បញ្ហាឆបោកតាមអនឡាញ (Scammed Online) កំពុងបន្តកើតមាននៅកម្ពុជា ជាពិសេសក្នុងខេត្តព្រះសីហនុ ហើយរដ្ឋាភិបាលនៅតែមិនអាចដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។ បុគ្គលិកកំពុងធ្វើការឱ្យក្រុមហ៊ុនអនឡាញទម្លាយថា សមត្ថកិច្ចមិនហ៊ានបង្ក្រាបមេខ្លោងធំៗ ទេ ដោយសារតែខ្លាចប៉ះពាល់ផលប្រយោជន៍ និងបណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនមួយចំនួនដំណើរការដោយសេរី។
ពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងបម្រើការងារផ្នែកអនឡាញក្នុងខេត្តព្រះសីហនុបានវិលត្រឡប់ទៅស្រុកកំណើតវិញជាបន្តបន្ទាប់ ក្រោយពីពួកគាត់ដឹងថា សមត្ថកិច្ចបានបើកយុទ្ធនាការចុះបង្ក្រាបទីតាំងអគារឆបោកអនឡាញ (Online) សាជាថ្មីទៀតចាប់តាំងពីពាក់កណ្ដាលខែកុម្ភៈមក។
បុគ្គលិកកំពុងបម្រើការងារអនឡាញ (Online) នៅក្រុមហ៊ុនចិន តំបន់អគារឆាយណាថោន (China Town) ក្នុងខេត្តព្រះសីហនុថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះព្រួយបារម្ភពីសុវត្ថិភាពបានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការងារតាមអនឡាញមានច្រើនទម្រង់ដូចជា បុគ្គលិកល្បួងភ្ញៀវចាក់ល្បែងតាមវេបសាយ (Website) ដែលប្រភេទការងារនេះថៅកែជនជាតិចិនតែងតែបង់លុយដល់សមត្ថកិច្ចមូលដ្ឋាន ដើម្បីកុំឱ្យបង្ក្រាបទីតាំងពួកគេ។ ដោយឡែក ប្រភេទការងារអនឡាញមួយប្រភេទទៀត គឺការល្បួងភ្ញៀវឱ្យដាក់លុយវិនិយោគ និងទិញទំនិញខ្យល់ជាដើម។
បុគ្គលិករូបនេះបញ្ជាក់ថា អគារក្នុងតំបន់អគារឆាយណាថោន ភាគច្រើននៅខាងមុខនៃអគារមានសភាពចាស់ទ្រុឌទ្រោម ប៉ុន្តែខាងក្នុងបំពាក់ដោយគ្រឿងទំនើបៗ និងផ្ទុកសម្ភារៈកុំព្យូទ័រជាច្រើនគ្រឿង ហើយក្នុងមួយអគារមានបុគ្គលិកខ្មែរ និងជនបរទេសរាប់រយនាក់។ បុគ្គលិករូបនេះ ទម្លាយឱ្យដឹងទៀតថា ក្រៅពីបុគ្គលិកជនជាតិចិន និងបរទេសមួយចំនួន ដែលមានជម្លោះទាស់ទែងជាមួយថៅកែ ហើយត្រូវបានគេយកបង្ខាំងធ្វើទារុណកម្ម ខាងក្នុងអគារដែលបម្រើការងារផ្នែកអនឡាញនោះ មានថៅកែ និងមេការជាច្រើនទៀត ដែលភាគច្រើនជាជនជាតិចិនប្រើគ្រឿងញៀនដោយសេរី។
បុគ្គលិកថ្លែងលាក់ឈ្មោះ៖ «ពួកចិនវាជក់ខេ វាលេងខេ(Ketamine)វាយកចានខេលេងក្នុងការិយាល័យ(Office)ធ្វើការហ្នឹង វាដើរកាត់ឱ្យយើងឃើញហ្មង។ ចិនប៉ុន្មាននាក់គ្នាវាហ្នឹង។ ពេលធ្វើការដំបូងគេឱ្យនៅក្នុងការិយាល័យ(Office)រយៈពេល ១ខែ ពេលចប់ ១ខែ យើងអាចបើកបន្ទប់ដេកក្រៅអីក៏បានដែរ វាខ្លាចយើងធ្វើការបានតែដំបូង វាឃាំងយើង តែបាយទឹកក្នុងហ្នឹងមួយចប់។ អនឡាញឥឡូវភាគច្រើនគេអត់សូវយកជនបរទេសទេ ភាគច្រើនគេយកខ្មែរ ចិនគ្នាវា។ ជនបរទេសភាគច្រើនវាឈ្លោះគ្នាជាមួយពួកចិន វាខឹងមានឃាំងមិនមែនឃាំងទាំងអស់វាខឹងអ្នកណា វាឃាំងអ្នកហ្នឹង វាខឹងចិន វាខឹងយួន វាដាក់យួនមួយដុំយួនគ្នាវាផ្សេង ហើយខ្មែរធ្វើការធម្មតា វាធ្វើអ៊ីចឹង»។
សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុកាលពីថ្ងៃទី៩ និងថ្ងៃទី១០ ខែមីនា បានចុះបង្ក្រាបទីតាំងឆបោកតាមអនឡាញចំនួន ២ទីតាំងផ្សេងគ្នា និងបានឃាត់ខ្លួនជនជាតិចិន (China) ជនជាតិចិនតៃវ៉ាន់ (Taiwan) វៀតណាម (Vietnam) ថៃ (Thailand) មីយ៉ាន់ម៉ា (Myanmar) និងជនជាតិខ្មែរជាង ៤០០នាក់។
ក៏ប៉ុន្តែ ក្រុមជនល្មើសហាក់មិនខ្លាចញញើតច្បាប់ ហើយក្រុមថៅកែតែងតែបញ្ជាឱ្យបុគ្គលិកខ្មែរប្រកាសស្វែងរកបុគ្គលិកជាបន្តបន្ទាប់ ដើម្បីបម្រើការឆបោកតាមអនឡាញនេះ។
បុគ្គលិកថ្លែងលាក់ឈ្មោះ៖ «បាទ!សួស្ដីបងប្អូន ថ្ងៃហ្នឹងមានដំណឹងល្អគឺរើសច្រើនទីតាំងមែនទែន អ៊ីចឹងបងប្អូនអាចជ្រើសរើសទីតាំងបាន កន្លែងណាដែលបងប្អូនចង់មកសម្ភាស។ សម្រាប់ឥឡូវហ្នឹង ដូចខ្ញុំបានផុសអ៊ីចឹងគឺមាន ៣ទីតាំងអគារ២ អគារ៦ និងអគាររ៉ូយ៉ាល់យ៉ាងឡិក(Royal Yang Lek)សម្រាប់ ៣ទីតាំងហ្នឹងមិនបាច់សួរប្រាក់ខែទេ ដូចគ្នាទាំងអស់ប្រាក់ខែ ហើយម៉ោងចេញចូលសឹងតែដូចគ្នា»។
ទាក់ទងបញ្ហាឆបោកតាមអនឡាញនេះ កាលពីថ្ងៃទី១០ ខែមីនា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការចំពោះកិច្ច ដើម្បីស្រាវជ្រាវ និងស៊ើបអង្កេតគ្រប់ល្បែងស៊ីសងខុសច្បាប់ លោក សុខ ផល ព្រមានដល់អ្នករកស៊ីអាជីវកម្មល្បែងឆបោកតាមអនឡាញ និងបុគ្គលិកខ្មែរកំពុងបម្រើការ ឱ្យបញ្ឈប់ជាបន្ទាន់ក្នុងការបន្តបើកអាជីវកម្ម និងធ្វើការងារលើវិស័យល្បែងឆបោកតាមអនឡាញ។
លោក សុខ ផល៖ «គោលការណ៍របស់រាជរដ្ឋាភិបាលខិតខំបំបិទបំបាត់ល្បែងខុសច្បាប់នេះ ជាពិសេស លើកទឹកដីខេត្តព្រះសីហនុ ដើម្បីយកឱកាសឱ្យអាជ្ញាធរខេត្ត មន្ទីរជុំវិញខេត្តជំនាញទាំងអស់ ដើម្បីធ្វើការអភិវឌ្ឍខេត្តព្រះសីហនុ ជាខេត្តមួយឈានមុខវិស័យទេសចរណ៍ ហើយក៏ជាខេត្តមួយ ដែលអាចឈានមុខអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ ទន្ទឹមនឹងនេះ ក៏អំពាវនាវតាមរយៈអ្នកសារព័ត៌មានរបស់យើង តាមរយៈទូរទស្សន៍ទាំងអស់(Gaming online)នេះសុំឱ្យបិទដោយខ្លួនឯង ដើម្បីរកឱកាសប្រកបរបរអី ដែលសមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល»។
ទោះជាយ៉ាងណា អ្នកបម្រើការតាមអនឡាញឱ្យដឹងថា បច្ចុប្បន្ននៅតែមានពលរដ្ឋខ្មែរ និងជនបរទេសរាប់រយនាក់កំពុងបម្រើការតាមអនឡាញក្នុងខេត្តព្រះសីហនុ។ បុគ្គលិកកំពុងបម្រើការងារផ្នែកអនឡាញឱ្យដឹងថា មូលហេតុដែលពលរដ្ឋខ្មែរមួយចំនួនសម្រេចចិត្តត្រឡប់ទៅស្រុកកំណើតវិញ ពព្រោះពួកគាត់មិនចង់ចំណាយលុយកាក់ ឬអ្នកខ្លះទៀតគ្មានលុយបង់ឱ្យប៉ូលិស ពីព្រោះនៅពេលសមត្ថកិច្ចបង្ក្រាបបានក្រុមថៅកែជនជាតិចិន និងបុគ្គលិកខ្មែរតែងតែសូកលុយទៅកាន់ប៉ូលិសខេត្តព្រះសីហនុ ដើម្បីជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពវិញ។
បុគ្គលិកថ្លែងលាក់ឈ្មោះ៖ «ឧទាហរណ៍បើចាប់ៗ ថៅកែចិន ហើយពួកយើងបង់លុយគេម្នាក់ ៥០០ដុល្លារ៧០០ដុល្លារអស់ហើយ។ បើថា ចាប់ដាក់គុកអត់ទេ ភាគច្រើនឱ្យបង់លុយបុគ្គលិកម្នាក់ធំបំផុត ១ពាន់ដុល្លារ(១.០០០ដុល្លារ)យើងបង់ខ្លួនឯង ហើយថៅកែផាកផ្សេងទៀតអ្នកគ្រប់គ្រងក្រុមហ៊ុនម្នាក់ខ្ទង់ប៉ុន្មានម៉ឺនៗ អ៊ីចឹងទៅ ហើយបុគ្គលិក ៥០០ដុល្លារ៧០០ដុល្លារអស់ហើយ។ បើបុគ្គលិកអត់មានលុយបង់ តាមកន្លែងថៅកែអាណិតយើងអ៊ីចឹង ថៅកែចេញឱ្យ ហើយធ្វើការបន្តទៀត ហើយឱ្យកាត់ប្រាក់ខែយើងតិចៗ វាបើកឱ្យតែវាកាត់ ១០០ដុល្លារ២០០ដុល្លារ»។
ទាក់ទងនឹងរឿងនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ស រដ្ឋា បានបដិសេធអត្ថាធិប្បាយជុំវិញរឿងនេះ ដោយលោកប្រាប់ថា កំពុងជាប់ប្រជុំ។ ចំណែកអភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន និងអ្នកនាំពាក្យសាលាខេត្តនេះគឺលោក ឃាង ភារម្យ វិញ វិទ្យុអាស៊ីសេរីក៏មិនអាចទាក់ទង ដើម្បីសុំការបកស្រាយបាននៅឡើយទេ កាលថ្ងៃទី២៦ ខែមីនា។
របាយការណ៍ស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ (UN) ចេញផ្សាយកាលពីឆ្នាំ២០២៣ បង្ហាញថា មនុស្សប្រមាណ ១សែននាក់ កំពុងរងគ្រោះពីការបង្ខំឱ្យបម្រើការងារឆបោកតាមអនឡាញនៅកម្ពុជា។
ទាក់ទងទៅនឹងរឿងនេះ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា មានប្រសាសន៍ ប្រជាពលរដ្ឋខ្មែរមួយចំនួនគ្មានជម្រើស និងដោយសារកត្តាជីវភាពក្រីក្រ ទើបបម្រើការងារផ្នែកអនឡាញខុសច្បាប់ បើទោះបីជាពួកគាត់ដឹងថា ប្រឈមការចុះបង្ក្រាបយ៉ាងណាក្ដី។ លោកសង្កេតឃើញថា ក្រុមសមត្ថកិច្ចខេត្តព្រះសីហនុហាក់គ្មានឆន្ទៈដោះស្រាយបញ្ហាល្បែងអនឡាញនេះឱ្យមានប្រសិទ្ធភាពនោះទេ គឺដោយសារតែសមត្ថកិច្ចមិនបានស៊ើបអង្កេតពេញលេញលើមេខ្លោងធំៗ ដែលពាក់ព័ន្ធពីក្រោយនៃល្បែងតាមអនឡាញនេះ។
លោក ឌី ថេហូយ៉ា៖ «ការស៊ើបអង្កេតឱ្យមានការចូលរួមមានតម្លាភាព ប្រសិនការចូលរួមគ្មានតម្លាភាព ការចាត់វិធានការចាត់បែបម៉េច?មូលហេតុដែលខ្ញុំគិតថា ការចាត់វិធានការ ឬការអនុវត្តឱ្យមានតម្លាភាពហ្នឹងត្រូវបង្ហាញថា ធ្វើពិតប្រាកដអត់?ធ្វើនៅណាខ្លះ?ទីមួយត្រូវដឹងថា ក្រុមបណ្ដាញនៃអំពើជួញដូរមនុស្ស ឬឆបោកតាមអនឡាញជាអ្នកណាសិន។ នៅក្នុងប្រទេសមួយវាមិនដែលថា មិនអាចដឹងស្វែងរក ឬបញ្ជាក់អត្តសញ្ញាណថា ក្រុមណាបានទេ អ៊ីចឹងគ្រប់គ្រងប្រទេសម៉េចបាន ប្រទេសម៉េចមានសុវត្ថិភាព។ អាហ្នឹងត្រូវតែច្បាស់ក្នុងការបញ្ជាក់អត្តសញ្ញាណថា តើបណ្ដាញក្រុមហ្នឹងជាអ្នកណា ហើយអ្នកណានៅពីក្រោយខ្នង?»។
កន្លងទៅរដ្ឋាភិបាលនៃបណ្ដាប្រទេសមួយចំនួនដូចជា ប្រទេសថៃ (Thailand) ហ្វីលីពីន (Philippines) ម៉ាឡេស៊ី (Malaysia) និងប្រទេសឥណ្ឌា (India) ជាដើម តែងតែព្រមានដល់ពលរដ្ឋពួកគេឱ្យប្រុងប្រយ័ត្នអំពីការចាញ់ល្បួង តាមរយៈការឃោសនារើសបុគ្គលិកបម្រើការងាតាមអនឡាញនៅកម្ពុជា ដែលកុហកថា ទទួលបានប្រាក់ខែខ្ពស់។ ប៉ុន្តែពេលចូលបម្រើការងារជាក់ស្ដែង ខុសពីការពិត ហើយត្រូវបានថៅកែរឹតត្បិតសិទ្ធិសេរីភាព និងអាចឈានការបង្ខាំងធ្វើទារុណកម្មជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
