សហជីព​ថា លោក ហ៊ុន សែន មិន​គួរ​ឲ្យ​កម្មការិនី​មាន​ផ្ទៃពោះ​ចូលរួម​ពិធី​សំណេះ​សំណាល

0:00 / 0:00

មន្ត្រី​សហជីព ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​របស់​កម្មការិនី​មាន​ផ្ទៃពោះ ដែល​ចូល​រួម​ពិធី​ឃោសនា​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការ​ព្រួយ​បារម្ភ​នេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ថា មាន​កម្មការិនី​មួយ​ចំនួន​បាន​សម្រាល​កូន​នៅ​ពេល​ចូលរួម​ពិធី​សំណេះសំណាល​របស់​លោក។

កម្មការិនី​រោងចក្រ​ដែល​មាន​ផ្ទៃពោះ​ជិត​គ្រប់ខែ​មួយ​ចំនួន អាច​ប្រឈម​គ្រោះថ្នាក់ ទាំង​ម្ដាយ និង​កូន​ដោយសារ​តែ​ពួក​គាត់​ទទួល​រង​សម្ពាធ​ពី​មន្ត្រី និង​ថៅកែ​រោងចក្រ​ឲ្យ​ទៅ​ចូលរួម​អង្គុយ​ស្ដាប់​រយៈ​ពេល​យូរ​នូវ​ការ​ឃោសនា​នយោបាយ​របស់​លោក​នាយករដ្ឋមន្ត្រី។ ជាក់​ស្ដែង មាន​កម្មការិនី​ម្នាក់​នៅ​ខេត្ត​ស្វាយរៀង សម្រាល​កូន​បាន​ជោគជ័យ ប៉ុន្តែ​កម្មការិនី​ផ្សេង​ទៀត​នៅ​ខេត្ត​កំពង់ឆ្នាំង​សម្រាល​កូន​មិន​បាន​ជោគ​ជ័យ​ឡើយ ដោយ​មាន​ទារក​ពីរ​នាក់​បាន​ស្លាប់​ក្នុង​ពេល​ចូល​រួម​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​លោក ហ៊ុន សែន។

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ មាន​ប្រសាសន៍​ថា ជា​រឿង​មិន​ត្រឹមត្រូវ និង​ជា​រឿង​រំលោភ​សិទ្ធិ​កម្មករ ប្រសិនបើ​ពួក​គាត់​មាន​ផ្ទៃ​ពោះ​ជិត​​ឆ្លង​ទន្លេ​តាម​ខែ​កំណត់ ប៉ុន្តែ​ក្រុមហ៊ុន នៅតែ​តម្រូវ​ឲ្យ​គាត់​ទៅ​ធ្វើការ ឬ​ទៅ​ចូលរួម​ពិធី​សំណេះសំណាល​របស់​លោក​នាយក​រដ្ឋមន្ត្រី។ លោក​បន្ត​ថា តាម​ច្បាប់ កម្មការិនី ដែល​មាន​ផ្ទៃពោះ អាច​សុំ​ច្បាប់​សម្រាក​មុន​ពេល​សម្រាល​កូន​យ៉ាង​ហោច​ណាស់​មួយ​ខែ ហើយ​ពួកគាត់ ក៏​មាន​សិទ្ធិ​ទទួល​បាន​ការ​សម្រាក​លំហែ​មាតុ​ភាព​រយៈ​ពេល ៣ខែ ឬ ៩០ថ្ងៃ​ដែរ។ មេ​ដឹកនាំ​សហជីព​រូប​នេះ បញ្ជាក់​ទៀត​ថា ក្នុង​កំឡុង​ពេល ២ខែ​ដំបូង ដែល​កម្មការិនី​ត្រឡប់​ទៅ​ធ្វើការ​វិញ គាត់​ត្រូវ​ធ្វើ​ការងារ​ណា ដែល​ស្រាលៗ តែ​ប៉ុណ្ណោះ ហើយ​ថៅកែ​ក្រុមហ៊ុន មិន​អាច​បញ្ឈប់​ពួក​គាត់​មុន​ពេល ឬ​ក្នុង​ពេល​កំពុង​សម្រាក​លំហែ​មាតុភាព​ឡើយ។

លោក អាត់ ធន់៖«កន្លង​មក​យើង​ដឹង​ថា មាន​បញ្ហា​ច្រើន​អំពី​ស្ត្រី។ ស្ត្រី​ខ្លះ ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​នៅ​ពេល​គេ​ដឹង​ថា មាន​ផ្ទៃពោះ។ ស្ត្រី​ខ្លះ​ទៀត ធ្វើ​ការ ​ទោះបី​ដឹង​ថា គាត់​មាន​ផ្ទៃពោះ​ហើយ​មិន​ឲ្យ​ការងារ​កន្លែង​រាង​ស្រួល ឬ​ធូរ​ទេ គឺ​គេ​ឲ្យ​ធ្វើ​កន្លែង​ធ្ងន់ ឬ​កន្លែង​ការងារ​ដដែល។ ស្ត្រី​ខ្លះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើការ​រហូត​ដល់​ឆ្លង​ទន្លេ អា​ហ្នឹង​ហើយ​ដែល​ប៉ះពាល់ ដែល​គេ​គួរ​តែ​មើល។ ក្នុង​ករណី​ដែល​គាត់​ដល់​កម្រិត​ហ្នឹង​ហើយ​គាត់​ត្រូវ​មក​ទទួល​សម្ដេច​ទៀត ហើយ​គាត់​ពិបាក​អង្គុយ ហើយ​យើង​ដឹង​ហើយ ត្រៀម​ចាំ​មុន​មួយ​ម៉ោង​ពីរ​ម៉ោង រហូត​ដល់​និយាយ​ចប់​យូរ​ដែរ។ ដូច្នេះ​ខ្ញុំ​គិត​ថា កាន់​តែ​ធ្វើ​ឲ្យ​គាត់​លំបាក​ទៀត ព្រោះ​បើ​គាត់​នៅ​ក្រៅ គាត់​អាច​សម្រាក​ដើរ​លិច​កើត បត់​ជើង​បត់​អី​បាន។ ដូច្នេះ ខ្ញុំ​គិត​ថា អ្នក​មាន​ផ្ទៃ​ពោះ​ជិត​ដល់​ឆ្លងទន្លេ មិន​គួរ​ឲ្យ​គាត់​មក​ចូលរួម​ស្ដាប់​ទេ»។

សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​​ទី៧ នេះ លោក ហ៊ុន សែន បាន​ចុះ​ជួប​កម្មករ​ស្ទើរ​​រាល់ថ្ងៃ​ដូច​អាណត្តិ​មុន​ដែរ ដើម្បី​ស្វែង​រក​ការ​គាំ​ទ្រ​ពី​កម្មករ។ គិត​ត្រឹម​ថ្ងៃ​ទី២៧ មិថុនា លោក​បាន​ជួប​កម្មករ​ជិត ២០ដង​ហើយ​ដោយ​ម្ដងៗ លោក​ចំណាយ​ពេល​និយាយ​ឲ្យ​កម្មករ​ស្ដាប់​ប្រហែល ១ម៉ោង​កន្លះ។ មេដឹកនាំ​ដែល​ជាប់​ឈ្មោះ​ជា​ជន​ពុក​រលួយ​រូប​នេះ តែង​ផ្តល់​ថវិកា​ចំនួន ២ម៉ឺន​រៀល​សម្រាប់​កម្មករ​ម្នាក់ៗ ដែល​អង្គុយ​ស្ដាប់​លោក ហើយ​ក្នុង​ពិធី​ជួបជុំ​ម្ដងៗ មាន​កម្មករ​ខ្ទង់​ម៉ឺន​នាក់​រួម​ទាំង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ផង។

ដើម្បី​តែ​កេង​ចំណេញ​នយោបាយ​ផ្ទាល់​ខ្លួន លោក ហ៊ុន សែន ហាក់​មិន​ខ្វល់​អំពី​សុវត្ថិភាព​របស់​កម្មការិនី​ដែល​មាន​ផ្ទៃ​ពោះ​ទាំង​នោះ​ឡើយ។ ថ្លែង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ-កម្មការិនី​ជិត ២ម៉ឺន​នាក់ (១៩.០៨៥) ក្នុង​នោះ​មាន​ទាំង​កម្មការិនី​មាន​ផ្ទៃពោះ ៥៩៣នាក់ នៅ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី២៧ មិថុនា លោក ហ៊ុន សែន ប្រកាស​ថា មាន​កម្មការិនី​មួយ​ចំនួន​បាន​សម្រាល​កូន​ក្នុង​ពេល​មក​ចូលរួម​ពិធី​សំណេះ​សំណាល​ជាមួយ​លោក។ ក្នុង​នោះ​មាន​កម្មការិនី​ម្នាក់​នៅ​ខេត្តស្វាយរៀង​សម្រាល​កូន​បាន​ជោគជ័យ ប៉ុន្តែ​មាន​កម្មការិនី​ផ្សេង​ទៀត​នៅ​ខេត្តកំពង់ឆ្នាំង​សម្រាល​កូន​មិន​បាន​ជោគជ័យ​នោះ​ទេ។

លោក ហ៊ុន សែន៖«ប្រហែល​ជា​ខ្ញុំ​ត្រូវ​មើល​ថែ​ក្មេងៗ ដែល​វា​កើត​ចំ​ថ្ងៃ​ដែល​យើង​ទៅ​ដល់។ ខំ​សួរ​ឪពុក ដែល​ទើប​ទាក់ទង​បាន​តាម​ទូរស័ព្ទ ម៉េច​បាន​កូន​ឯង​អត់​ដឹង​ខ្លួន​អី​ទេ?ថា អត់​ដឹង​ផង។ ប្ដី​ទៅ​ធ្វើការ​ផ្សេង​ទៅ ប្រពន្ធ​ជិះ​ឡាន​ទៅ​ដើម្បី​ជួប ស្រាប់តែ​ម៉ោង ៦ព្រឹក បាន​កូន​មួយ ហើយ​ឪពុក​មិន​ទាំង​ដឹង​ផង។ អ៊ីចឹង​ទេ យើង​ក៏​ត្រូវ​ទទួល ប៉ុន្តែ​សោកស្ដាយ​រឿង​កំពង់​ឆ្នាំង ដោយសារ​ក្មេង​អត់​គ្រប់​គីឡូ អ៊ីចឹង​ក៏​ស្លាប់ ទាំងពីរ​ទៅ ជា​អកុសល ហើយ​ថ្ងៃ​នេះ សង្ឃឹម​ថា អត់​មាន​អ្នកណា​កើត​ថ្ងៃ​នេះ​ទេ ប៉ុន្តែ​បើ​មាន​អ្នក​កើត​ចំ​ថ្ងៃ​នេះ​ទៀត គឺ​យក​ទៅ​ជួយ​ចិញ្ចឹម​ទៀត យើង​ដោះ​ស្រាយ»។

កម្មករ​មួយ​ចំនួន ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា មន្ត្រី​របស់​លោក ហ៊ុន សែន បាន​ដាក់​សម្ពាធ​ថៅកែ​រោងចក្រ​ឲ្យ​ប្រមូល​កម្មករ​ទៅ​ចូលរួម​ពិធី​ឃោសនា​នយោបាយ​របស់​លោក ហ៊ុន សែន។ ពួក​គាត់ បញ្ជាក់​ថា រដ្ឋបាល​រោងចក្រ​កម្រិត​ឲ្យ​កម្មករ​ទាំង​អស់​ថា ត្រូវតែ​ទៅ​ចូលរួម បើ​ពុំ​នោះ​ទេ នឹង​​កាត់​ប្រាក់ខែ ឬ​ឈាន​ដល់​ការ​បណ្ដេញ​ចេញពី​ការងារ។ បើ​ទោះ​បី​ជា​កម្មករ​ឈឺ ឬ​មាន​ផ្ទៃពោះ ក៏​រដ្ឋបាល​រោងចក្រ​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​ពី​គ្រូពេទ្យ​ដែរ។

កម្មការិនី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​លើក​ឡើង​ថា កម្មករ​ដែល​មាន​ផ្ទៃពោះ អាច​ប្រឈម​គ្រោះថ្នាក់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ ដោយសារ​ពួក​គាត់ ត្រូវ​ងើប​ទៅ​ទទួល​លោក ហ៊ុន សែន តាំង​ពី​ព្រឹក​ព្រលឹម​និង​អង្គុយ​ជា​ច្រើន​ម៉ោង​ក្រោម​អាកាស​ធាតុ​ក្ដៅ​ស្អុះស្អាប់ និង​មិន​អាច​ដើរ​ចុះ​ឡើង ឬ​ទៅ​បន្ទប់​ទឹក​ដោយ​ងាយ​ឡើយ។ លើស​ពី​នេះ ប្រសិន​បើ​ពួក​គាត់​មាន​គ្រោះថ្នាក់ ឬ​កើត​កូន​នៅ​ទី​នោះ អាច​ពិបាក​និង​យឺតយ៉ាវ​ក្នុង​ការ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ។ ទោះជាយ៉ាងណាក្ដី កម្មការិនី​រូប​នេះ យល់​ថា ស្ត្រី​មាន​ផ្ទៃពោះ​ខ្លះ អាច​ពួក​គាត់​ចង់​ទៅ​ដោយ​ខ្លួន​ឯង ដោយសារ​លោក ហ៊ុន សែន ផ្តល់​លុយ ២០០ដុល្លារ ជា​ការ​លើក​ទឹក​ចិត្ត។

«ពេលខ្លះ​មនុស្ស​ច្រើន​ទៅ​វា​ហប់​រង​សម្ពាធ​ដូច​ថា អត់​សូវ​ស្រួល​ខ្លួន​វិលមុខ សម្រាប់​អ្នក​ពោះ​ធំ ហើយ​ឲ្យ​អង្គុយ​រង​ចាំ​យូរ ព្រោះ​មាន​គ្រោះថ្នាក់​ដែរ​សម្រាប់​គាត់​អ្នក​ពោះ​ធំ។ ដូច្នេះ​មិន​គួរ​ឲ្យ​អ្នក​ពោះ​ធំ​ទៅ​ទេ។ បើ​សិន​ជា​សម្រាល​ដោយ​សម្រួល សម្រាល​ដោយ​អី​មិន​ថា​ទេ ព្រោះ ២០០ដុល្លារ​វា​គួរ​សម ដែរ ប៉ុន្តែ​បើ​សម្រាល​អ៊ីចឹង វា​ដូចជា​អភ័ព្វ​ពេក ហើយ​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់»។

មន្ត្រី​សហជីព និង​កម្មករ​យល់​ថា ប្រសិន​បើ​លោក ហ៊ុន សែន មាន​ចិត្ត​ចង់​ជួយ​កម្មករ​ពិត​ប្រាកដ​នោះ មិន​បាច់​ចំណាយ​ពេល​ទៅ​ជួប​កម្មករ​ស្ទើរ​រាល់​ថ្ងៃ​ក៏​បាន​ដែរ ព្រោះ​លោក និង​ក្រសួង​ការងារ បាន​ដឹង​អំពី​បញ្ហា​ប្រឈម​របស់​កម្មករ​រួច​ទៅ​ហើយ។ បញ្ហា​ដែល​កម្មករ​ចង់​ឲ្យ​ដោះស្រាយ​នោះ គឺ​ការ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​បាន​ខ្ពស់​ជាង​បច្ចុប្បន្ន គោរព​សិទ្ធិ​កម្មករ​និង​សហជីព​នៅ​កន្លែង​ការងារ លក្ខខណ្ឌ​ការងារ​ល្អ បញ្ឈប់​ការ​បណ្ដេញ​កម្មករ​ដែល​ចង​ក្រង​សហជីព និង​ស្ត្រី​មាន​ផ្ទៃ​ពោះ គោរព​ម៉ោង​ការងារ​ទៅ​តាម​ច្បាប់ មាន​ពេល​សម្រាក​ថ្ងៃ​បុណ្យ​ទាន រៀបចំ​ឲ្យ​កម្មករ​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​ប្រព័ន្ធ​សន្តិសុខ​សង្គម​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​ជា​ដើម។ លើស​ពី​នេះ រដ្ឋាភិបាល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​រំលោភ​សិទ្ធិមនុស្ស និង​បញ្ហា​ប្រជាធិបតេយ្យ ដើម្បី​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជ​កម្ម EBA​ របស់​សហភាព​អឺរ៉ុប​ដែល​មាន​ប្រយោជន៍​ធំធេង​សម្រាប់​កម្មករ។ ប្រសិន​បើ​លោក ហ៊ុន សែន មិន​ដោះស្រាយ​បញ្ហា​ទាំង​នេះ​ទេ មន្ត្រី​សហជីព និង​កម្មករ​ យល់ថា ជំនួប​របស់​លោក ហ៊ុន សែន ជាមួយ​កម្មករ​នេះ គ្រាន់តែ​ធ្វើឲ្យ​ល្អមើល តែ​មិនល្អ​ស៊ី​ឡើយ ឬ​គ្មាន​ប្រយោជន៍​ដុំកំភួន​សម្រាប់​កម្មករ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។