មន្ត្រីពន្ធនាគារ ឲ្យដឹងថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវក្រុមខ្មាន់កាំភ្លើង ដែលរំដោះអ្នកទោសតៃវ៉ាន់ម្នាក់ជាមេខ្លោងគ្រឿងញៀនដែលជាប់ទោសជាង៥០ឆ្នាំ នៅខេត្តសៀមរាប។ មន្ត្រីសង្គមស៊ីវិល ជំរុញឲ្យសមត្ថកិច្ច ស៊ើបអង្កេត រឿងនេះឲ្យបានច្បាស់លាស់ដើម្បីកុំឲ្យមានការចោទប្រកាន់ថា ករណីរំដោះអ្នកទោសតៃវ៉ាន់នេះ មានការគប់គិតគ្នារវាងក្រុមខ្មាន់កាំភ្លើងនិងមន្ត្រីពន្ធនាគារ។
សមត្ថកិច្ច នៅមិនទាន់រកឃើញក្រុមខ្មាន់កាំភ្លើងចំនួន ៥នាក់ និងអ្នកទោសជាមេខ្លោងគ្រឿងញៀនម្នាក់ជាជនជាតិតៃវ៉ាន់ម្នាក់ ដែលបានរត់គេចខ្លួននៅឡើយទេ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែសីហា។
អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ថ្លែងថា សមត្ថកិច្ចកំពុងខ្នះខ្នែងតាមចាប់ខ្លួនជនល្មើសទាំងនោះមកវិញ ប៉ុន្តែលោកសុំមិនបង្ហាញថា តើសមត្ថកិច្ចរកឃើញតម្រុយហើយឬនៅនោះទេ។ លោកបញ្ជាក់ថា អ្នកទោសដែលបក្ខពួកប្រដាប់ដោយអាវុធចូលទៅរំដោះក្នុងពេលមន្ត្រីពន្ធនាគារបញ្ជូនចេញទៅព្យាបាលនៅមន្ទីរពេទ្យធ្មេញនោះ ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួនតាំងពីឆ្នាំ២០០៩ ហើយជាប់ទោសចំនួន ៥២ឆ្នាំពីបទជួញដូរគ្រឿងញៀន។
លោក នុត សវនា៖«មូលហេតុដែលវារំដោះបាន មកពីវាប្រើអាវុធភ្ជង់គំរាមមន្ត្រីរបស់យើង ហើយឱ្យគ្នាធ្វើម៉េច តដៃជាមួយវា ឱ្យគេបាញ់»។
ចំពោះការចោទប្រកាន់ថា ករណីខ្មាន់កាំភ្លើង អាចមានលទ្ធភាពរំដោះអ្នកទោសចិនបាន ដោយសារមានការគប់គិតជាមួយមន្ត្រីពន្ធនាគារនោះ លោក នុត សវនា អះអាងថា សមត្ថកិច្ចជំនាញនឹងស៊ើបអង្កេតករណីនេះ។
លោក នុត សវនា៖«រឿងនេះ ក្រុមការងារជំនាញពីអគ្គនាយកដ្ឋាននឹងចុះទៅ ស្រាវជ្រាវបញ្ហាទាំងអ្នកពាក់ព័ន្ធ និងមូលហេតុ ហើយនឹងដំណើររឿងនេះយ៉ាងម៉េចៗ ដើម្បីយកមកពិនិត្យថា អ្នកណាមានពាក់ព័ន្ធខ្លះ ហើយត្រូវផ្ដន្ទាទោសអីយ៉ាងម៉េចតាមផ្លូវរដ្ឋបាល ឬខាងផ្លូវព្រហ្មទណ្ឌអី អាហ្នឹង ទាល់តែក្រុមការងារគេទៅ បង្ហើយការងារសិន»។
កាលពីព្រឹកថ្ងៃទី១៧ សីហា ជនល្មើសមានគ្នា ៥នាក់ពាក់ស្រោមមុខប្រដាប់ដោយកាំភ្លើងតកាណុងគ្រប់ដៃ បានសម្រុកចូលទៅរំដោះអ្នកទោសជាជនជាតិតៃវ៉ាន់ម្នាក់ ចេញពីគ្លីនិកធ្មេញជុំចិន្ដា ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ករណីនេះកើតឡើង ដោយសារមន្ត្រីពន្ធនាគារ ៤នាក់ នាំអ្នកទោសរូបនេះទៅព្យាបាលធ្មេញ។ អ្នកទោសដែលបក្ខពួករំដោះរូបនោះមានឈ្មោះ ឆេន ស៊ីនហាន (Chen hsin han) ជាជនជាតិតៃវ៉ាន់ អាយុ ៤៥ឆ្នាំជាប់ទោសចំនួន ៥២ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។ រូបភាពពីកាមេរ៉ាសុវត្ថិភាពនៅក្នុងគ្លីនិកធ្មេញបង្ហាញថា ក្រុមខ្មាន់កាំភ្លើងបានភ្ជង់កាំភ្លើងនិងបានយកខ្សែរូតចងដៃមន្ត្រីពន្ធនាគារ ដែលកំពុងអង្គុយរង់ចាំអ្នកទោសរូបនោះព្យាបាលធ្មេញក្នុងបន្ទប់។ បន្ទាប់មក ខ្មាន់កាំភ្លើងទាំង ៥នាក់ បាននាំអ្នកទោសឡើងជិះរថយន្តឡិចសីស (Lexus) ពាក់ស្លាកលេខ ភ្នំពេញ 2AA-4315 ចេញទៅបាត់តែម្តង។ ប៉ុន្មានម៉ោងក្រោយ សមត្ថកិច្ចបានរកឃើញរថយន្ត ដែលក្រុមជនល្មើសយកទៅទុកចោល និងបន្សល់ទុកកាំភ្លើងខ្លី ៥ដើម ស្រោមមុខ ខោអាវ និងសម្ភារមួយចំនួនទៀតក្នុងរថយន្ត។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបបន្ថែមពីស្នងការនគរបាលខេត្តសៀម រាប លោក តេង ច័ន្ទណាត និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា បាននៅឡើយទេ ជុំវិញករណីខ្មាន់កាំភ្លើងចូលរំដោះអ្នកទោសដែលមានឈុតឆាកដូចនៅក្នុងខ្សែភាពយន្តចិនហុងកុងនេះ។
ជុំវិញករណីនេះ អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តសៀមរាបលោក ស វណ្ណារ៉ា ប្រាប់វិទ្យុអាស៊ីសេរីថា ខ្មាន់កាំភ្លើងទាំង ៥នាក់នោះ គឺជាជនជាតិតៃវ៉ាន់ដូចគ្នា។ លោកថា កន្លងមក អ្នកទោសតៃវ៉ាន់រូបនោះ ក៏ធ្លាប់ត្រូវបានមន្ត្រីពន្ធនាគារបញ្ជូនចេញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរ៉ូយ៉ាល់ ដែលជាមន្ទីរពេទ្យឯកជនទំនើបនិងថ្លៃបំផុត ប៉ុន្តែនៅពេលនោះមិនមានបញ្ហាអ្វីទេ។
ទន្ទឹមគ្នានេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ករណីរំដោះអ្នកទោសតៃវ៉ាន់នេះ ឆ្លុះបញ្ចាំងពីបញ្ហាមិនប្រក្រតីមួយចំនួន ក្នុងការគ្រប់គ្រងពន្ធនាគារ។ ទី១ លោកសង្កេតឃើញថា មន្ត្រីពន្ធនាគារ តែងសម្រួលឲ្យអ្នកទោសដែលមានលុយមានអំណាច អាចចេញទៅព្យាបាលជំងឺខាងក្រៅពន្ធនាគារដោយងាយៗ ទោះបីអ្នកទាំងនោះ ជាឧក្រិដ្ឋជនមានទោសធ្ងន់រឿងសម្លាប់មនុស្ស និងជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដូចជាកន្លងមកឧកញ៉ា ថោង សារ៉ាត និងឧកញ៉ា គិត ធាង ជាដើម។ ចំណែកអ្នកទោសនយោបាយវិញ ទោះបីពួកគាត់មានជំងឺធ្ងន់ធ្ងរបែបណា ក៏មន្ត្រីពន្ធនាគារ តែងតែបដិសេធសំណើរបស់ពួកគេមិនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខាងក្រៅដែរ។ ទី២ លោកយល់ថា សាធារណជនអាចសង្ស័យអំពីការគប់គិតគ្នារវាងឧក្រិដ្ឋជនដែលមានលុយ និងមន្ត្រីពន្ធនាគារ ទើបមានការសម្រួលចេញពីពន្ធនាគារដោយងាយៗ ដូច្នេះលោក ជំរុញឲ្យមន្ត្រីជំនាញស្រាវជ្រាវរឿងនេះឲ្យបានដិតដល់។
លោក ស៊ឹង សែនករុណា៖«យើងដឹងហើយថាឧក្រិដ្ឋជនដែលមានទោសរាប់សិបឆ្នាំបែបនេះ គប្បីមានការប្រុងប្រយ័ត្ន មិនចេះតែងាយស្រួលក្នុងការបញ្ជូនចេញទៅព្យាបាលទេ ព្រោះឧក្រិដ្ឋជន គេមានគំនិតល្បិចកល និងបក្ខពួកច្រើន។ យើងក៏មាន មន្ទិលសង្ស័យដែរអំពីភាពងាយស្រួលក្នុងការបញ្ជូនចេញទៅព្យាបាលខាងក្រៅនេះថា តើមានអ្វីពីក្រោយខ្នង។ ដូច្នេះចំណុចនេះក៏មានជាមន្ទិលសង្ស័យ គប្បីស្ថាប័នពាក់ព័ន្ធ និងស្ថាប័នថ្នាក់ជាតិ ដែលមានអ្នកជំនាញបច្ចេកទេស គួរចុះធ្វើការ ស្រាវជ្រាវឲ្យបានច្បាស់លាស់អំពីបញ្ហាហ្នឹង រកអំពីការពិតករណីទាំងអស់ហ្នឹង ថាតើមានការគប់គិតគ្នានូវផលប្រយោជន៍ណាមួយ លុយកាក់អីទេ ឬក៏អំពើពុករលួយអីទេ គួរតែមានការពិនិត្យមើលឡើងវិញ ហើយបើរកឃើញជននោះ ក៏ត្រូវទទួលទោសទណ្ឌតាមច្បាប់ដែរ»។
លោក ស៊ឹង សែនករុណា បន្ថែមថា ករណីដែលជនល្មើសបន្សល់ទុករថយន្តនិងអាវុធទំនើបៗ នេះ អាចជួយសម្រួលការងារស៊ើបអង្កេតរបស់សមត្ថកិច្ចបន្ថែមទៀត ដើម្បីស្វែងរកជនល្មើស និងអ្នកពាក់ព័ន្ធ។ លោកបន្តថា ករណីនេះប្រសិនបើសមត្ថកិច្ច មិនស៊ើបអង្កេតឲ្យមានប្រសិទ្ធភាពទេ នឹងធ្វើឲ្យសាធារណជនរិះគន់ និងព្រួយបារម្ភពីសុវត្ថិភាពដោយសារជនបរទេស អាចរត់គេចពីសំណាញ់ច្បាប់ និងអាចប្រើអាវុធទំនើបៗ ក្នុងទឹកដីកម្ពុជាដោយគ្មានខ្លាចញញើត។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ហាក់បង់អ្នកជំនួញសុចរិត បែរជាកើនឡើងអ្នកជំនួញទុច្ចរិត ដែលបើកការរកស៊ីមានដូចជាការជួញដូរមនុស្ស ការបង្ខាំងមនុស្សខុសច្បាប់ ការឆបោកតាមអនឡាញ ការជួញដូរគ្រឿងញៀន និងចាប់ជំរិត និងការបាញ់បោះដ៏គួរឲ្យព្រឺព្រួចជាដើម ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងជនជាតិចិន។ អ្នកឃ្លាំមើលយល់ថា ករណីនេះ ដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្លាប់ប្រជាធិបតេយ្យ ហើយងាកទៅប្រើនយោបាយបើកជំហរជើងមេឃដល់ជនជាតិចិន និងស្និតស្នេហ៍ជាមួយរដ្ឋាភិបាលចិន៕
កំណត់ចំណាំ៖ អត្ថបទនេះត្រូវបានកែតម្រូវបន្ថែមពាក្យបញ្ជាក់ ចិនតៃវ៉ាន់ ត្រង់សញ្ជាតិរបស់អ្នកទោសឈ្មោះ ឆេន ស៊ីនហាន (Chen hsin han)។
ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។