយ លោក​ត្រូវ​ចែករំលែក​ផ្ទះ​ស័ង្កសី​នេះ ជាមួយ​សាច់ញាតិ​មួយ​គ្រួសារ​ទៀត។ ភរិយា​លោក ម៉ូ សុភ័ក្ត្រ គឺ​អ្នកស្រី​ សួស ដាវី វ័យ​ ២៥ឆ្នាំ ដែល​ទើប​សម្រាល​កូន​បាន ​៤ខែ មាន​ប្រសាសន៍​ថា ដោយ​សារ​ផ្ទះ​ដែល​មាន​គុណភាព​សមរម្យ​សុទ្ធតែ​មាន​តម្លៃ​ថ្លៃ​ ហួសពី​សមត្ថភាព ​របស់​គ្រួសារ​អ្នកស្រី ទើប​សម្រេច​ចិត្ត​រស់នៅ​ក្នុង​ផ្ទះ​ស័ង្កសី​នេះ​ជាមួយ​នឹង​សាច់ញាតិ​មួយ​គ្រួសារ​ទៀត៖ «និយាយ​ទៅ​ តែ​ផ្ទះ​ឡើង​ថ្លៃ ឡើង​អី យើង​ក៏​គ្មាន​សមត្ថភាព​ឯណា​ជួល​នៅ​ដែរ បាន​តែ​ជួល​នៅ​ផ្ទះ​ថោកៗ អី​អ៊ីចឹង​ទៅ។ បើ​នៅ​លើៗ សុទ្ធ​តែ​មួយ​ខែ​ ១៥០-២០០​ យើង​មាន​លុយ​ណា​ជួល​នៅ ខ្លាច​ស្ទុះ​វា​មិន​រួច។ បើ​មុនៗ គ្រាន់​រក​បាន ឥឡូវ​តែ​ចិន​វា​សម្រុក​មក​ខ្លាំង ខ្មែរយើង​សម្រុក​មក​រក​ច្រើន​ដែរ។ ដល់​អ៊ីចឹង​ ប្ដី​ខ្ញុំ​រក​កាន់​តែ​ចុះ​ខ្សោយ។ មក​ដំបូង​យើង​រក​បាន​មួយ​ថ្ងៃ​ជួនកាល​ ៦០-៧០ ឥឡូវ​ ៣០​អី​ហ្នឹង​យើង​តឹង​ណាស់»

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​មួយ​ចំនួន ដែល​ជា​ម្ចាស់​អចលនទ្រព្យ​ក្នុង​ខេត្ត​ព្រះសីហនុ កំណើន​ដ៏​ខ្លាំងក្លា​នៃ​ជនជាតិ​ចិន​ក្នុង​ខេត្ត​នេះ បាន​ជួយ​បង្កើន​ប្រាក់​ចំណូល​​របស់​ពួកគាត់​យ៉ាង​ឆាប់​រហ័ស។

ម្ចាស់​ផ្ទះល្វែង​មួយ​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ ដែល​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​ ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៨ មក តម្លៃ​ផ្ទះ​ជួល​បាន​ចាប់​ផ្ដើម​ឡើង​ថ្លៃ​យ៉ាង​គំហុក។ អ្នកស្រី​ប្រាប់​ថា ផ្ទះ​ពីរ​ល្វែង​របស់​អ្នកស្រី ​ដែលមាន៦បន្ទប់ ស្ថិត​នៅ​តាម​ផ្លូវ​តូច នៅ​ម្ដុំ​ឃ្លាំង​លើ ​ ធ្លាប់​ជួល​ឲ្យ​ភ្ញៀវ​បរទេស​ជនជាតិ​ផ្សេង​ក្នុង​តម្លៃ ​មួយ​ល្វែង​​ ៣០០ដុល្លារ​ក្នុង​មួយ​ខែ។ តែ​បច្ចុប្បន្ន​អ្នកស្រី​អាច​ជួល​ឲ្យ​ជនជាតិ​ចិន​បាន​រហូត​ដល់​ ២.៥០០ដុល្លារ​ក្នុង​មួយ​ខែ។

ទោះ​យ៉ាង​ណា ​អ្នកស្រី​ក៏​មើល​ឃើញ​ពី​ផល​ប៉ះពាល់​នៃ​កំណើន​នេះ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​មិន​មាន​ផ្ទះសម្បែង​ក្នុង​ខេត្ត​ព្រះសីហនុ​ផង​ដែរ៖ «ព្រោះ​អី​គ្នា​ធ្លាប់​ជួល​ផ្ទះ​ អា​មួយ​បន្ទប់​ ៥០-៦០អីអ៊ីចឹង ចិន​ទៅ​ដេញ​ថ្លៃ​ឲ្យ​បន្ទប់​ដល់​៣០០អី​ក៏​មាន​ដែរ។ អា​ជួល​តូប​ក្នុង​ផ្សារ​អី​ហ្នឹង ចិន​ជួល​យក​ឡើង​ចង់​អស់​ហើយ ផ្សារ​លើ​ហ្នឹង។ កន្លែង​អ្នក​លក់​បន្លែ​កកូរ​មួយ​នោះ ហ្នឹង​គាត់​ថា ជួល​បាន​មួយ​ខែ​ ៣ពាន់ ថ្លៃ​ជាង​ផ្ទះ​ទៀត​ណា៎»

អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍​ម្នាក់​ឈ្មោះ ជួប និន អាយុ ៣៦ឆ្នាំ ដែល​តែងតែ​សម្រាន្ត​លើ​រ៉ឺម៉ក​នៅ​ពេល​យប់ តាម​ផ្លូវ​ឆ្នេរ​អូរ​ឈើទាល ​ប្រាប់​អាស៊ី​សេរី​ថា ការ​ស្នាក់​នៅ​លើ​រ៉ឺម៉ក​បែប​នេះ ​ប៉ះពាល់​ដល់​សុខភាព​ និង ធ្វើ​ឲ្យ​លោក​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ ប៉ុន្តែ​លោក​គ្មាន​ជម្រើស​ផ្សេង​ឡើយ៖ «មាន​មូស​ខាំ រមាស់ ឬ​មួយ​ផ្ដាសាយ ផ្ដា​អី ត្រូវ​ទឹក​ភ្លៀង​ត្រូវ​អី​អ៊ីចឹង ហើយ​ណាមួយ​យើង​អត់​បាន​គេងលក់​ស្រួល​ដូច​គេ។ ឧទាហរណ៍​ដូច​ថា ក្នុង​មួយ​យប់​អ៊ីចឹង បាន​ ២ម៉ោង ១ម៉ោង​អ៊ីចឹង​ទៅ បើ​មាន​អ៊ីចឹង ដឹក​ទល់ៗ ភ្លឺ បើ​គ្មាន​ភ្ញៀវ​ យើង​បាន​តម្រង់​ខ្នង​តម្រង់​អី​លើ​តុកតុក​ហ្នឹង​បាន​ ១ម៉ោង​អ៊ីចឹង​ទៅ។ អា​រឿង​ចុក​ចង្កេះ ចុក​អី តែ​យើង… ដឹង​ស្រាប់​ហើយ អា​លើ​គ្រែ​វា​ស្រួល​ជាង​អង្រឹង​បង។ និយាយ​ពី​មូស មូស​ខាំ​ណាស់ មូស​ខាំ​ដៃ​ឡើង​ក្រហម​អស់​ហើយ។ ធ្វើ​ម៉េច​បើ​យើង​ក្រ គេ​មាន​គេ​ដេក​សុទ្ធ​តែ​ម៉ាស៊ីន​ត្រជាក់​ស្រួល»

លោក​បាន​ចាកចេញ​ពី​ស្រុកកំណើត​ក្នុង​​ខេត្ត​តាកែវ មក​ប្រកប​របរ​រត់​រ៉ឺម៉ក​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​អស់​ជាង​១ឆ្នាំ​មក​ហើយ។ ទោះ​បី​នៅ​ខេត្ត​ព្រះសីហនុ​ លោក​អាច​រក​ប្រាក់​ចំណូល​បាន​ច្រើន​ជាង​នៅ​ស្រុក​កំណើត​ទ្វេដង​ក៏​ដោយ ក៏​នៅ​តែ​មិន​មាន​លទ្ធភាព​ជួល​បន្ទប់​សមរម្យ​មួយ​រស់នៅ​បាន។ រាល់ថ្ងៃ​លោក ជួប និន ត្រូវ​ងូត​នៅ​តាម​បន្ទប់​ទឹក​សាធារណៈ ដែល​ត្រូវ​ចំណាយ​យ៉ាង​តិច​១៥០០​រៀល​រាល់​ពេល​ងូត​ទឹក​ម្ដង៖ «ខ្មែរ​យើង​ មិន​ដូច​ចិន​គេ​មាន​លុយ​មាន​កាក់​ហ្នឹង។​ ហើយ​ខ្មែរ​យើង​មាន​លុយ​មាន​កាក់​ឯ​ណា​មក​រក​ស៊ី​រាល់​ថ្ងៃ​ ធ្វើ​តែ​ខ្ញុំ​ចិន​ហ្នឹង។ យើង​មិន​បាន​ទៅ​ធ្វើ​ថៅកែ​ចិន​ឯ​ណា។ អ៊ីចឹង​ខ្ញុំ​សំណូម​ពរ​ឲ្យ​ចុះ​ផ្ទះ​ជួល​ផ្ទះ​អី​ហ្នឹង​ឲ្យ​រៀង​ចុះ​ថោក​បន្តិច​ទៅ»

នៅ​តាម​ដង​ផ្លូវ​ស្ទើរ​តែ​គ្រប់​ច្រក​ល្ហក​ក្នុង​ក្រុង​ព្រះសីហនុ ពោរពេញ​ដោយ​ការ​ប្រកាស​លក់ ឬ​ជួល​ ដី និង​អគារ​ផ្សេងៗ មិន​ថា ផ្លូវ​តូច​ ឬ ផ្លូវ​ធំ ក្នុង​ក្រុង​ ឬ ជាយ​ក្រុង។

សូម្បី​ដី​ផ្ទះ​ស័ង្កសី ដែល​គ្រួសារ​របស់​លោក សុភ័ក្រ្ត អ្នក​រត់​ម៉ូតូ​កង់​បី​មក​ពី​ខេត្ត​ត្បូងឃ្មុំ កំពុង​រស់​នៅ​សព្វថ្ងៃ ក៏​កំពុង​ត្រូវ​បាន​ម្ចាស់​ប្រកាស​លក់​ផង​ដែរ។ ការណ៍​នេះ កំពុង​ធ្វើ​ឲ្យ​លោក និង​គ្រួសារ​ខ្វល់ខ្វាយ​ មិន​ដឹង​ថា​ត្រូវ​ទៅ​រក​ផ្ទះ​ជួល​នៅ​ទី​ណា​ទៀត ប្រសិន​បើ​ម្ចាស់​ផ្ទះ​ឈប់​ជួល​ឲ្យ​លោក​រស់​នៅ​ត​ទៅ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។