វត្តចាស់ព្រមតាមសាលាក្រុងមិនអនុញ្ញាតឲ្យធ្វើបុណ្យខួប១០០ថ្ងៃបណ្ឌិត កែម ឡី
2016.10.10
ព្រះចៅអធិការវត្តពោធិយ៉ារ៉ាមហៅ វត្តចាស់ ចេញលិខិតនៅថ្ងៃទី១០ តុលា សម្រេចមិនអនុញ្ញាតឲ្យគ្រួសារ និងគណៈកម្មការបុណ្យសពបណ្ឌិត កែម ឡី ធ្វើបុណ្យខួប១០០ថ្ងៃ នៅទីបរិវេណវត្តនេះឡើយ។
លិខិតនោះបញ្ជាក់ថា ការសម្រេចនេះ គឺចៅអធិការ និងគណៈកម្មការវត្ត ធ្វើឡើងដោយឯកភាពតាមសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ដែលពុំអនុញ្ញាតឲ្យរៀបចំពិធីបុណ្យនេះក្នុងវត្ត។
ប៉ុន្តែយ៉ាងណាក៏ដោយ សមាជិកគណៈកម្មការបុណ្យបណ្ឌិត កែម ឡី លោក ប៉ា ងួនទៀង ថ្លែងថា បើទោះបីជា មានការបដិសេធមិនឲ្យធ្វើពិធីបុណ្យនៅវត្តចាស់ក្ដី ក៏គណៈកម្មការនឹងនៅតស៊ូមតិដើម្បីសុំធ្វើនៅវត្តនេះដដែល៖ «ខ្ញុំយល់ឃើញថា ការចេញលិខិតនេះ មិនឆ្លុះបញ្ចាំងពីព្រះទ័យព្រះចៅអធិការទេ។ ខ្ញុំសង្ស័យថា វាមានគំនាបពីអាជ្ញាធរ ដែលជំរុញឲ្យព្រះអង្គធ្វើអញ្ចឹង។ ខ្ញុំដឹងថា ព្រះចៅអធិការពិបាកក្នុងព្រះទ័យដែរ»។
លិខិតនោះបន្តថា បើមានការរៀបចំពិធីបុណ្យនេះ ក្នុងវត្តចាស់ ចៅអធិការ និងគណៈកម្មការវត្តមិនទទួលខុសត្រូវឡើយ និងសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់ចែងវិធានការរដ្ឋបាល។
នៅសល់តែ៤ថ្ងៃទៀតទេ គម្រោងបុណ្យខួប១០០ថ្ងៃ បណ្ឌិត កែម ឡី នឹងត្រូវប្រារព្ធ ដែលគម្រោងនឹងធ្វើនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា។
ឃាតកបាញ់សម្លាប់លោក បណ្ឌិត កែម ឡី នៅក្នុងស្ដារម៉ាត (Star Mart) កាល់តិច (Caltex) ជិតស្ដុបបូកគោរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា។ គិតមកដល់ថ្ងៃទី១០ តុលា ឆ្នាំ២០១៦នេះ មានរយៈពេលបីខែហើយ ប៉ុន្តែសមត្ថកិច្ចមិនទាន់រកឃើញអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះ ក្រៅពីជនត្រូវចោទ អឿត អាង ហៅ ជួប សម្លាប់ នោះឡើយ៕