មន្ត្រីដោះមីនអ៊ុយក្រែន បញ្ចប់ការហ្វឹកហាត់ជំនាញដោះមីននៅកម្ពុជា
2023.01.22
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺនបច្ចេកវិទ្យាឧបករណ៍បោសសម្អាតមីន ដល់មន្ត្រីជំនាញដោះមីនអ៊ុយក្រែន (Ukraine) ចំនួន១៥នាក់ នៅខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមករា។
សិក្ខាកាមរបស់អ៊ុយក្រែនទទួលបានការហ្វឹកហ្វឺនប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍នៅទីលានចម្ការមីនជាក់ស្តែង ក្រោមកិច្ចសហការរវាងគ្រូជំនាញបច្ចេកទេសរបស់អង្គភាពស៊ីម៉ាក់ និងការបង្ហាត់បង្ហាញពីការប្រើឧបករណ៍បច្ចេកវិទ្យាម៉ាស៊ីនរាវមីនទំនើបប្រភេទ (ALIS) របស់ជប៉ុនផងដែររយៈពេលពេញមួយសប្តាហ៍ កាលពីសប្តហា៍មុន។ សិក្ខាកាមរបស់អ៊ុយក្រែន ក៏បានទទួលការហ្វឹកហាត់ការបោសសម្អាតមីនដោយប្រើគ្រឿងចក្រ និងដោយការប្រើសុនខ ឬឆ្កែហិនក្លិនមីនជាដើម។
ទោះបីជាវគ្គបណ្តុះបណ្តាលមួយសប្តាហ៍នេះបានបញ្ចប់ក៏ដោយ ក៏ក្រុមជំនាញដោះមីនកម្ពុជា បន្តជួបពិភាក្សាតាមប្រព័ន្ធវីដេអូ និងបញ្ជូនក្រុមអ្នកដោះមីនជំនាញ ប្រមាណពី៣ទៅ៥នាក់ ដើម្បីធ្វើដំណើរទៅប្រទេសប៉ូឡូញ (Poland) នៅខែមេសាខាងមុខ សំរាប់ការហ្វឹកហ្វឺនបន្ថែមទៀត ដល់ក្រុមជំនាញដោះមីនអ៊ុយក្រែន។
យ៉ាងហោចណាស់ក៏មានក្រុមអ្នកដោះមីនអ៊ុយក្រែន ចំនួន ៦៤នាក់បានរងរបួស និងស្លាប់ចំនួន១៣នាក់ ផ្សេងទៀត ក្នុងបេសកកម្មដោះមីននៅប្រទេសអ៊ុយក្រែន ក្រោយពីប្រទេសរុស្ស៊ី បានឈ្លានពានប្រទេសខ្លួន។
ក្រុមមន្ត្រីមន្ត្រីជំនាញដោះមីនអ៊ុយក្រែនទាំង១៥នាក់នេះ បានទៅទស្សនាសារៈមន្ទីរមីន និងប្រាសាទអង្គរ ខេត្តសៀមរាប មុនវិលត្រឡប់ទៅប្រទេសខ្លួនវិញ៕