ក្រុម​គ្រួសារ​ថា​មិន​អាច​បំភ្លេច​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​ស្លាប់​នៅ​ស្ពាន​ពេជ្រ​កាល​ពី​៥​ឆ្នាំ​មុន

ដោយ អ៊ុំ រង្សី
2015-11-22
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ចូលរួម​ពិធី​រាប់​បាត្រ បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នា​ស្តូប​ក្បែរ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ចូលរួម​ពិធី​រាប់​បាត្រ បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នា​ស្តូប​ក្បែរ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។
RFA/Um Rainsey

សាលា​រាជធានី​ភ្នំពេញ និង​ក្រុម​គ្រួសារ​ជន​រងគ្រោះ នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ បាន​រៀបចំ​ពិធី​រាប់​បាត្រ បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជូន​អ្នក​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​លើ​ស្ពាន​ពេជ្រ។ ទន្ទឹម​គ្នា​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​នៅ​តែ​ជា​សោកនាដកម្ម​ដក់​ជាប់​ក្នុង​អារម្មណ៍​មិន​អាច​បំភ្លេច​បាន ទោះ​ជា​បាន​កន្លង​ផុត​ទៅ​រយៈពេល ៥​ឆ្នាំ​ទៅ​ហើយ​ក្ដី។

ក្រុម​គ្រួសារ​ជន​រងគ្រោះ នៅ​តែ​ចងចាំ​មិន​ភ្លេច​នូវ​សោកនាដកម្ម​នៅ​លើ​ស្ពាន​ពេជ្រ ដែល​បាន​កើត​ឡើង​កាល​ពី ៥​ឆ្នាំ​មុន។

ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​មាន​ភាព​សោកសៅ​ជា​ទីបំផុត ដោយ​បែក​បង​ប្អូន បែក​កូន ឪពុក​ម្ដាយ​នៅ​ក្នុង​ព្រឹត្តិការណ៍​មនុស្ស​ផ្អើល​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ ដែល​បណ្ដាល​ឲ្យ​មាន​មនុស្ស​ជាង ៣៥០​នាក់​បាន​ស្លាប់ និង​រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស។

ដោយសារ​ការ​ចងចាំ​សោកនាដកម្ម​នេះ មនុស្ស​ជាង ៤០០​នាក់ បាន​ជួប​ជុំ​គ្នា​នៅ​ស្តូប​ក្បែរ​ផ្លូវ​ចូល​មជ្ឈមណ្ឌល​កោះ​ពេជ្រ ជា​ទីតាំង​អតីត​ស្ពាន​ពេជ្រ ដែល​ក្រុមហ៊ុន​អភិវឌ្ឍ​តំបន់​កោះ​ពេជ្រ បាន​វាយ​កម្ទេច​ចោល​នោះ ដើម្បី​ប្រារព្ធ​ខួប ៥​ឆ្នាំ​ធ្វើ​ពិធី​បង្សុកូល និង​ពិធី​រាប់​បាត្រ​ព្រះសង្ឃ​ជាង ១០០​អង្គ ដែល​និមន្ត​មក​ពី​វត្ត​ផ្សេងៗ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នោះ។

«សំឡេង​សូត្រ​មន្ត»

អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែល​ដឹក​នាំ​ពិធី​រំឭក​ខួប​នេះ មាន​ប្រសាសន៍​ថា សាលា​រាជធានី​ភ្នំពេញ​ចាត់​ទុក​ថ្ងៃ​ទី​២២ វិច្ឆិកា គឺ​ជា​ថ្ងៃ​ទិវា​ចងចាំ​សម្រាប់​បណ្ដា​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​មិន​គួរ​ភ្លេច​ព្រឹត្តិការណ៍​គួរ​ឲ្យ​រន្ធត់​នេះ ដែល​កើត​ឡើង​នៅ​ចំ​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ក្នុង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក។ លោក​បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​បន្ត​គោរព​វិញ្ញាណក្ខន្ធ​តាម​បែប​សាសនា​ជា​រៀង​រាល់​ឆ្នាំ ដោយ​ពុំ​ពាក់ព័ន្ធ​នឹង​នយោបាយ​ឡើយ៖ «រាជធានី​ភ្នំពេញ​បាន​កំណត់​ថា ២២ វិច្ឆិកា ជា​ទិវា​ថ្ងៃ​ចងចាំ​សម្រាប់​ប្រជាជន មន្ត្រី​រាជការ ថ្នាក់​ដឹក​នាំ។ សម្រាប់​ថ្នាក់​ដឹក​នាំ ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ហេតុការណ៍​ដែល​ជា​ឧទាហរណ៍​នេះ​ស្រាប់»

ឪពុក​យុវជន​រងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​នេះ លោក ខាត់ ឆន់ ថ្លែង​ទាំង​ទឹក​ភ្នែក​ថា ជា​រឿង​ល្អ​មួយ​ដែល​សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​បុណ្យ​ជូន​កូន​របស់​លោក និង​ជន​រងគ្រោះ​ដទៃ​ទៀត។ លោក​ថា ទោះ​ជា​ពិធី​នេះ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ក្តី លោក​នៅ​តែ​មិន​ភ្លេច​កូន​ប្រុស​ជា​ទី​ស្រឡាញ់​តែ​មួយ​គត់​របស់​លោក៖ «ខ្ញុំ​នៅ​តែ​សោកស្ដាយ នៅ​តែ​នឹក ឲ្យ​ថ្ងៃ​មួយ​ដេក​នឹក​ឃើញ​ចឹង​ទៅ ទឹក​ភ្នែក​ចឹង​ទៅ ជួន​ថ្ងៃ​ណា​អារម្មណ៍​ល្អ​ចឹង​ទៅ ភ្លេច​វា​ចឹង​ទៅ វា​អាណោចអាធ័ម​ពេក»

ម្ដាយ​ជន​រងគ្រោះ​មួយ​រូប​ទៀត​មក​ពី​ខេត្ត​ព្រៃវែង ឈរ​កាន់​ផ្កា​ឈូក និង​រូបថត​កូន​ស្រី គឺ​លោកស្រី ម៉ន ម៉ឺន និយាយ​ទាំង​ទឹក​ភ្នែក​រលីងរលោង​ដែរ​ថា ឲ្យ​តែ​ដល់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា នេះ លោកស្រី​តែង​មាន​អារម្មណ៍​ក្តុកក្តួល​នឹក​ស្រណោះ​ដល់​កូន​ជា​ទី​ស្រឡាញ់។ លើស​ពី​នេះ លោកស្រី​ថា ថវិកា​ដែល​ក្រុមហ៊ុន សប្បុរសជន និង​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ជាង ១​ម៉ឺន ២​ពាន់​ដុល្លារ​នោះ លោកស្រី​បាន​ធ្វើ​បុណ្យ និង​ព្យាបាល​ជំងឺ​ឪពុក​ដែល​ពិបាក​ចិត្ត​នឹក​ចៅ​ស្រី​ដែល​ស្លាប់។ លោកស្រី​លើក​ឡើង​ថា ថវិកា​សំណង​នេះ នៅ​តែ​មិន​អាច​ផ្សះផ្សា​ផ្លូវ​ចិត្ត​ក្រុម​គ្រួសារ​លោកស្រី​បាន​នោះ​ឡើយ៖ «សំណង​អ្វី​ក៏ដោយ មិន​អាច​គ្រប់គ្រាន់​បាន​ទេ លុយ​ប៉ុន្មាន​ក៏​មិន​អាច​លុប​ទឹក​ចិត្ត​ម្តាយ​ចំពោះ​កូន​បាន​ដែរ ជីវិត​កូន»

ពិធី​ប្រារព្ធ​ខួប ៥​ឆ្នាំ​ជូន​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​ជាន់​គ្នា​នៅ​ស្ពាន​ពេជ្រ​នេះ មិន​បាន​ឃើញ​វត្តមាន​មន្ត្រី​គណបក្ស​ប្រឆាំង​ចូលរួម​នោះ​ទេ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ូ ច័ន្ទឫទ្ធិ បាន​ឲ្យ​ដឹង​ថា ទោះ​ជា​ឆ្នាំ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​ប្រារព្ធ​ពិធី​នេះ​ធំ​ដុំ​ក្តី ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​ក្នុង​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​ពេជ្រ​នេះ​ដែរ កាល​ពី​រសៀល​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​គម្រប់​ខួប​រយៈពេល ៥​ឆ្នាំ​បាន​មក​ដល់។

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ដែល​ចូលរួម​ពិធី​រំឭក​ខួប ៥​ឆ្នាំ​នេះ នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​តែ​ធានា និង​ការពារ​សន្តិសុខ នៅ​ពេល​មាន​បុណ្យ​ទាន ឬ​ព្រឹត្តិការណ៍​សំខាន់​ណា​មួយ ដើម្បី​បញ្ចៀស​កុំ​ឲ្យ​កើត​មាន​ព្រឹត្តិការណ៍​ដូច​ករណី​សោកនាដកម្ម​នេះ​បន្ត​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

អ្នក​អាន​អនាមិក

To this day, no one held responsible for this tragedy. Why? Because this is corrupt government runs by a dictator.

Nov 22, 2015 01:02 PM

អ្នក​អាន​អនាមិក

ទុក្ខសោក នៅមានបន្ត ទៀត បើ ចារកិច្ចវៀតណាម វា នៅក្នុងប្រទេសខ្មែរ រងចាំ តែ បំផ្លាញ !
វីធី ល្អ មានតែ ប្រជាពលរដ្ឋខ្មែរ ធ្វើនយោបាយ ទាំងអស់គ្នា ដេញកំចាត់ ចារកិច្ចវៀតណាម អោយចេញពី ប្រទេសខ្មែរ !

Nov 22, 2015 10:03 AM

គេហទំព័រ​ទាំងមូល