ក្រុមយុវជនក្រុងប៉ោយប៉ែតរៃអង្គាសប្រាក់ធ្វើបុណ្យ៧ថ្ងៃឧទ្ទិសកុសលជូនសពលោក កែម ឡី
2016.07.14
យុវជនមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាំគ្នារៃអង្គាសប្រាក់ដើម្បីយកទៅធ្វើបុណ្យគម្រប់ ៧ថ្ងៃជូនដល់សពលោកបណ្ឌិត កែម ឡី ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៧ កក្កដា។ ក្រុមយុវជនបញ្ជាក់ថា គោលបំណងសំខាន់ក្នុងពិធីបុណ្យនេះ ដើម្បីជាការដឹងគុណដល់លោកបណ្ឌិត ដែលបានជួយជាគំនិតដល់សង្គមកម្ពុជា ផង និងឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធរបស់លោកទៅកាន់សុគតិភពផង។
ក្រុមយុវជននៅក្រុងប៉ោយប៉ែត សម្ដែងការអាឡោះអាល័យជាខ្លាំងចំពោះការបាត់បង់លោកបណ្ឌិត កែម ឡី ថាជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយនៅក្នុងសង្គមកម្ពុជា ដែលមិនអាចកាត់ថ្លៃបាន។
តំណាងយុវជនក្រុងប៉ោយប៉ែត លោក ព្រាប ឥន្ទវឌ្ឍនៈ ថ្លែងនៅថ្ងៃទី១៣ កក្កដា ថា ដើម្បីរួមចំណែកដឹងគុណលោកបណ្ឌិត កែម ឡី ក្នុងនាមជាយុវជនខ្មែរនៅជាយដែនកម្ពុជា-ថៃ លោកបានរួមគំនិតគ្នារៃអង្គាសប្រាក់ដើម្បីយកទៅធ្វើបុណ្យគម្រប់ ៧ថ្ងៃជូនសពលោកបណ្ឌិត កែម ឡី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ កក្កដា។
លោកបញ្ជាក់ថា តាមគម្រោង កម្មវិធីបុណ្យនេះនឹងនិមន្តព្រះសង្ឃប្រមាណ ៣០អង្គ សូត្រមន្តមួយព្រឹកនៅវត្តបាលេលិយ្យ នៅជាប់ផ្លូវជាតិលេខ៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ «យើងនឹងរៀបចំរូបថតលោកបណ្ឌិតនៅចំពោះព្រះភ័ក្ត្រព្រះពុទ្ធរូប ហើយយើងនឹងស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធរបស់លោកប្រមាណ ១នាទី និងមានការដុតទៀនចំនួន ៥ដើម ជានិមិត្តសញ្ញាដែលលោកបានផ្ដល់ចំណេះដឹងមកដល់ពួកយើង»។
ស្រដៀងគ្នានេះដែរ យុវជនម្នាក់ទៀត លោក ថៃ ស៊ីវ៉ា ថ្លែងថា ពួកគេរួមសាមគ្គីគ្នាធ្វើបុណ្យនេះដោយទឹកចិត្តស្មោះសរនៃការអាណិតស្រឡាញ់ និងដឹងគុណលោកបណ្ឌិត កែម ឡី ដែលបានផ្ដល់ជាគំនិតល្អៗដល់ប្រជាពលរដ្ឋខ្មែរត្រិះរិះពិចារណា ដែលជាប្រយោជន៍ដល់សង្គមជាតិ៖ «ខ្ញុំជាយុវជននៅព្រំដែននៅឆ្ងាយពីភ្នំពេញក៏ពិតមែន ប៉ុន្តែយើងមានចិត្តស្រឡាញ់ និងស្ដាយស្រណោះលោកបណ្ឌិតដូចគ្នា។ ខ្ញុំអំពាវនាវឲ្យយុវជនខ្មែរក្លាហានហ៊ានបញ្ចេញយោបល់ ដែលជាការពិតឆ្លុះបញ្ចាំងនៅក្នុងសង្គមបន្តទៀត»។
ក្រុមយុវជនអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ទាំងអស់ដែលមានចិត្តស្រឡាញ់វីរជនស្នេហាជាតិ មេត្តាចូលរួមធ្វើបុណ្យគម្រប់ ៧ថ្ងៃឲ្យបានច្រើនកុះករ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់វិញ្ញាណក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ទៅកាន់សុគតិភព។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមយុវជន គឺជាទង្វើល្អមួយនៅក្នុងសង្គមជាតិ និងជាការលើកទឹកចិត្តដល់អ្នកចេះដទៃទៀតដែលមានចិត្តស្នេហាជាតិ ហ៊ានលះបង់អាយុជីវិតដើម្បីជាតិ ដោយសារមានការគាំទ្រពីប្រជាពលរដ្ឋ៖ «ខ្ញុំគិតថាកម្មវិធីដែលយុវជនធ្វើនេះ មិនប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈទេ ព្រោះការងារនេះជាប្រពៃណីរបស់ពលរដ្ឋខ្មែរដែលកាន់ព្រះពុទ្ធសាសនា អនុវត្តជាយូរលង់ណាស់មកហើយ»។
ក្រុមយុវជនចាប់ផ្ដើមប្រមូលថវិកាចាប់ពីព្រឹកថ្ងៃទី១៣ កក្កដា បានប្រាក់ប្រមាណ ១០០ដុល្លារសហរដ្ឋអាមេរិក។ ពួកគេនឹងរៃអង្គាសប្រាក់បន្តទៀតរហូតដល់ថ្ងៃប្រារព្ធពិធីបុណ្យ៕