តារា​ចម្រៀង​ឈ្មោះ សាយ បញ្ចប់​កម្មវិធី​រត់​ជុំវិញ​ប្រទេស​កម្ពុជា ដោយ​រក​បាន​ថវិកា​ជាង ៤៧ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ

0:00 / 0:00

តារា​ចម្រៀង​ដែល​ជា​ម្ចាស់​ស្នាដៃ​បទ​ថ្មី ឬ​អូរីជីណល​សង (Original Song) យុវជន អ៊ួន បឋម ហៅ សាយ បាន​រត់​ដល់​ទីក្រុង​ភ្នំពេញ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែមករា​នេះ បន្ទាប់​ពី​លោក​ប្រើ​ពេល ៩៧ថ្ងៃ រត់​ឆ្លង​កាត់ ២១ខេត្ត​ក្រុង​ជុំវិញ​ប្រទេស​កម្ពុជា ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀមរាប ដែល​ជា​មន្ទីរពេទ្យ​ផ្ដល់​សេវា​ព្យាបាល​ដល់​កុមារ​គ្រប់​រូប​ដោយ​មិន​គិត​ប្រាក់។

យុវជន សាយ ប្រាប់​អាស៊ី​សេរី​ថា គិត​ត្រឹម​ថ្ងៃ​ទី១០ ខែមករា​នេះ កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ សាយ ទទួល​បាន​ថវិកា​ពី​សប្បុរស​ជន​ជាង ៤៧ម៉ឺន​ដុល្លារ សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។ លោក​បន្ត​ថា ទោះ​បី​ជា​លោក​រត់​ដល់​ទីក្រុង​ភ្នំពេញ និង​បិទ​បញ្ចប់​កម្មវិធី​រត់​ក្តី ក៏​កម្មវិធី​រៃ​អង្គាស​ថវិកា​ពី​សប្បុរសជន នឹង​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី២៤ ខែមករា​ខាង​មុខ។ តារា​ចម្រៀង​រូប​នេះ នឹង​ជួប​ជា​មួយ​តំណាង​ក្រុមហ៊ុន​មួយ​ចំនួន ដែល​មាន​បំណង​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ។

យុវជន សាយ បាន​បង្កើត​កម្មវិធី​រត់ ដែល​លោក​ដាក់​ឈ្មោះ​ថា រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​ ហើយ​ចាប់​ផ្ដើម​សកម្មភាព​រត់​នៅ​លើ​ដង​ផ្លូវ​តែ​ម្នាក់​ឯង ចាប់​តាំង​ពី​ថ្ងៃ​ទី៦ ខែតុលា​មក ដើម្បី​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ បន្ទាប់ពី​មន្ទីរ​ពេទ្យ​មួយ​នេះ​ កំពុង​ប្រឈម​មុខ​ខ្វះ​ថវិកា​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ-១៩។ តំណាង​មន្ទីរពេទ្យ​កុមារ​អង្គរ ឲ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ជា​មធ្យម កុមារ​ជាង ៤០០នាក់​ពី​បណ្ដា​ខេត្ត​ផ្សេងៗ បាន​ចូល​ទៅ​ព្យាបាល និង​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​កុមារ​អង្គរ។ មន្ទីរពេទ្យ​មួយ​នេះ ត្រូវ​បាន​វាយ​តម្លៃ​ថា មាន​ស្តង់ដារ​គុណភាព និង​ប្រសិទ្ធិភាព​ខ្ពស់​ក្នុង​ការ​ថែទាំ និង​ព្យាបាល កុមារ​ព្រម​ទាំង​មាន​ឯកទេស​ព្យាបាល​កុមារ ដែល​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​រ៉ាំរ៉ៃ​ជា​ច្រើន​ប្រភេទ​ទៀត​ផង។ មន្ទីរពេទ្យ​កុមារ​អង្គរ មាន​ស្ថាបនិក​ជា​ជនជាតិ​ជប៉ុន គឺ​លោក ខេនរ៉ូ អីហ្ស៊ូ (Kenro Isu) ត្រូវ​បាន​ដំណើរ​ការ​ចាប់​តាំងពី​ឆ្នាំ១៩៩៩៕

Sai_run6.jpg
តារា​ចម្រៀង​ឈ្មោះ អ៊ួន បឋម ហៅ សាយ និង​ក្រុម​ការងារ​របស់​លោក ពេល​មក​ដល់​ទី បញ្ចប់​កម្មវិធី​រត់​ឆ្លង​កាត់ ២១ខេត្ត​ក្រុង​ជុំវិញ​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី១០ ខែមករា ឆ្នាំ២០២១។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។