សង្គម​ស៊ីវិល​ថា ថៃ​នៅតែ​បន្ត​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត

ដោយ ជាតិ ចំណាន
2018-11-15
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​​កម្ពុជា​វិញ កាល​ពី​អំឡុង​ខែ​មិថុនា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។
ថៃ ចាប់​បញ្ជូន​ពលករ​ខ្មែរ​ខុស​ច្បាប់​មក​​កម្ពុជា​វិញ កាល​ពី​អំឡុង​ខែ​មិថុនា តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។
Photo: RFA

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​​នៅ​ខេត្ត​បន្ទាយមានជ័យ​លើក​ឡើង​​ថា​សមត្ថកិច្ច​ថៃ​បានចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​ស្រុក​កំណើត​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​នៅ​តែ​មាន​ចំនួន​ច្រើន។ មន្ត្រី​ទាំង​នោះ​អះអាង​ថា ពលករ​ខ្មែរ​ត្រូវ​បាន​ចាប់​ដឹក​តាម​ឡាន​ទ្រុង​យ៉ាង​ណែន​ចង្អៀត​ដូច​សត្វ​ធាតុ ដែល​ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​នៅ​តែ​បន្ត​ឆ្លង​ដែន​ទៅ​ធ្វើការ​ប្រទេស​ថៃ​ខុស​ច្បាប់​ជា​រៀងរាល់​ថ្ងៃ ស្រប​ពេល​ដែល​ថៃ​នៅ​តែ​ចាប់​បញ្ជូន​ត្រឡប់​មក​ស្រុក​កំណើត​វិញ​​នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល។ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​​បាន​ចេញ​របាយការណ៍​ឲ្យ​ដឹង​ថា​រយៈ​ពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៨​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ពលករ​ខុសច្បាប់​ត្រឡប់​មក​កម្ពុជា​តាម​ច្រក​ប៉ោយប៉ែត​ដល់​ទៅ​ជិត​៣ម៉ឺននាក់។

លោក​ ស៊ុំ ច័ន្ទគារ​ បន្ថែម​ទៀត​ថា​ ថៃ​ចាប់​បញ្ជូន​ពលករ​ជាង​២ម៉ឺន​នាក់​តាម​ច្រក​ព្រំដែន​អន្តរជាតិ​​ប៉ោយប៉ែត​នេះ​ ជា​តួលេខ​ដ៏​ច្រើន​គួរឲ្យ​ព្រួយបារម្ភ​ ដោយសារ​ពួក​គេ​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក​ ទើប​បាន​ជា​នាំ​គ្នា​ទៅ​ធ្វើ​ការ​ទាំង​ប្រថុយប្រថាន​នៅ​ក្រៅ​ប្រទេស​នោះ៖ «ដូច្នេះ​អាជ្ញាធរ​របប​លោក​ហ៊ុន​ សែន​គិត​យ៉ាងណា​ដែរ​ ហើយ​មួយ​វិញ​ទៀត​បញ្ហា​ខ្វះ​កម្លាំង​ពលកម្ម​នៅ​ក្នុង​ស្រុក​ច្រើន​ ប៉ុន្តែ​ពលរដ្ឋ​មិន​ចូល​ចិត្ត​ធ្វើ​ដោយសារ​តម្លៃ​ប្រាក់​ឈ្នួល​ថោក និង​មិន​យក​ចិត្ត​ដាក់​លើ​ការ​ធានា​រ៉ាប់រង​អាយុជីវិត​អំឡុង​ពេល​ធ្វើ​ការ ដូច្នេះ​រឿង​នេះ​វា​ជា​ដំបៅ​នៅ​ក្នុង​សង្គម»

ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​លោក ជា សុខណា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤​វិច្ឆិកា​ថា លោក​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ​ជាង ​៤ឆ្នាំ​ហើយ​ ដោយសារ​នៅ​ផ្ទះ​គ្មាន​ការងារ​ធ្វើ​ ហើយ​​គ្មាន​មុខរបរ​ដើម្បី​រក​ប្រាក់​ចំណូល​ដោះ​ស្រាយ​ជីវភាព​គ្រួសារ។ ពលករ​រូប​នេះ​បន្ថែម​ទៀត​ថា បើ​សិន​ជា​នៅក្នុង​​ស្រុក​មាន​ការងារ​ធ្វើ​បាន​ប្រាក់​ខែ​សមរម្យ​លោក​នឹង​នាំ​ប្រពន្ធ​កូន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ដោយ​មិន​នៅ​ធ្វើ​ការ​ស្រុក​គេ​នោះ​ទេ ព្រោះ​ធ្វើ​ការ​ស្រុក​គេ​គ្មាន​​សិទ្ធិ​សេរីភាព​ពេញលេញ​ហើយ​​ឃ្លាតឆ្ងាយ​ពី​ឪពុក​ម្ដាយ៖ «ហើយ​យើង​ពិបាក​នៅ​ពេល​យើង​ប្ដូរ​ថៅកែ​ពិបាក​ធ្វើ​លិខិត​ស្នាម​ណាស់​ កាល​ណា​យើង​ចេញ​ពី​ការងារ​មួយ​ទៅ​ការងារ​មួយ​ទៀត​គេ​មិន​សូវ​ប្ដូរ​ឲ្យ​យើង​ទេ ដូច​ជា​ការងារ​ចាស់​អស់​ការងារ​ទៅ​ហើយ​ប្ដូរ​ទៅ​ថៅកែ​ថ្មី​ ហើយ​ថៅកែ​ថ្មី​គេ​តម្រូវ​ឲ្យ​យើង​យក​ឯកសារ​ពី​ថៅកែ​ចាស់​មក​បង្ហាញ​គេ​ទើប​គេ​ទទួល​ឲ្យ​ចូល​ធ្វើ​ការ​ដូច្នេះ​ពលករ​នៅ​ថៃ​ជួប​ការ​លំបាក​លើ​រឿង​នេះ​គ្រប់គ្នា»

លោក ស៊ុំ ច័ន្ទគា​ អះអាង​ទៀត​ថា អាជ្ញាធរ​ថៃ​នៅ​តែ​ចាប់​បញ្ជូន​ពលករ​ខ្មែរ​ត្រឡប់​មក​កម្ពុជា ដឹក​តាម​រថយន្ត​ទ្រុង ហើយ​ពួក​គេ​ឈរ​តម្រៀប​គ្នា​​យ៉ាង​ណែន​ពិបាក​ដក​ដង្ហើម ដោយ​មិនទាន់​មាន​​ការ​កែ​សម្រួល​ឲ្យ​បាន​ល្អ​នៅ​ឡើយ​ទេ។ សព្វ​ថ្ងៃ​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ថៃ​មាន​ជាង ១លាន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល