សមត្ថកិច្ច​​​​កំពុង​សាកសួរ​​​ជន​​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ ដែល​​នាំចូល​​​គ្រឿងញៀន​​ជាង ​២២​គីឡូក្រាម ​តាម​ខេត្ត​ស្ទឹងត្រែង​​​

ដោយ ម៉ៅ សុធានី
2019-04-02
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ឥណ្ឌូនេស៊ី ឈ្មោះ ណូរ៉ុល ហ្វាដលី អ៊ីកូ ប៉ូត្រូ (NURUL FADLI EKO PUTRO) អាយុ ៤៣ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រៀល ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០១៩។
ជនជាតិ​ឥណ្ឌូនេស៊ី ឈ្មោះ ណូរ៉ុល ហ្វាដលី អ៊ីកូ ប៉ូត្រូ (NURUL FADLI EKO PUTRO) អាយុ ៤៣ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន នៅ​ប៉ុស្តិ៍​នគរបាល​ត្រពាំង​ក្រៀល ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​កម្ពុជា-ឡាវ កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក​អគ្គ​ស្នងការ​នគរបាល​ជាតិ

សមត្ថកិច្ច​កំពុង​សាកសួរ​ជនជាតិ​ឥណ្ឌូនេស៊ី​ម្នាក់ ដែល​ចាប់​បាន​នៅ​ខេត្ត​ស្ទឹងត្រែង ពាក់ព័ន្ធ​ករណី​នាំ​ចូល​គ្រឿងញៀន ជាង ៤០កញ្ចប់ ស្មើ​ប្រមាណ ២២គីឡូក្រាម នៅ​អគ្គ​ស្នងការ​នគរបាល​ជាតិ។ សង្គម​ស៊ីវិល​ថា ដើម្បី​កាត់​បន្ថយ ឬ​លុប​បំបាត់​ចរាចរណ៍​គ្រឿងញៀន​ តាម​ច្រក​ព្រំដែន​ខេត្ត​ស្ទឹងត្រែង សមត្ថកិច្ច​ត្រូវ​លុប​បំបាត់​អំពើ​ពុករលួយ និង​ឈ្មួញ​គ្រឿងញៀន ក្នុង​ប្រទេស។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ ប្រាប់​អាស៊ី​សេរី​ថា សមត្ថកិច្ច​ចម្រុះ​បាន​ចាប់​ខ្លួន ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់​នោះ នៅ​ច្រក​ព្រំដែន​កម្ពុជា-ឡាវ ត្រពាំង​ក្រៀល នៃ​ខេត្ត​ស្ទឹងត្រែង ក្នុង​ពេល​បុរស​ម្នាក់​នោះ បាន​នាំ​គ្រឿង​ញៀន​ពី​ប្រទេស​ឡាវ ចូល​កម្ពុជា និង​បម្រុង​នាំ​ចេញ​បន្ត​តាម​ច្រក​ភ្នំពេញ ទៅ​ប្រទេស​ហ្វីលីពីន។ លោក​បន្ត​ថា បច្ចុប្បន្ន​ជន​ជាតិ​ឥណ្ឌូនេស៊ី បាន​បញ្ជូន​មក​ដល់​អគ្គ​ស្នងការ​នគរបាល​ជាតិ​ហើយ និង​កំពុង​​សាកសួរ។

លោក ម៉ក់ ជីតូ ប្រាប់​ថា សមត្ថកិច្ច​ក៏​​កំពុង​ស្នើសុំ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ទាក់ទង​ទៅ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ឲ្យ​ស្វែង​រក​ខ្សែ​បណ្ដាញ​នៃ​ការ​ជួញដូរ​គ្រឿង​ញៀន​នេះ៖ «បាទ! យើង​កំពុង​សាកសួរ​គាត់។ ជនជាតិ​ឥណ្ឌូនេស៊ី គាត់​នាំ (គ្រឿង​ញៀន) ទិស​ដៅ​ពី​ឡាវ មក​កម្ពុជា ហើយ​ឆ្លង​ឡើង​យន្តហោះ​ទៅ​ហ្វីលីពីន។ ឥឡូវ​នេះ យើង​កំពុង​សាកសួរ​ខ្សែ​បណ្ដាញ​គាត់​ពី (រដ្ឋាភិបាល) ឥណ្ឌូនេស៊ី ហ្នឹង​ណា»

គេហទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ ចុះ​ផ្សាយ​ថា មុខ​សញ្ញា​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន ឈ្មោះ ណូរ៉ុល ហ្វាដលី អ៊ីកូ ប៉ូត្រូ (NURUL FADLI EKO PUTRO) ភេទ​ប្រុស​ អាយុ ៤៣ឆ្នាំ​ ជា​សញ្ជាតិ​ ឥណ្ឌូនេស៊ី ត្រូវ​បាន​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ត្រពាំង​ក្រៀល ឃាត់​ខ្លួន កាល​ពី​ថ្ងៃ​ទី៣១ ខែ​មីនា។

សមត្ថកិច្ច​បាន​ឆែក​រក​ឃើញ​ថ្នាំ​ញៀន មេតាំហ្វេតាមីន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ច្រក​ក្នុង​កញ្ចប់​នំ​គ្រប់​ប្រភេទ កញ្ចប់​កាហ្វេ កញ្ចប់​ស្ករ​គ្រាប់ កញ្ចប់​ប្រដាប់​ក្មេង​លេង ក្នុង​វ៉ាលី​របស់​ជន​សង្ស័យ។ បន្ទាប់​មក​សមត្ថកិច្ច​ប្រចាំ​ព្រំដែន បាន​ឃាត់​ខ្លួន​បុរស​នោះ និង​បាន​ហៅ​សមត្ថកិច្ច​ជំនាញ​​ប្រចាំការ​ច្រក​ទ្វារ​ត្រពាំង​ក្រៀល​មក​ត្រួត​ពិនិត្យ​បន្ថែម ទើប​ប្រាកដ​ថា ពិតជា​សារធាតុ​ញៀន​មែន។

អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ ថា ជន​សង្ស័យ​ជនជាតិ​ឥណ្ឌូនេស៊ី នឹង​ត្រូវ​បញ្ជូន​ទៅ​ចោទ​ប្រកាន់​នៅ​សាលា​ដំបូង​ខេត្ត​ស្ទឹងត្រែង​វិញ នៅ​ពេល​សមត្ថកិច្ច​បញ្ចប់​នីតិវិធី​សាកសួរ។

ខេត្ត​ស្ទឹងត្រែង​ មាន​ការ​ចរាចរណ៍​គ្រឿង​ញៀន​ឆ្លង​កាត់​ច្រើន​ជាង​គេ នៅ​កម្ពុជា។ គ្រឿង​ញៀន​ទាំង​នោះ ភាគ​ច្រើន​មាន​ប្រភព​មក​ពី​ប្រទេស​ឡាវ ហើយ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល ដើម្បី​ឆ្លង​យក​ទៅ​ប្រទេស​ទី៣។ រដ្ឋាភិបាល​កម្ពុជា​បន្ត​អះអាង​ថា ខេត្ត​ស្ទឹងត្រែង មិនមែន​ជា​មូលដ្ឋាន​ផលិត​គ្រឿងញៀន​ទេ តែ​ខេត្ត​នេះ​រង​គ្រោះ ដោយសារ​ឧក្រិដ្ឋជន​នាំ​សារ​ធាតុ​ញៀន​ឆ្លង​កាត់​ពី​តំបន់​ត្រី​កោណ​មាស (មីយ៉ាន់ម៉ា ថៃ ឡាវ) មក​តាម​ព្រំដែន​ឡាវ​ចូល​កម្ពុជា។

អគ្គលេខាធិការ​សមាគម អាដហុក លោក មាស សាវ៉ាត ជឿ​ថា ករណី​គ្រឿង​ញៀន មាន​ទំហំ​ធំ ទម្ងន់​ជាង ២២គីឡូក្រាម​បែប​នេះ ជន​សង្ស័យ​មិន​អាច​នាំ​ចូល​កម្ពុជា ឬ​ដឹក​ជញ្ជូន​តែ​ម្នាក់​ឯង​បាន​ទេ គឺ​ត្រូវ​តែ​មាន​ខ្សែ​បណ្ដាញ ហើយ​អាច​មាន​ខ្សែ​បណ្ដាញ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ទើប​ជន​សង្ស័យ​ហ៊ាន​​យក​ចូល​កម្ពុជា។

សង្គម​ស៊ីវិល​រូប​នេះ យល់​ឃើញ​ដូច​រដ្ឋាភិបាល​ដែរ គឺ​ខេត្ត​ស្ទឹងត្រែង ​ជា​ខេត្ត​រងគ្រោះ​នៃ​ការ​​ឆ្លង​កាត់​គ្រឿង​ញៀន ដោយសារ​នៅ​ជាប់​ព្រំដែន​ប្រទេស​ឡាវ។ ប៉ុន្តែ​ដើម្បី​បង្ក្រាប​បញ្ហា​ចរាចរណ៍​គ្រឿង​ញៀន ដែល​ឆ្លង​កាត់​កម្ពុជា តាម​ខេត្ត​ស្ទឹងត្រែង​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ សមត្ថកិច្ច​កម្ពុជា​ត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ រឹត​បន្តឹង​ការ​ត្រួត​ពិនិត្យ កុំ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែល និង​រឹត​បន្តឹង​ឈ្មួញ​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​កម្ពុជា ដើម្បី​កុំ​ឲ្យ​មាន​លទ្ធភាព​ទាក់ទង​ឈ្មួញ​ពី​ខាង​ក្រៅ យក​គ្រឿង​ញៀន ចូល​កម្ពុជា៖ «គ្រឿង​ញៀន​ហ្នឹង វា​មាន​ទំហំ​ធំ។ អ៊ីចឹង ការ​យល់​ឃើញ​របស់​ខ្ញុំ ប្រហែល​ជា​មិន​អាច​បុគ្គល​ម្នាក់ មាន​លទ្ធភាព​នៅ​ក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន​តែ​ម្នាក់​ឯង​ទេ។ ប្រាកដ​ជា​មាន​​បណ្ដាញ​ ទាក់ទង ហើយ​យើង​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា ក្នុង​ប្រទេស​កម្ពុជា​ហ្នឹង មាន​បណ្ដាញ ឬ​ក៏​អត់។ អ៊ីចឹង​អាជ្ញាធរ​គួរ​ពិនិត្យ​រឿង​ហ្នឹង ឲ្យ​បាន​ហ្មត់​ចង់»

របាយការណ៍​​របស់​សមត្ថកិច្ច​ខេត្ត​ស្ទឹងត្រែង បង្ហាញ​ថា ពេញ​មួយ​ឆ្នាំ២០១៨ បង្ក្រាប​ករណី​គ្រឿង​ញៀន​បាន​​ចំនួន ៥៦ករណី។ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន ១១៤នាក់ (ស្រី ៨នាក់) ក្នុង​នោះ​មាន​ជនជាតិ​ខ្មែរ ១០៧នាក់ (ស្រី ៨នាក់) ជនជាតិ​ឡាវ ៥នាក់ ជនជាតិ​វៀតណាម ២នាក់។

សមត្ថកិច្ច​ចាប់​បាន​គ្រឿង​ញៀន​ប្រភេទ​ម្សៅ​ជាង ៨៤គីឡូក្រាម មាន​មេតំហ្វេតាមីន ឬ​ហៅ​ថា ម៉ា​ទឹក​កក (ICE) បាន​ទម្ងន់​ជាង ១រយ ៦០គីឡូក្រាម (ស្មើ​នឹង ១៦៤.០៧៤,៣៨ក្រាម) គ្រឿង​ញៀន​ប្រភេទ​ កេតាមីន (Ketamine) ទម្ងន់​ជាង​ម្ភៃ​ពីរ (២២.៨៥៧,៨២ក្រាម) គីឡូក្រាម និង​ថ្នាំ​ញៀន​ប្រភេទ​គ្រាប់ ​មេតំហ្វេតាមីន ដាប់ប៊ែលយូ​វាយ (WY) ជាង ១ម៉ឺន (១១.៩៩៥គ្រាប់)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល