សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​ក្រសួង​ការងារ​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ

0:00 / 0:00

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចង់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ពិសេស​ក្រសួង​ការងារ យក​ចិត្ត​ទុក​ដាក់​បន្ថែម​ក្នុង​ការ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៃ​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​ត្រូវ​បាន​រំលោភ​បំពាន​ពី​សំណាក់​និយោជក។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​យុទ្ធនាការ​ស្ដីពី “ការ​ជំរុញ​ឲ្យ​មាន​ការ​គោរព​សិទ្ធិ​យុវជន​ធ្វើ​ការ​ក្នុង​វិស័យ​ការងារ​ក្រៅ​ប្រព័ន្ធ” ដែល​រៀបចំ​ដោយ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ធ្នូ។

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា សម្ដែង​ក្តី​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នៃ​កម្មករ​ធ្វើ​ការ​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ ដែល​កំពុង​រងគ្រោះ​ដោយសារ​ការ​មិន​គោរព​លក្ខខណ្ឌ​ការងារ​ពី​សំណាក់​និយោជក។

លោក មឿន តុលា គិត​ថា ការ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នីមួយៗ​ចុះ​បញ្ជី និង​ការ​កំណត់​ប្រាក់​ខែ​គោល​ថ្នាក់​ជាតិ នឹង​អាច​ជួយ​ឲ្យ​ស្ថានភាព​កម្មករ​នៃ​វិស័យ​ក្រៅ​ប្រព័ន្ធ មាន​ភាព​ប្រសើរ​ជាង​នេះ៖ «វា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​មាន​ប្រាក់​ខែ​គោល​ប្រចាំ​ជាតិ​មួយ។ យើង​ឃើញ​ហើយ​ថា យុវជន​នៅ​ពេល​ដែល​គាត់​ទទួល​ការងារ​នៅ​កន្លែង​ផ្សេងៗ កម្រិត​ចំណេះ​ដឹង​ដូច​គ្នា ប៉ុន្តែ​ប្រាក់​ខែ​របស់​គាត់​ផ្សេង​គ្នា។ អ្នក​ខ្លះ​ទទួល​បាន ៨០​ដុល្លារ ខ្លះ​ទៀត​ទទួល​បាន ១០០​ដុល្លារ​ជាង។ អ៊ីចឹង​វា​អត់​ត្រូវ​ទេ បើ​យើង​និយាយ​ពី​ការងារ​ស្មើ​គ្នា ប្រាក់​ខែ​ស្មើ​គ្នា។ នេះ​គេ​ហាម​ឃាត់​តែ​ម្តង មិន​អាច​ឲ្យ​អ្នក​មាន​សមត្ថភាព​ដូច​គ្នា បាន​ប្រាក់​ខែ​ខុស​គ្នា​នោះ​ទេ»

ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន រក​ឃើញ​ថា ស្ថានភាព​សិទ្ធិ​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា មាន​ភាព​លំបាក​ជាង​កម្មករ​កាត់​ដេរ និង​បុគ្គលិក​ក្រុមហ៊ុន ដោយសារ​តែ​មិន​មាន​កិច្ចសន្យា​ការងារ និង​សហជីព​ជួយ​ការពារ​សិទ្ធិ​របស់​ពួក​គេ។ កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ខ្លះ ពិសេស​កម្មករ​ធ្វើ​ការ​នៅ​កន្លែង​កម្សាន្ត ទទួល​រង​នូវ​ការ​រំលោភ​បំពាន​លើ​រាង​កាយ និង​ផ្លូវ​ភេទ​ពី​ម្ចាស់​ហាង និង​ភ្ញៀវ។ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ក៏​រក​ឃើញ​ទៀត​ថា យុវជន​ជា​កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ចំណេះ​ដឹង​ទាប​បំផុត​អំពី​ច្បាប់​ការងារ និង​សិទ្ធិ​សេរីភាព​របស់​ខ្លួន ហើយ​ច្បាប់​ការងារ​ទៀតសោត ក៏​មិន​ត្រូវ​បាន​យក​មក​អនុវត្ត​ចំពោះ​សេវាកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផង​ដែរ។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អគ្គនាយក​រង​ទីភ្នាក់ងារ​ជាតិ​មុខ​របរ និង​ការងារ លោក គួច សុមាន ថ្លែង​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​ពី​គម្រោង​បង្កើត​ប្រាក់​ខែ​គោល​ថ្នាក់​ជាតិ ព្រម​ទាំង​ជំរុញ​ឲ្យ​ក្រុមហ៊ុន និង​សហគ្រាស​ទាំងអស់ ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាក់ព័ន្ធ ដើម្បី​ប្រែ​ក្លាយ​ជា​ស្ថាប័ន​នៃ​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​វិញ។ យ៉ាង​នេះ​ក្តី លោក គួច សុមាន បញ្ជាក់​ថា ការ​ប្រែប្រួល​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច និង​ភាព​កង្វះ​ខាត​យន្តការ​ច្បាប់ គឺ​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​បង្កើត​ប្រាក់​ខែ​គោល​ថ្នាក់​ជាតិ៖ «តាម​រយៈ​ការ​បង្កើត​ជា​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជាដើម ដើម្បី​យើង​ផ្សព្វផ្សាយ​ឲ្យ​ពួក​គាត់​ដឹង ថា​តើ​ពេល​ដែល​ពួក​គាត់​ចូល​ជា​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​វិញ ពួក​គាត់​នឹង​ទទួល​បាន​ផល​ប្រយោជន៍? បើ​សិន​ជា​យើង​អត់​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​គាត់​ទេ ពួក​គាត់​នឹង​មិន​ចូល​ទេ»

របាយការណ៍​ស្រាវជ្រាវ​របស់​អង្គការ​អភិវឌ្ឍន៍​ធនធាន​យុវជន ចេញ​ផ្សាយ​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ដីពី​ស្ថានភាព​សិទ្ធិ​ការងារ​របស់​យុវជន​ក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ បង្ហាញ​ថា ប្រាក់​ខែ​សរុប​ជា​មធ្យម​របស់​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​ជាង ១៧០​ដុល្លារ (១៧២.៩៨​ដុល្លារ) ក្នុង​មួយ​ខែ តិច​ជាង​កម្មករ​កាត់​ដេរ​ដែល​ទទួល​បាន​ជិត ១៩០​ដុល្លារ (១៨៨​ដុល្លារ) ក្នុង​មួយ​ខែ។ កម្មករ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​តែ​ជិត ៤​ភាគរយ (៣,៧%) ប៉ុណ្ណោះ ដែល​មាន​សហជីព ហើយ​ពួក​គេ​តែ​ជិត ៣០​ភាគរយ (២៧,៧%) ប៉ុណ្ណោះ ដែល​ទទួល​បាន​កិច្ច​សន្យា​ការងារ។ ក្រៅ​ពី​នេះ ចំនួន​ប្រហែល ៤១​ភាគរយ (៤០,៩%) នៃ​កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ធ្វើ​ការ​លើស​ពី ៦​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​លើស​ពី ៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដែល​ការងារ​ទាំង​នោះ​ស្ថិត​ក្នុង​បរិយាកាស​មិន​មាន​សុវត្ថិភាព​ការងារ។

វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ សំដៅ​លើ​អ្នក​ប្រកប​អាជីវកម្ម​ដោយ​ខ្លួន​ឯង ឬ​អ្នក​ដែល​ធ្វើ​ការ​ឲ្យ​បុគ្គល​ដែល​ប្រកប​អាជីវកម្ម​ខ្លួន​ឯង ដែល​អាជីវកម្ម​នោះ​មិន​បាន​ចុះ​បញ្ជី​ក្នុង​ក្រសួង​ពាណិជ្ជកម្ម និង​ស្ថាប័ន​ពាក់ព័ន្ធ។

វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​មួយ​ចំនួន។ វា​ផ្តល់​នូវ​ការងារ និង​កាត់​បន្ថយ​ភាព​អត់​ការងារ​ធ្វើ ប៉ុន្តែ​ភាគ​ច្រើន ប្រាក់​ខែ​ដែល​កម្មករ​ទទួល​បាន​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។ សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ជួយ​ជំរុញ​សកម្មភាព​សហគ្រិន ក៏ប៉ុន្តែ​វា​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ប្រយោជន៍​ច្រើន​ទាក់ទង​នឹង​ច្បាប់​ការងារ និង​ពន្ធដារ។

បើ​ប្រៀបធៀប​នឹង​វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំណុច​អវិជ្ជមាន​ច្រើន ដូចជា គ្មាន​ប្រព័ន្ធ​លក្ខខណ្ឌ​ការងារ មិន​បាន​អនុវត្ត​តាម​ច្បាប់​ការងារ ទទួល​បាន​ប្រាក់​ខែ​មិន​ទៀងទាត់ និង​មិន​ស្មើ​គ្នា មិន​មាន​ម៉ោង​ការងារ​ច្បាស់លាស់ ប្រាក់​ខែ​ទាប មិន​មាន​វេទិកា​សម្រាប់​សម្ដែង​ក្តី​បារម្ភ ហើយ​ពេល​ខ្លះ​មិន​បាន​ចុះ​ឈ្មោះ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​គ្មាន​កិច្ចសន្យា​ផ្លូវ​ការ​ជាមួយ​និយោជក។

ជំរឿន​សេដ្ឋកិច្ច​ឆ្នាំ​២០១១ របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ បង្ហាញ​ថា ក្នុង​ចំណោម​គ្រឹះស្ថាន​ក្រុមហ៊ុន និង​សហគ្រាស​ប្រហែល ៥​សែន មាន​គ្រឹះស្ថាន​តែ​ប្រមាណ​ជា ៣,៤​ភាគរយ ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។