ទាក់ទងនឹងរឿងគ្រាប់មីនដែលនៅតែជាបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋខ្មែរវិញ សហរដ្ឋអាមេរិក បញ្ជាក់ជំហរថា ខ្លួននៅតែបន្តជួយកម្ពុជា តាមគម្រោង ដើម្បីសម្អាតចម្ការមីន និងគ្រាប់មីនមិនទាន់ផ្ទុះ។
ជំហររបស់អាមេរិកនេះ ធ្វើឡើងក្រោយពីឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម ហៃដ្ត (William A. Heidt) បញ្ចប់ដំណើរទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្ចាត់មីនកម្ពុជា នៅខេត្តកំពង់ឆ្នាំង កាលពីចុងខែមីនា កន្លងទៅ។ ចំណែករដ្ឋាភិបាលកម្ពុជា វិញ ក៏ដាក់ចេញជាគោលដៅសកលរបស់ខ្លួនដែរ ដោយប្ដេជ្ញាថានឹងបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សឲ្យបានរួចរាល់នៅមុនឆ្នាំ២០២៥។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក វីល្លៀម ហៃដ្ដ ថ្លែងថា សហរដ្ឋអាមេរិក នៅតែចាត់ទុកបញ្ហាបោសសម្អាតមីននៅកម្ពុជា ថាជារឿងអាទិភាព ថ្វីត្បិតតែកញ្ចប់ថវិកាសម្រាប់ជួយគម្រោងដោះមីននៅកម្ពុជា មិនលេចចេញជារូបរាងនៅឡើយ ដោយសារតែគម្រោងថវិកានេះនៅចំពេលដែលសហរដ្ឋអាមេរិក កំពុងរៀបចំរដ្ឋបាលថ្មីដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ។
លោកថា ក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៦ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចំណាយថវិកាជាង ១២០លានដុល្លារអាមេរិកសម្រាប់កម្មវិធីកម្ចាត់ជាតិផ្ទុះនៅកម្ពុជា និងបានដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ហើយផ្តល់ការអប់រំស្ដីពីគ្រោះថ្នាក់បណ្ដាលមកពីគ្រាប់មីន និងជួយពង្រឹងសមត្ថភាពថ្នាក់ជាតិ៖ « អ៊ីចឹងសម្រាប់ពេលនេះ យើងមិនទាន់ដឹងបានថា តួលេខថវិកាហ្នឹងមានប៉ុន្មានទេសម្រាប់រយៈពេល ២ឆ្នាំបន្ទាប់ទៀត ប៉ុន្តែដែលខ្ញុំផ្ញើជូនរដ្ឋបាលក្រុងវ៉ាស៊ីនតោន (Washington) គឺសកម្មភាព មនុស្សធម៌។ បោសសម្អាតមីន គឺជាអាទិភាពខ្ពស់បំផុត។ សហរដ្ឋអាមេរិក នៅតែចាំអំពីតួនាទីរបស់ខ្លួននៅក្នុងសម័យសង្គ្រាមវៀតណាម ហើយបន្សល់ទុកនូវយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅពេលនោះ។ តាមបទពិសោធន៍ផ្ទាល់ដែលជួបកន្លងមកនេះ ខ្ញុំសូមស្ងើចសរសើរចំពោះល្បឿននៃការងារបោសសម្អាតមីន។ ពាក់ព័ន្ធនឹងសំណួរថា តើមានថវិកាប៉ុន្មាន ? ខាងអ្នកសារព័ត៌មានអាចតាមដានបន្តទៀតតាមកញ្ចក់ទូរទស្សន៍បន្តទៀត អំពីសកម្មភាពរបស់រដ្ឋាភិបាលអាមេរិក »។

អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) លោក ហេង រតនា លើកឡើងថា រដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាដាក់ចេញជាគោលដៅសកល ដោយត្រូវធ្វើសកម្មភាពបោសសម្អាតគ្រាប់មីនប្រឆាំងមនុស្សឲ្យចប់សព្វគ្រប់បានមុនឆ្នាំ២០២៥។ ចំពោះគ្រាប់មីនប្រឆាំងមនុស្សដែលមាននៅក្នុងដីប្រមាណ ១ពាន់គីឡូម៉ែត្រក្រឡាទៀត លោក ហេង រតនា ថា ស៊ីម៉ាក់ ត្រូវការថវិកាប្រមាណ ៤០៦លានដុល្លារ ដើម្បីចំណាយទៅលើការបោសសម្អាតមីនឲ្យបានមុនឆ្នាំ២០២៥៖ « ផែនការយុទ្ធសាស្ត្រយើងដល់ឆ្នាំ២០២៥ យើងសម័យចង់បានថវិកាជាង ៤០០លានដុល្លារសម្រាប់ធ្វើកិច្ចការនេះ។ បានន័យថា ក្នុងមួយឆ្នាំជាង ៤០លានដុល្លារ ដើម្បីយកមកដោះស្រាយបញ្ហានេះ។ ដោយឡែកបច្ចុប្បន្ននេះ យើងទទួលបានពី ២០ ទៅ ៣០លានដុល្លារ។ ជាក់ស្ដែងស៊ីម៉ាក់នៅឆ្នាំទទួលបានទាំងសម្ភារ ទាំងថវិកាប្រមាណជាង ២០លានដុល្លារ។ សម្ភារយើងបានទទួលពីរដ្ឋាភិបាលជប៉ុន ប្រហែល ១២លានដុល្លារ ហើយជាសាច់ប្រាក់ប្រហែលជាង ១០លានដុល្លារក្នុង ១ឆ្នាំ។ បើយើងប្រៀបធៀបទៅផែនការប្រចាំឆ្នាំ យើងនៅខ្វះប្រហែលជា ៤ ទៅ ៦លានដុល្លារនៅក្នុងចន្លោះហ្នឹង។ ក្នុង ១ឆ្នាំ យើងមានផែនការធ្វើពី ១២០ ទៅ ១៥០គីឡូម៉ែត្រក្រឡា រំដោះផ្ទៃដី។ ឆ្នាំ២០១៦ កន្លងទៅ យើងធ្វើបាន ១០៦គីឡូម៉ែត្រក្រឡា។ ឆ្នាំនេះ យើងប្រុងធ្វើឲ្យបាន ១២០គីឡូម៉ែត្រក្រឡា » ។
ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ ស៊ីម៉ាក់ កម្ទេចគ្រាប់មីនបានជិត ៤លានគ្រាប់ ហើយរំដោះផ្ទៃដីបានជាង ១.៥០០គីឡូម៉ែត្រក្រឡា ដោយសារតែមានជំនួយពីបណ្ដាប្រទេសមួយចំនួន ដូចជាសហរដ្ឋអាមេរិក (United State) ជប៉ុន (Japan) អូស្ត្រាលី (Australia) កាណាដា (Canada) ន័រវេសន៍ (Norway) និងហូល្លង់ដ៍ (Netherlands) ជាដើម។
ចំពោះអត្រាគ្រោះថ្នាក់រងរបួស និងស្លាប់ដោយសារមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះវិញ លោក ហេង រតនា ថាករណីនេះបានធ្លាក់ចុះពីជាង ៤ពាន់ករណីក្នុងឆ្នាំ១៩៩៦ មកត្រឹម ៨៣ករណីសម្រាប់ឆ្នាំ២០១៦។
ក្រៅពីគ្រាប់បែកអាមេរិកដែលទម្លាក់នៅតាមផ្លូវលំហូជីមិញ ហើយធ្លាក់ចូលទឹកដីខ្មែរក្នុងសម័យសង្គ្រាមវៀតណាម លោក ហេង រតនា ថានៅមានគ្រាប់មីនមកពីប្រទេសវៀតណាម (Vietnam) ចិន (China)រុស្ស៊ី (Russia)ប៉ូឡូញ (Poland) ប៊ែលហ្ស៊ីក (Belgium) អាល្លឺម៉ង់ខាងកើត (East Germany) និងប្រទេសសិង្ហបុរី (Singapore)ជាដើម ដែលគ្រាប់មីនទាំងនោះនៅតែបន្តយាយីអាយុជីវិតពលរដ្ឋខ្មែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
