អាជ្ញាធរថៃ​មិនទាន់​បញ្ជូន​មន្ត្រី​យោធា​កម្ពុជា​បើកឡាន​ចូលប្រទេសថៃ​ខុស​ច្បាប់​មក​កម្ពុជា​វិញ​ទេ

0:00 / 0:00

អាជ្ញាធរថៃ​មិន​ទាន់​បញ្ជូន​មន្ត្រីយោធា​កម្ពុជាដែល​បើក​ឡាន​ចូល​ប្រទេសថៃ​ខុស​ច្បាប់កាល​ពី​ព្រលប់​ថ្ងៃទី៥ ខែវិច្ឆិកា ត្រង់ចំណុច​ព្រំដែន​អន្តរជាតិ​ស្រុក​សំពៅលូន ខេត្តបាត់ដំបង មក​កម្ពុជា​វិញ​នោះ​ទេ។ តុលាការ​ថៃ​នឹង​កាត់ទោស​នាយទាហាន​ខ្មែរ​ស័ក្ដិ៥​នោះតាម​បទចោទ​៤​ករណី ដែល​ប៉ូលិស​ព្រំដែនថៃ​បាន​ចោទ​ប្រកាន់ ហើយ​ត្រូវ​អនុវត្តទោស​នៅ​ប្រទេសថៃ​គ្រប់​ពេល​កំណត់ទើប​បញ្ជូន​ទៅ​ខ្មែរ​វិញ។

ប៉ូលិសថៃ​មិនទាន់​អនុញ្ញាត​ឲ្យ​លោកវរសេនីយ៍ឯក សុខ បានផល ត្រឡប់​ទៅ​កម្ពុជា​វិញ​ទេទោះ​ជា​មាន​ការ​សុំអន្តរាគមន៍​ពី​ភាគី​កម្ពុជា​ឲ្យ​នាយទាហាន​រូបនេះមកទទួល​ពិន័យ​នៅ​កម្ពុជា​វិញ​ក៏​ដោយ។ ប្រទេសថៃ​នៅ​តែ​ទាមទារ​ដាក់ទោស​ជនល្មើសដើម្បី​អនុវត្តច្បាប់និង​ការពារ​អធិបតេយ្យ​របស់​ខ្លួន​ដោយ​មិនព្រមដោះលែង​អ្នកដែល​បាន​បំពាន​មក​លើ​ទឹកដី​ខ្លួនលុះត្រាតែ​ជនល្មើស​នោះ​អនុវត្តទោស​គ្រប់​ចំនួន​ទើប​ដោះលែង។

សារព័ត៌មានថៃ ថៃរ៉ាត់ (Thai Rath) ឲ្យដឹង​ថា លោកវរសេនីយ៍ឯក សុខ បានផល ជានាយ​ទាហាន​ស័ក្ដិ៥នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​ការពារជាតិ​កម្ពុជាមាន​បញ្ហា​ក្នុង​គ្រួសារ​ដោយ​ប្រពន្ធ​សុំលែង​លះហើយ​ខូចចិត្ត​ទើប​ផឹកស្រា​ស្រវឹងបើកឡាន​ចូលមក​ប្រទេស​ថៃកាលពី​ព្រលប់​ថ្ងៃទី៥ ខែវិច្ឆិកា តាម​ច្រកព្រំដែន​អន្តរជាតិ​ភូមិ​ខាវឌិន (Khao Din) ស្រុកខ្លងហាត (Klong Hat) ​ជាប់ព្រំដែន​ស្រុកសំពៅលូន​ខេត្តបាត់ដំបង។ នាយទាហាន​រូបនេះមិន​បានឆ្លងកាត់​ការត្រួត​ពិនិត្យ​ពីប៉ូលិស​ព្រំដែនថៃ​ទេហើយ​បើកឡាន​សម្រុក​ចូលមក​ដី​ថៃ​ក្នុង​ល្បឿន​លឿនតែកងរាជអាវុធហត្ថ​ថៃប្រចាំ​ព្រំដែន​ថៃបានដេញ​តាម​ឃាត់​រថយន្តនេះអស់រយៈពេល​១៧​ម៉ោងទើប​បាញ់​ទម្លុះ​កង់ក្រោយ​ហើយ​ក៏​ឃាត់​ឡាន​នោះ​បាន។ទាហាន​ខ្មែរ​រូប​នេះសម្ងំក្នុង​ឡានអស់រយៈពេល​២៤​ម៉ោងទើប​ចេញ​ពី​ឡានហើយ​កាន់​កាំភ្លើង​ដើរ​រេរាដោយបើក​កៃកាំភ្លើង​រួចជា​ស្រេចនៅម្ដុំផ្លូវបែក​ជាបួន​ក្នុងស្រុក​វាត់ថៈណាណៈខន (Watthana Nakhon) ខេត្តស្រះកែវ (Sarak Keo)។ ក្នុងការ​បង្ក្រាបនោះ​ពុំមាន​នរណា​ម្នាក់​រងរបួស​ឡើយ។

អ្នកសារព័ត៌មានថៃ​ម្នាក់​នៅ​ខេត្តស្រះកែវនិយាយ​សូម​មិន​បញ្ចេញ​ឈ្មោះនិង​សំឡេងប្រាប់​វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ថា នាយទាហាន​ខ្មែរ​ស័ក្ដិ​៥​នោះកំពុង​ជាប់ពន្ធនាគារ​នៅស្នងការ​ដ្ឋាន​នគរបាល​ស្រុក​វាត់ថៈណាណៈខន (Watthana Nakhon) ខេត្តស្រះកែវ (Sarak Keo) ​ហើយ​រង់ចាំតុលាការ​កាត់ទោស តែមិនទាន់ដឹងថា កាត់ទោស​នៅ​ថ្ងៃណា​នោះ​ទេ។ អ្នកសារព័ត៌មាន​ថៃ​រូប​នេះ​បន្ត​ថាមាន​ខាង​សាច់ញាតិ​ជនល្មើសនិង​យោធា​កម្ពុជា​បានមក​ស្នើសុំឲ្យ​ជនជាប់​ចោទទៅ​ទទួល​ទោស​នៅ​កម្ពុជា​ដែរតែ​អាជ្ញាធរថៃ​មិន​អនុញ្ញាត។

អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ​លោក សៅ សុខា ប្រាប់​វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៣ ខែវិច្ឆិកា ថា លោកនៅមិនទាន់​ដឹងច្បាស់​រឿង​ដែល​តុលាការ​ថៃកាត់ទោស​នាយទាហាន​ខ្មែរ​ដែល​បើក​ឡាន​ចូលស្រុក​គេ​ខុសច្បាប់​នោះ​ទេ។ លោកបន្តថា ច្បាប់កងទ័ព​របស់កម្ពុជា​នឹងដាក់ទោស​ទៅ​លើ​មន្ត្រី​យោធា​ណាដែល​ប្រព្រឹត្តល្មើស​វិន័យ​ទាហានតាមកម្រិតទោស​ដែលយោធា​រូប​នោះ​ធ្វើ​ខុស៖

«អាហ្នឹង​គឺ​ខ្ញុំអត់​ឆ្លើយ​បាន​ណាព្រោះវា​មិនមែន​ជាតួនាទី​ភារកិច្ច​របស់​ខ្ញុំដល់អ៊ីចឹងទៅ​ខ្ញុំអត់ឆ្លើយ​បាន​ទេហើយការងារ​នេះគឺ​ក្រសួង​ការពារជាតិឬ​អគ្គបញ្ជាការឬក៏មេបញ្ជាការ​ប្រភេទ​ទ័ព​ហ្នឹង​បាទបានលោក​ឆ្លើយ​បាន។ប៉ុន្តែអ្វីដែល​ខ្ញុំអាច​ដឹង​បាន​គឺកងទ័ព​គឺទាំងអស់​ត្រូវតែគោរព​ទៅតាម​ច្បាប់​លក្ខន្តិកៈដែលជា​ច្បាប់​គ្រប់គ្រង​លើកងទ័ព​ដូច្នេះកងទ័ព​ណាដែល​ប្រព្រឹត្ត​បទល្មើស​ត្រង់​កន្លែង​ក្នុង​ក្របខ័ណ្ឌ​វិន័យ​យោធាគឺត្រូវបាន​អនុវត្ត​ទៅ​តាម​ច្បាប់​លក្ខន្តិកៈ​ហ្នុង​បាទ»។

ជុំវិញ​រឿងនេះមន្ត្រីសម្របសម្រួល​អង្គការលីកាដូ​ប្រចាំ​ខេត្តបាត់ដំបង​លោក អ៊ិន គង់ជិត លើកឡើង​ថាប្រទេសថៃ​អនុវត្តច្បាប់​តាម​ប្រទេស​របស់​គេដោយឲ្យបុគ្គល​ដែលប្រព្រឹត្ត​ល្មើស​ក្នុង​ស្រុកថៃ​ទទួល​ទោស​គ្រប់​ចំនួន​សិនទើបគេ​បណ្ដេញ​ចេញ​ពី​ប្រទេស។ លោក​បន្តថាបើ​យោងតាម​នីតិវិធីកម្ពុជា​អាច​សុំ​អាជ្ញាធរថៃទទួល​យក​ជនល្មើស​មក​ផ្ដន្ទាទោស​នៅ​កម្ពុជា​បានតែត្រង់ថៃ​អនុញ្ញាត​ឬ​មិន​អនុញ្ញាត​នោះ​ជា​រឿង​មួយ​ផ្សេង។លោកយល់​ថា មន្ត្រីយោធាខ្មែរ ដែលប្រើ​ឫកពាមិន​សមរម្យ​ក្នុង​ប្រទេស​គេអាចធ្វើឲ្យអាម៉ាស់​ដល់​មន្ត្រីរាជការ​ដែល​គោរព​ច្បាប់​ត្រឹមត្រូវ៖

«ទីបញ្ជាការ​ដ្ឋានកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស​មិនសូវ​អនុវត្តតឹងរ៉ឹង​ដោយមាន​ការយោគយល់​អ៊ីចឹង​ទៅ​ណា។ប៉ុន្តែនៅ​ស្រុក​គេគឺគេមិន​យោគយល់​ទេមន្ត្រីមាន​បុណ្យស័ក្ដិឋានន្តរស័ក្ដិ​កម្រិត​ណា​ក៏​ដោយមានតួនាទី​ខ្ពង់ខ្ពស់​យ៉ាងណា​ក៏​ដោយកាលណា​បើ​អនុវត្ត​ខុសច្បាប់​គឺ​នៅ​ស្រុក​គេគេ​អនុវត្ត​ហើយ។ដោយឡែក​នៅស្រុក​ខ្មែរយើង​តែងតែ​មាន​ការ​យោគយល់អនុគ្រោះ​ឬ​ក៏បិទ​ភ្នែក​បិទ​អី​អ៊ី​ចឹងធ្វើឲ្យមន្ត្រី​ខិលខូច​ខ្លះ​គាត់​អាង​យ៉ាង​អ៊ីចឹង​នៅពេល​គាត់​ទៅ​ស្រុកគេ​គាត់ប៉ើងទ្រូង​ដាក់​សមត្ថកិច្ច​ស្រុក​គេគាត់ត្រូវ​ទទួល​វិធានការ​ច្បាប់​បែប​ហ្នឹង»។

នេះជា​លើកដំបូង​ហើយដែល​មាន​មន្ត្រីយោធា​ខ្មែរបើកឡាន​ចូល​ប្រទេសថៃ​ខុស​ច្បាប់​ដោយ​មិន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​របស់​មន្ត្រីយាម​ព្រំដែន​ថៃហើយ​ថែមទាំង​កាន់​អាវុធ​នៅក្នុង​ទីសាធារណៈដោយ​គ្មានការ​អនុញ្ញាត​នៅក្នុង​ប្រទេស​ថៃ​ទៀត​ផង។

អាជ្ញាធរប្រទេស​ថៃបានចោទ​ប្រកាន់​លើលោក​វរសេនីយ៍ឯក សុខ បានផល ក្នុង​បទចោទ​៤​ករណីគឺ​ទី១ចូលទឹកដីថៃ​ដោយ​ខុសច្បាប់​មិន​ព្រម​ឲ្យ​ប៉ូលិស​ព្រំដែន​ឆែកឆេរ ទី២ នាំយានយន្ត​ចូលប្រទេស​ថៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​មន្ត្រី​គយ ទី៣ កាន់​អាវុធ​ខុស​ច្បាប់​ក្នុង​ទីប្រជុំជននិង​ទី៤ប្រឆាំង​នឹង​កិច្ចប្រតិបត្តិការ​របស់​ប៉ូលិស​ថៃ។ តុលាការថៃ​នឹង​កាត់​ទៅ​មន្ត្រី​យោធា​ខ្មែរ​រូប​នោះ​ នៅថ្ងៃ​ក្រោយ​តាម​បទចោទ​ទាំង​៤ តែនៅ​មិន​ទាន់​កំណត់​ថ្ងៃ​ឲ្យ​ច្បាស់លាស់​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។